(ព្រៃវែង)៖ លោក ជា សុមេធី អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តព្រៃវែង កាលពីរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១ បានដឹកនាំកិច្ចប្រជុំរៀបចំផែនការ ដាក់ពង្រាយកម្លាំងតាមបន្ទាត់ព្រំដែនកម្ពុជា-វៀតណាម ស្ថិតក្នុងខេត្តព្រៃវែង ដើម្បីទប់ស្កាត់ការឆ្លងដែនដោយខុសច្បាប់ និងការធ្វើដំណើរចេញចូល ការពារជំងឺកូវីដ-១៩ តាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា។

កិច្ចប្រជុំនេះ ក៏មានការចូលរួមពីលោកអភិបាលរងខេត្ត នាយក (រង) រដ្ឋបាលសាលាខេត្ត នាយកទីចាត់ការសាលាខេត្ត ស្នងការនគរបាលខេត្ត មេបញ្ជាការវរៈនគរបាលការពារព្រំដែនគោក៦០៧ មេបញ្ជាការកងរាជអាវុធហត្ថ អភិបាលក្រុង/ស្រុកទាំង១៣ ប្រធានមន្ទីរ អង្គភាពពាក់ព័ន្ធជុំវិញខេត្តផងដែរ។

ក្នុងឱកាសនោះ លោក ជា សុមេធី បានដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

គួរជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជា ម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឲ្យទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក។

សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះ។ សម្តេចតេជោ បានបញ្ជា ឲ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។ តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០២០ ដោយមិនធ្វើ ឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ៕