(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ បានសម្រេចបង្កើតក្រុមការងារ ដើម្បីសម្របសម្រួល ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនកងទ័ពក្នុងកងយោធពលខេមរភូមិន្ទ និងគ្រួសារកងទ័ព។ នេះបើយោងតាមសេចក្តីសម្រេចរបស់ សម្តេចពិជ័យសេនា ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១។

ការសម្រេចបង្កើតក្រុមការងារនេះ បានធ្វើឡើងបន្ទាប់ពីរដ្ឋាភិបាលចិន សម្រេចផ្តល់ជំនួយវ៉ាក់សាំងស៊ីណូហ្វាម ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស ដែលនឹងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ ស្អែកនេះ។ វ៉ាក់សាំងនេះ នឹងចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកផ្តល់សេវាចាំបាច់មួយចំនួន។

ចំពោះកិច្ចការងារដ៏សំខាន់មួយនេះ សម្តេចពិជ័យសេនា ទៀ បាញ់ បានសម្រេចប្រគល់តួនាទី ជាប្រធានក្រុមការងារជូន នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ ជាអ្នកទទួលរ៉ាប់រងចំពោះកិច្ចការងារមួយនេះ ព្រមទាំងមានអនុប្រធាន និងសមាជិកចំនួន ២៤រូប។

ភ្លាមៗនៅព្រឹកថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ នាង ផាត បានដឹកនាំក្រុមការងារបើកកិច្ចប្រជុំជាបន្ទាន់ ដើម្បីធ្វើយ៉ាងបំពេញភារកិច្ចដ៏សំខាន់មួយនេះឱ្យទទួលបានជោគជ័យ និងសាកសមអ្វីដែលថ្នាក់ដឹកនាំបានផ្តល់ទំនុកចិត្ត។

ក្រុមការងារនេះមានតួនាទី និងភារកិច្ចរួមមាន៖

* គ្រប់គ្រង និងសម្របសម្រួល ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំងកូវីដ-១៩
* ធ្វើជាសេនាធិការដ្ឋានជូនក្រសួងការពារជាតិ
* រៀបចំផែនការ សកម្មភាព និងកម្មវិធីការងារចុះចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមកងឯកភាព
* បំប៉នជំនាញបច្ចេកទេស លើកកម្ពស់សមត្ថភាពក្រុមគ្រូពេទ្យជំនាញចាក់វ៉ាក់សាំងកូវីដ-១៩
* លើកគម្រោងថវិកា សម្រាប់ដំណើរការ ទទួល ទុកដាក់ ប្រើប្រាស់ និងចាក់វ៉ាក់សាំង
* ធ្វើរបាយការណ៍លទ្ធផលការងាររាយការណ៍ជូនរដ្ឋមន្ត្រីក្រសួងការពារជាតិ
* ធ្វើការមួយចំនួនទៀត តាមការប្រគល់ជូនរបស់រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ក្រុមការងារនេះ បង្កើតលេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសមួយចំនួន ជាសេនាធិការសម្របសម្រួលការងារប្រចាំថ្ងៃ សមាសភាព និងតួនាទីភារកិច្ចរបស់លេខាធិការដ្ឋាន និងក្រុមការងារបច្ចេកទេសនេះ ត្រូវកំណត់ដោយសេចក្តីសម្រេចដល់ប្រធានក្រុមការងារ។

តាមរយៈកិច្ចប្រជុំពេញនេះ នាយឧត្តមសេនីយ៍ នាង ផាត បានសម្រេចបង្កើតក្រុមលេខាធិការដ្ឋាន និងក្រុមបច្ចេកទេសមួយចំនួនដែលជាសេនាធិការក្នុងការសម្របសម្រួលការងារប្រចាំថ្ងៃ។

បន្ថែមពីនេះ ករណីចាក់វ៉ាក់សាំងកូវីដ-១៩ លើកទី១ និងមានការងារជាបន្តបន្ទាប់ទៅមុខទៀតតាមជំហានៗ៕