(ភ្នំពេញ)៖ មន្ដ្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបើកប្រតិបត្តិការបង្ក្រាបករណីការនាំចូល បង្គាក្លាសេ្សមានចាក់បញ្ជូលចាហ៊ួយបន្ថែម ដើម្បីបង្កើនទម្ងន់ដែលធ្វើឲ្យខាតបង់ផលប្រយោជន៍អ្នកប្រើប្រាស់ និងអាចប៉ះពាល់ដល់សុខភាព សរុបជាង៦តោន នៅលើរថយន្ដ២គ្រឿង។ ប្រតិបត្តិការនេះ ធ្វើឡើងនៅយប់ឈានចូលថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ប្រតិបត្តិការនេះ ធ្វើឡើងក្រោមការចង្អុលបង្ហាញពី លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ និងដោយមានការបញ្ជាផ្ទាល់ពីលោក ផាន អូន អគ្គនាយក នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប» ព្រមទាំងមានការសម្របសម្រួលពីតំណាងអយ្យការផងដែរ។
សមត្ថកិច្ចបានបញ្ជាក់ថា រថយន្តមួយគ្រឿង ស្ទាក់ចាប់បាននៅតាមបណ្តោយផ្លូវជាតិលេខ៣ ម្តុំទំនប់៧មករា និងរថយន្តមួយគ្រឿងទៀត ត្រូវបានស្ទាក់ចាប់នៅម្តុំទីតាំងលក់គ្រឿងសមុទ្រត្រឡោកបែក។ ភ្លាមៗមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋាន ក.ប.ប. បានធ្វើតេស្តបឋម លើបង្គាក្លាសេ្សដែលមានផ្ទុក ក្នុងរថយន្តទាំង២គ្រឿងខាងលើ នឹងបានរកឃើញមានការចាក់បញ្ជូលបន្ថែមចាហ៊ួយពិតប្រាកដមែន។
តាមការអះអាងបឋមពីអ្នកបើកបររថយន្តដឹកទំនិញ ទាំង២គ្រឿងនេះ បានឲ្យដឹងថា បង្គាក្លាសេ្ស សរុប៣០៧កេស បរិមាណប្រហែល៦តោនជាង មានប្រភពនាំតាមច្រកទ្វារអន្តរជាតិព្រែកចាក និងពុំមានឯកសារភ្ជាប់មកជាមួយទេ។
ដោយមានការឯកភាពពីព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ រថយន្ត និងវត្ថុតាង ត្រូវបានបញ្ជូនមកអគ្គនាយកដ្ឋាន ក.ប.ប ដើម្បីបន្តចាត់ការតាមនីតិវិធីច្បាប់។
មន្ដ្រីជំនាញបានអះអាងទៀតថា អគ្គនាយកដ្ឋាន ក.ប.ប. នឹងបន្តស្រាវជ្រាវ ស៊ើបអង្កេត និងអនុវត្តតួនាទីភារកិច្ច ដែលច្បាប់បានផ្តល់អាណត្តិឲ្យពាក់ព័ន្ធ នឹងគុណភាព សុវត្ថិភាព ទំនិញ និងសេវា និងកិច្ចការពារអ្នកប្រើប្រាស់ ដើម្បីការពារសុខភាព និងផលប្រយោជន៍អ្នកប្រើប្រាស់ និងសូមអំពាវនាដល់ប្រជាពលរដ្ឋ ចូលរួមសហការផ្តល់ព័ត៌មានក្នុងករណីមានការសង្ស័យពាក់ព័ន្ធការក្លែងបន្លំ គុណភាព សុវត្ថិភាព ទំនិញ និងសេវា៕