(ពោធិ៍សាត់)៖ អគារសិក្សាសាលាបឋមសិក្សាកែវវិជ័យ មួយខ្នង ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង បណ្ដាលឱ្យងាប់គោ ចំនួន០២ក្បាល និងរងរបួសស្រាល លោក នាយកសាលាបឋមសិក្សាកែវវិជ័យ ម្នាក់។

ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង ០៨ និង៣០នាទីយប់ ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឱ្យដឹងថា អគារសិក្សាដែលត្រូវអគ្គិភ័យលេបត្របាក់នោះ សង់ពីឈេីប្រក់គ្បឿង ជញ្ជាំងក្តារ ដែលមានទំហំ ៦ម៉ែត្រx៣២ម៉ែត្រមានចំនួន០៤បន្ទប់ ស្ថិតនៅក្នុងភូមិកែវវិជ័យ ឃុំកណ្តៀង ស្រុកកណ្តៀង ខេត្តពោធិ៍សាត់។

សេចក្តីរាយការណ៍បន្តថា ក្នុងហេតុការណ៍នោះ បណ្ដាលឱ្យងាប់គោ ចំនួន០២ក្បាល និងរងរបួសស្រាល លោក នាយកសាលាបឋមសិក្សាកែវវិជ័យ ឈ្មោះ អ៊ុយ លាងហាក់ ភេទប្រុស អាយុ៤៨ឆ្នាំ ដែលកំពុងស្នាក់នៅប្រចាំការ។

ករណីនេះ ត្រូវបានគេដាក់ការសន្និដ្ឋានថា គឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ ក្នុងនោះសមត្ថកិច្ច បានចេញអន្តរាគមន៍រថយន្តពន្លត់អគ្គីភ័យ ចំនួន០២គ្រឿង របស់អធិការដ្ឋាននគរបាលស្រុកកណ្តៀង និងស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដោយប្រេីប្រាស់ទឹកអស់ចំនួន០៥ឡាន ទេីបគ្រប់គ្រងស្ថានការបានទាំងស្រុង។

គួរបញ្ជាក់ថា កាលពីរសៀល ថ្ងៃខែឆ្នាំដដែល ក៏មានករណីអគ្គីភ័យមួយ បានលេបត្របាក់ផ្ទះអាជីវករទិញអេតចាយ មួយខ្នង ស្ថិតក្នុងភូមិវត្តជ្រែ ឃុំបឹងខ្នារ ស្រុកកាន ខេត្តពោធិ៍សាត់ បណ្ដាលឱ្យខូចខាតសម្ភារៈទាំងស្រុង តែមិនបណ្ដាលរងរបួសមនុស្សឡើយ៕