(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ទីរគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ បានរៀបចំ «ពិធីប្រកាសកែសម្រួល និងបំពេញបន្ថែមសមាសភាពក្បាលម៉ាស៊ីនដឹកនាំ រចនាសម្ព័ន្ធក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់ខណ្ឌ សង្កាត់ទាំង០៦ និងក្រុមសកម្មជនយុវជនសាខាបក្សភូមិ ក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ សរុបចំនួន៤២៤រូប។
ពិធីនេះត្រូវបានធ្វើឡើង ក្រោមអធិបតីភាព លោក នួន ផារ័ត្ន សមាជិកគណៈកម្មាធិការកណ្តាល អនុប្រធានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ, លោក វេង ថៃ អនុប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ តំណាងលោក ម៉ម ប៊ុនហេង ប្រធានក្រុមការងារចុះជួយខណ្ឌសែនសុខ, លោក ឃុត ចាន់ដារ៉ា សមាជិកតំណាងរាស្ត្រមណ្ឌលរាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ និងលោក ហួត ហៃ សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ និងជាអនុប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជារាជធានីភ្នំពេញ។
លោក ម៉ូវ ម៉ានិត ប្រធានគណៈកម្មាធិការគណបក្សខណ្ឌសែនសុខ ត្រូវបានគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា រាជធានីភ្នំពេញ ផ្តល់សេចក្តីទុកចិត្ត និងបានប្រគល់ភារកិច្ច ជាប្រធានក្រុមការងារយុវជនគណបក្សខណ្ឌសែនសុខ បន្ថែមលើមុខងារបច្ចុប្បន្ន។
ថ្លែងក្នុងឱកាសនោះ លោក នួន ផារ័ត្ន បាននាំនូវការ និងសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំគណបក្ស និងបានចូលរួមអបអរសាទរដល់ក្បាលម៉ាស៊ីន និងថ្នាក់ដឹកនាំយុវជនគណបក្សថ្មី ដែលត្រូវបានប្រកាសទទួលស្គាល់នៅក្នុងថ្ងៃនេះ ព្រមទាំងបានលើកឡើងបន្ថែមអំពីសិទ្ធិ តួនាទី ភារកិច្ចចម្បងៗ របស់ក្រុមការងារយុវជនគណបក្ស ក៏ដូចជាក្បាលម៉ាស៊ីនសកម្មជនយុវជនគណបក្ស ដើម្បីត្រៀមខ្លួន សម្រាប់ការបោះឆ្នោតនាពេលខាងមុខ តាមរយៈការរំលេចនូវកញ្ចប់សកម្មភាពការងារសំខាន់ៗចំនួន ០៥រួមមាន៖
*ទី១៖ ជាលក្ខខណ្ឌបឋម សកម្មជនយុវជនបក្សត្រូវតែជាសមាជិកបក្ស ដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត
*ទី២៖ ត្រូវរៀនសូត្រក្តាប់ឲ្យជាប់នូវឯកសារគ្រឹះនានារបស់គណបក្ស ជាពិសេសលក្ខន្តិកៈរបស់បក្ស កម្មវិធីនយោបាយរបស់បក្សដែលត្រូវ បានមហាសន្និបាត គណបក្សអនុម័តចុងក្រោយគេ គោលការណ៍ គោលនយោបាយ និងសេចក្តីសម្រេចចិត្តនានារបស់គណបក្ស ព្រមទាំងឯកសារស្តីពីប្រវត្តិ ស្នាដៃ សមិទ្ធផលធំៗ របស់គណបក្សដែលសម្រេចបានជូនជាតិមាតុភូមិ
*ទី៣៖ យុវជនគណបក្ស ត្រូវហ៊ានចេញមុខការពារគណបក្ស និងថ្នាក់ដឹកនាំគណបក្ស, តស៊ូមតិក្នុងសមរភូមិសាធារណៈមតិ, ផ្តល់ភាពយុត្តិធម៌ដល់គណបក្ស ថ្នាក់ដឹកនាំគណបក្ស, វាយបកលើការចោទប្រកាន់ពីមជ្ឈដ្ឋានអមិត្ត និងបញ្រ្ចាបកម្មវិធីនយោបាយរបស់បក្ស ទៅក្នុងស្រទាប់មហាជន ជាពិសេសយុវជន
*ទី៤៖ យុវជនគណបក្ស ត្រូវបណ្តុះ និងកសាង នូវភាពជាគំរូទាំងជីវិតការងារ និងជាគំរូនៅក្នុងការរស់នៅ
*ទី៥៖ ជួយគណបក្សថ្នាក់លើរបស់ខ្លួន ដោយប្រែក្លាយខ្លួនជាកម្លាំងស្នូល ក្នុងកម្លាំសរុបឆ្ពោះទៅរកការបោះឆ្នោតឆ្នាំ២០២២-២០២៣។
បន្ថែមពីនេះ លោកក៏បានសំណូមពរដល់ក្បាលម៉ាស៊ីន និងប្រធានក្រុមការងារយុវជនគណបក្សខណ្ឌ សង្កាត់ទាំង០៦ ត្រូវធ្វើការកសាង ពង្រឹង និងពង្រីកកម្លាំង (កសាងដល់ណា ពង្រឹងដល់នោះ) ព្រមទាំងរៀបចំវគ្គបណ្តុះបណ្តាលបំពាក់បំប៉ន, រៀបចំកិច្ចប្រជុំជីវភាពប្រចាំខែ, ធ្វើការចងក្រងបណ្តាញកម្លាំង ដើម្បីធ្វើសកម្មភាពតាមរយៈ Group Telegram Whatsapp Facebook ជាដើម។
ជាមួយគ្នានេះ លោក វេង ថៃ បាននាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ លោក ម៉ម ប៊ុនហេង ក្នុងការណែនាំដល់ក្បាលម៉ាស៊ីន និងថ្នាក់ដឹកនាំយុវជនគណបក្សថ្មីទាំងអស់ បានជ្រាបអំពីតួនាទី និងសារៈសំខាន់របស់ការងារយុវជន និងការចូលរួមរបស់យុវជន នៅក្នុងការទប់ស្កាត់ និងប្រយុទ្ធប្រឆាំងការរីករាលដាលជំងឺកូវីដ-១៩ ផងដែរ។
ក្នុងឱកាសនោះ លោក នួន ផារ័ត្ន ក្នុងនាមក្រុមការងារយុវជនគណបក្សរាជធានីភ្នំពេញ បានឧបត្ថម្ភ ក្រុមការងារយុវជនគណបក្សខណ្ឌ ចំនួន២លានរៀល និងសង្កាត់១លានរៀល (៦សង្កាត់) សរុប៨លានរៀល, លោគ វេង ថៃ បាននាំថវិកាឧបត្ថម្ភរបស់លោក ម៉ម ប៊ុនហេង ឧបត្ថម្ភជូនក្រុមការងារ យុវជនគណបក្សសង្កាត់ ក្នុងមួយសង្កាត់ថវិកា១លានរៀល សរុប៦លានរៀល និងលោក ម៉ូវ ម៉ានិត បានឧបត្ថម្ភជូនក្រុមការងារយុវជនគណបក្សសង្កាត់ ក្នុងមួយសង្កាត់ថវិកា១លានរៀល សរុប៦លានរៀល៕