(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។

អ្នកឆ្លងថ្មី២នាក់ ដែលទើបរកឃើញនេះរួមមាន៖

១៖ បុរសជនជាតិឥណ្ឌូនេស៊ី អាយុ៣១ឆ្នាំ ស្នាក់នៅសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ជាអ្នកធ្វើដំណើរមកពីប្រទេសឥណ្ឌូនេស៊ី បន្តជើងហោះហើរនៅប្រទេសិង្ហបុរី មកដល់កម្ពុជា នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១។ លទ្ធផលធ្វើតេស្តវត្ថុសំណាកលើកទី០២ របស់បុរសរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅ មជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន ៧២នាក់ ដែលនៅក្នុងចំនួននេះមាន បុគ្គលខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៧១នាក់ ដែលមានលទ្ធផល តេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន ១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញចំនួន ០១នាក់ សណ្ឋាគារមួយទៀតចំនួន០៨នាក់ និងសណ្ឋាគារមួយផ្សេងទៀតចំនួន ៦២នាក់។

២៖ ស្ត្រីជនជាតិខ្មែរ អាយុ៥០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្ដាល ជាអ្នកធ្វើដំណើរមកពីប្រទេសស្វីស បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លទ្ធផលធ្វើតេស្តវត្ថុសំណាករបស់ស្ត្រីរូបនេះ ផ្តល់ដោយវិទ្យាស្ថានជាតិសុខភាពសាធារណៈ នៃក្រសួងសុខាភិបាល គឺវិជ្ជមានវីរុសកូវីដ-១៩ ហើយបច្ចុប្បន្នអ្នកជំងឺត្រូវបានដាក់ឱ្យសម្រាកព្យាបាល នៅមជ្ឈមណ្ឌលជាតិកម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមកត់សម្គាល់ថា៖ អ្នកដំណើរតាមយន្តហោះជាមួយអ្នកជំងឺខាងលើ សរុបមានចំនួន៥៣នាក់ ដែលនៅក្នុងចំនួននេះ មានស្ត្រីខាងលើនេះផងដែរ។ រីឯ អ្នកដំណើរចំនួន ៥២នាក់ ដែលមានលទ្ធផលតេស្តអវិជ្ជមានវីរុសកូវីដ-១៩ នោះ ត្រូវបានដាក់ឱ្យធ្វើចត្តាឡីស័កចំនួន១៤ថ្ងៃ នៅសណ្ឋាគារ មួយក្នុងរាជធានីភ្នំពេញចំនួន ២០នាក់ និងសណ្ឋាគារមួយទៀត ចំនួន ៣២នាក់។

ចំណែកអ្នកជាសះស្បើយម្នាក់វិញ គឺជាបុរសជនជាតិខ្មែរអាយុ ៧០ឆ្នាំ មានអាសយដ្ឋានស្នាក់នៅ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញជាអ្នក ដំណើរមកពីសហរដ្ឋអាមេរិក បន្តជើងហោះហើរនៅប្រទេសសិង្ហបុរី មកដល់កម្ពុជានៅថ្ងៃទី ២០ ខែមករា ឆ្នាំ២០២១។ បុរសរូបនេះត្រូវបានព្យាបាលជាសះស្បើយ ដោយទទួលបានលទ្ធផលតេស្ត អវិជ្ជមានវីរុសកូវីដ-១៩ ចំនួន០២លើក ត្រូវ បានអនុញ្ញាតឱ្យចេញពីមជ្ឈមណ្ឌលជាតិ កម្ចាត់រោគរបេង និងហង់សិន រាជធានីភ្នំពេញ។

សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ១៩ សរុបចំនួន៤៧២នាក់ ក្នុងនោះអ្នកជំងឺ ៤៥៣នាក់ព្យាបាលជាសះស្បើយ និងអ្នកជំងឺ១៩នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕