(បន្ទាយមានជ័យ)៖ រដ្ឋបាលកម្ពុជា និងរដ្ឋបាលថៃ បានជួបប្រជុំពង្រឹងសហប្រតិបត្តិការ រវាងអាជ្ញាធរជាប់ព្រំដែន ដើម្បីរួមគ្នាទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែន នៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និងស្រុកអារញ្ញប្រាថេប ខេត្តស្រះកែវ នៅរសៀលថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ នៅសាលាក្រុងប៉ោយប៉ែត។
គណ:ប្រតិភូកម្ពុជា លោកង៉ោ ម៉េងជ្រួនអភិបាលក្រុងប៉ោយប៉ែត និងគណៈប្រតិភូថៃដឹកនាំដោយលោក ណាត់ថាឆៃ សុខសាន់ទិ អភិបាលស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ និងមន្ត្រីក្រោមឱវាទនៃ ស្រុកក្រុងទាំង២ជាច្រើនរូប។ កិច្ចប្រជុំផ្តោតទៅលើបញ្ហាគ្រឿងញៀន ឆ្លងដែន ទំនិញគេចពន្ធ និងការឆ្លងដែនខុសច្បាប់ ។ ក្នុងជំនួបពិភាក្សានេះភាគី កម្ពុជាបានស្នើរលើគោលការចំនួន៣ចំណុចធំៗ ទៅភាគីថៃទី១. សុំឲ្យអាជ្ញាធរថៃ មានការយោគយល់ដល់អាជីវករ ខ្មែរលក់ដូរ នៅផ្សាររុងក្លឿ ទី២. រួមគ្នាទប់ស្កាត់បទល្មើស តាមបន្ទាត់ព្រំដែន និងពលករ ចំណាកស្រុកខុសច្បាប់ និងទី៣. ចង់ឲ្យពលរដ្ឋ មកពីបណ្តាខេត្តផ្សេងៗ ក៏ដូចជា អ្នកក្រុងប៉ោយប៉ែត ចេញចូលទៅផ្សាររុងក្លឿ ដោយប្រើត្រឹមតែអត្តសញ្ញាណប័ណ្ណ និងទិញសំបុត្រ១០ បាតឬ១០០០រៀល អាចចេញចូលបានពេញ១ថ្ងៃ ដូចកាលពីមុនមិនចាំបាច់ ប្រើកាតអន្តោប្រវេសន៍ឆ្លងដែន Immigration Card ឬបណ្ណលិខិតឆ្លងដែនBorder pass។
តាមកម្មវិធីក្រោយពីកិច្ចប្រជុំចប់ភាគីទាំងពីរ នឹងធ្វើការប្រកួតបាល់ទាត់មិត្តភាពរវាងមន្រ្តីរាជការ កងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទនៃក្រុងស្រុកទាំងពីរ រួចចប់បន្តពិសារអាហារសាមគ្គីពេលល្ងាច ៕