(ភ្នំពេញ)៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី និងជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបញ្ជាឱ្យតាមចាប់ ម្ចាស់រថយន្តដឹកអង្ករខ្នាតធំ ដែលបានបើកបរធ្វើឱ្យខូចខាតស្ពានអ្នកលឿង «ស្ពានត្សឹបាសា» នាថ្មីៗនេះ។ ការដាក់បទបញ្ជានេះ បានធ្វើឡើងនៅក្នុងសន្និបាត បូកសរុបលទ្ធផលការងាររបស់ក្រសួងមហាផ្ទៃ នារសៀលនេះតែម្តង។
សូមបញ្ជាក់ថា កាលវេលាម៉ោង១២យប់ចូលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ មានរថយន្តទម្ងន់ជាង៧០តោនមួយគ្រឿង បានបើកបរឆ្លងកាត់ផ្លូវជាតិលេខ១ ឡើងស្ពាន ដោយឡើងមិនរួចក៏រអិលថយក្រោយវិញ ហើយវាបានបំផ្លាញសាច់កៅស៊ូលើស្ពាន។
រថយន្តដឹកអង្ករមួយគ្រឿងនោះ ពាក់ស្លាកលេខ ខេត្តតាកែវ 3A-1743 មានថៅកែឈ្មោះចក់ និង ចែមុំ នៅតំបន់អ្នកលឿង ក្នុងរថយន្តនេះផ្ទុកអង្ករខ្សាយ និងអង្ករដំណើប សរុបជាង៧០តោន ដោយដឹកអង្ករនេះចេញពីព្រំដែន ប្រទេសវៀតណាម ឆ្លងកាត់កម្ពុជា ទៅលក់នៅប្រទេសថៃ៕