(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ នៅថ្ងៃពុធនេះ បានអនុញ្ញាតឱ្យប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ចូលជួបសំណេះសំណាលជាមួយសកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ នៅក្នុងពន្ធនាគារ តាមសំណើហើយ។

តាមលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ ដែលចេញនៅថ្ងៃទី២៤ ខែកុម្ភៈនេះ បានឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធនាគារ អនុញ្ញាតចូលជួបសួរសុខទុក្ខចំនួន ១ថ្ងៃ នៅក្នុងខែកុម្ភៈ ឆ្នាំ២០១៦នេះ ប៉ុន្តែមិនតម្រូវឱ្យមានការថតរូប ថតសម្លេង និងសម្ភាសន៍ជាសម្ងាត់ជាមួយជនជាប់ឃុំឡើយ។

សូមបញ្ជាក់ថា ចំពោះរឿងនេះ គណបក្សសង្រ្គោះជាតិ នាថ្មីៗកន្លងទៅ មិនបានជំទាស់ទៅនឹង ការចូលសួរសុខទុក្ខដល់សកម្មជនរបស់ខ្លួន ពីសំណាក់ប្រធានគណបក្សយុវជននេះនោះទេ។ ទោះជាយ៉ាណា កាលពីថ្ងៃទី១៨ ខែកុម្ភៈ នៅលើទំព័រ Facebook លោក មាជ សុវណ្ណារ៉ា បានផ្សព្វផ្សាយថា សកម្មជនគណបក្សសង្រ្គោះជាតិ១៥នាក់ ដែលជាប់ឃុំនៅពន្ធនាគារព្រៃស បានបដិសេធ មិនទទួលយកការចុះសួរសុខទុក្ខពីមេបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ ឡើង។

Facebook នោះក៏បានផ្សព្វផ្សាយដែរថា មូលហេតុដែលពួកគេបដិសេធមិនជួប លោក ពេជ្រ ស្រស់ ដោយសារតែការបារម្ភពីមេបក្សថ្មី ដែលធ្លាប់តែរិះគន់បក្សសង្គ្រោះជាតិនោះ យកទៅពន្យល់និងបកស្រាយខុសពីគំនិត និងទស្សនៈនយោបាយរបស់ពួកគាត់ នៅមជ្ឈដ្ឋានសាធារណៈខាងក្រៅ៕

ខាងក្រោមនេះជាលិខិតរបស់អគ្គនាយកដ្ឋានពន្ធនាគារ៖