(ស្វាយរៀង)៖ អនុវត្តតាមបទបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងទិសដៅទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត បានដឹកនាំក្រុមការងារចុះពិនិត្យស្ថានភាព តាមនៅបណ្តាប៉ុស្តិ៍ការពារព្រំដែន និងច្រកទ្វារព្រំដែន ក្នុងភូមិសាស្ត្រក្រុងបាវិត។
ក្នុងនោះរួមមាន៖ ច្រកការពារព្រំដែនធ្លក, ច្រកការពារព្រំដែនកំពង់ស្ពាន, ច្រកទ្វាព្រំដែនអន្តរជាតិបាវិត។ លោក ម៉ែន វិបុល ក៏បានចុះពិនិត្យទីតាំងបន្ទប់ដាក់ម៉ាស៉ីនវាស់កំដៅ ពេលភ្ញៀវឆ្លងកាត់ និងជួបសំណេះសំណាលជាមួយកងកម្លាំងវរសេនាតូចការពារព្រំដែន ដើម្បីពង្រឹងវិធានការបង្ការទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ-១៩។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានធ្វើការកោតសរសើរចំពោះមន្ត្រីចត្តាឡីស័ក សមត្ថកិច្ច និងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានអនុវត្តតួនាទី ក្នុងការការពារសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់នៅតាមព្រំដែន និងការពង្រឹងកិច្ចសហប្រតិបត្តិការល្អប្រសើរ ជាមួយភាគីវៀតណាម ក្នុងការសម្របសម្រួល លើការដឹកជញ្ជូន និងផ្លាស់ប្តូរទំនិញឆ្លងកាត់ព្រំដែន បញ្ចៀសបាននូវការកកស្ទះ ជាមួយការប្រកាន់ខ្ជាប់នូវការអនុវត្តតាមវិធានការក្រសួងសុខាភិបាល បានយ៉ាងល្អប្រសើរ។
លោក ម៉ែន វិបុល បានធ្វើការផ្ដាំផ្ញើដល់អាជ្ញាធរដែនដី កងកម្លាំង និងមន្ត្រីពាក់ព័ន្ធទាំងអស់ ត្រូវបន្តពង្រឹងការចេញល្បាតតាមភូមិសាស្ត្រខ្សែបន្ទាត់ព្រំដែន ដើម្បីបង្ការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ហើយក្នុងករណីមានប្រជាពលរដ្ឋឆ្លងដែនចូលមកកម្ពុជា ត្រូវធ្វើចត្តាឡីស័កជាដាច់ខាត នៅទីតាំងដែលរដ្ឋបាលខេត្ត បានរៀបចំរួចជាស្រេច ដោយមិនត្រូវឲ្យនណាម្នាក់ឆ្លងកាត់ព្រំដែនដោយមិនបានត្រួតពិនិត្យ និងមិនបានធ្វើចត្តាឡីស័កនោះទេ ជារួមគឺត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។
ជាមួយនេះ លោកអភិបាលខេត្ត ក៏អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តប្រុងប្រយ័ត្ន និងការពារខ្លួនជានិច្ចពីជំងឺកូវីដ-១៩ ដោយត្រូវប្រកាន់ខ្ជាប់នូវអនាម័យឧស្សាហ៍លាងសម្អាតដៃ ជាមួយសាប៊ូ ជែល ឬអាល់កុលជាប្រចាំ ហើយសូមកុំធ្វើដំណើរឆ្លងដែន បើមិនមានការចាំបាច់។
សូមបញ្ជាក់ថា ដើម្បីពង្រឹងវិធានការត្រួតពិនិត្យការចេញចូល ជាពិសេសការទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ ក្នុងគោលដៅបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ រដ្ឋបាលខេត្តបានរៀបចំគោលដៅប្រចាំការ និងល្បាតការពារនៅតាមខ្សែបន្ទាត់ព្រំដែន ចំនួន៥៨គោលដៅ បន្ថែមទៀតផងដែរ៕