(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី៦ ខែកុម្ភ: ឆ្នាំ២០២១នេះ លោក ធឹម សំអាន អភិបាលខណ្ឌបឹងកេងកង បានអញ្ជើញជួបសំណេះសំណាលគ្នាជាមួយបងប្អូនប្រជាជន ដែលជាអាជីវករប្រកបមុខរបរលក់ដូរទំនិញ ឬអីវ៉ាន់ និងគ្រឿងបរិភោគនៅលើចិញ្ចើមផ្លូវសាធារណ: ស្ថិតនៅតាមបណ្ដោយផ្លូវ៤៣០ និងបណ្ដោយផ្លូវ៤០២ ក្នុងសង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ក៏មានការអញ្ជើញចូលរួមពីលោក លោកស្រីអភិបាលរងខណ្ឌ ចៅសង្កាត់ទំនប់ទឹក ប្រធានការិយាល័យ លោកមេប៉ុស្ដិ៍សង្កាត់ទំនប់ទឹក និងបងប្អូនអាជីវករលក់ដូរទាំងអស់ នៅក្នុងបណ្ដោយផ្លូវខាងលើមកចូលរួមស្ដាប់ការណែនាំពីសំណាក់លោកអភិបាលខណ្ឌ។
លោក ធឹម សំអាន បានណែនាំទៅដល់បងប្អូនអាជីវករលក់ដូរទាំងអស់ ដោយស្នើឲ្យលក់ដូរមានរបៀបរៀបរយសណ្ដាប់ធ្នាប់ល្អ ចៀសវាងការប៉ះពាល់ដល់សណ្ដាប់ធ្នាប់សាធារណៈ ខូចសោភ័ណភាពទីក្រុង និងមានភាពងាយស្រួល ដល់បងប្អូនប្រជាពលរដ្ឋធ្វើដំណើរទាំងថ្មើរជើង និងដោយយានជំនិះនានាផងដែរ។
ជាមួយគ្នានេះ អភិបាលខណ្ឌបឹងកេងកងជឿជាក់ថា ចំពោះបងប្អូនអាជីវករលក់ដូរទាំងអស់ នឹងមានការទទួលខុសត្រូវខ្ពស់ ចំពោះខ្លួនឯងក្រោយពីមានការណែនាំក្នុងការលក់ដូរនៅតាមដងផ្លូវ ដើម្បីទីក្រុងស្អាតមានសណ្ដាប់ធ្នាប់ របៀបរៀបរយល្អ សុវត្ថិភាពផងដែរពោលគឺទីក្រុងស្អាតគឺផ្ដើមចេញពីយើងទាំងអស់គ្នា៕