(តាកែវ)៖ ស្នងការនគរបាលខេត្តតាកែវ លោកឧត្តមសេនីយ៍ទោ សុខ សំណាង នៅរសៀលថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ បានបន្ដប្រជុំដាក់ផែនការបន្ទាន់ភ្លាមៗ ដល់កងកម្លាំងនគរបាលទាំងអស់ ជាពិសេសនគរបាលវរការពារ ព្រំដែន ដើម្បីទប់ស្កាត់ការនាំចូលជំងឺកូវីដ-១៩ ពីប្រទេសវៀតណាម ព្រមទាំងប្រជុំបូកសរុបសភាពការណ៍ លទ្ធផលកិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែមករា ឆ្នាំ២០២១ លើកទិសដៅអនុវត្តបន្តខែកុម្ភៈ ឆ្នាំ២០២១ និងសេចក្តីណែនាំលេខ ០០៣សណន របស់អគ្គស្នងការដ្ឋាននគរបាលជាតិ និងសេចក្តីណែនាំលេខ ២៣៩សណន របស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ស្តីពីកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ សុវត្ថិភាពសង្គម ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីរបស់ប្រជាជនចិន និងវៀតណាម។

ការប្រជុំដាក់ផែនការជាបន្ដបន្ទាប់នេះ គឺគោរពតាមបទបញ្ជារបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងនាយឧត្តមសេនីយ៍សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ដើម្បីទប់ស្កាត់ការលួចឆ្លងដែន ពីប្រទេសវៀតណាម ខណៈប្រទេសវៀតណាមកំពុងផ្ទុះជំងឺកូវីដ-១៩ សារជាថ្មី។

នៅ សាល ប្រជុំ ស្នងការដ្ឋាននគរបាលខេត្តតាកែវ ក៏ដោយមានការចូលរួមពី លោក លោកស្រី ឧត្តមសេនីយ៍ត្រី វរសេនីយ៍ ស្នងការរង លោក នាយការិយាល័យជំនាញ ទាំង៣២ លោកមេបញ្ជាការវរសេនាតូចនគរបាល ការពារព្រំដែនគោកលេខ៦០៣ លោកអធិការ នគរបាលគ្រប់ស្រុកក្រុង លោកនាយប៉ុស្តិ៍ នគរបាល ការពារព្រំដែនទាំង១១ លោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំ-សង្កាត់ទាំង១០០ និងមន្រ្តីពាក់ព័ន្ធសរុបចំនួន ១៧៥នាក់ ស្រី០១នាក់។

ថ្លែងក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បញ្ជាកម្លាំងនគរបាលវរការពារព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំ ឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។

ក្រៅពីនេះ លោកឧត្តមសេនីយ៍ទោ សុខ សំណាង បានក្រើនរំលឹក និងណែនាំកងកម្លាំងនគរបាលទាំងអស់ ត្រូវខិតខំថែរក្សាសុខភាព និងអនុវត្តតាមវិធានរបស់ក្រសួងសុខាភិបាល ឲ្យបានម៉ឺងម៉ាត់ដើម្បីការពារ ទប់ស្កាត់ជំងឺកូវីដ-១៩។

គួរជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជា ម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់ អាវុធផងដែរ ឲ្យទប់ស្កាត់កុំឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឲ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។

សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក៕