(ភ្នំពេញ)៖ ដំណឹងចុងក្រោយពីខាងក្រុមហ៊ុនផលិតវ៉ាក់សាំងស៊ីណូហ្វាម បានឱ្យដឹងថា វ៉ាក់សាំងដែលនឹងបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ មានត្រឹម ៣០ម៉ឺនដូសសិនប៉ុណ្ណោះ មិនមែន ៦០ម៉ឺនដូសដូចការផ្សព្វផ្សាយនាពេលកន្លងទៅនោះឡើយ។

ក្រសួងសុខាភិបាលតាមរយៈសេចក្តីប្រកាសព័ត៌មាននៅយប់ថ្ងៃទី០៥ ខែកុម្ភៈ នេះ បានបញ្ជាក់ថា «រដ្ឋាភិបាលចិន នឹងផ្តល់ជាជំនួយវ៉ាក់សាំងចំនួន ៣០០.០០០ដូស និងសេរ៉ាំងចំនួន ៣០០.៨០០ ដែលនឹងមកដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅថ្ងៃទី ០៧ ខែកុម្ភៈ ឆ្នាំ២០២១»។

ក្រសួងសុខាភិបាល បានបញ្ជាក់ដែរថា នៅក្នុងលិខិតជូនដំណឹងពីខាងក្រុមហ៊ុន បានបញ្ជាក់ផងដែរថា អាយុដែលអាចចាក់បាន គឺមានពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំ ហើយអ្នកដែលមានអាយុលើសពី ៦០ឆ្នាំ ត្រូវរង់ចាំលទ្ធផលនៃការសិក្សា សិន។

ក្រសួងបានបញ្ជាក់ទៀតថា ដោយមានការឯកភាពពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា លើរបាយការណ៍ប្រជុំបន្ទាន់របស់ក្រុមការងារអន្តរក្រសួងគ្រប់គ្រងការអនុវត្តយុទ្ធសាស្ត្រ និងកិច្ចប្រតិបត្តិការចាក់វ៉ាក់សាំងកូវីដ-១៩ ការចាក់វ៉ាក់សាំងកូវីដ-១៩ ជូន សម្ដេចតេជោ និងឥស្សរជនជាន់ខ្ពស់ អមដំណើរ ដែលមានអាយុចាប់ពី ៦០ឆ្នាំឡើង ដែលគ្រោងធ្វើនៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ត្រូវបានលុបចោល។

រីឯដំណើរការយុទ្ធនាការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅសម្រាប់តែអ្នកដែលមានអាយុចាប់ពី ១៨ឆ្នាំ ទៅ ៥៩ឆ្នាំវិញ ទៅតាមក្រុមអាទិភាពដែលមានចែងនៅក្នុងពិធីសារសម្រាប់យុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ (ទៅ តាមការកែសម្រួលខ្លឹមសារពិធីសារនេះ)។ ក្រោយពីបានចុះឈ្មោះចាក់វ៉ាក់សាំងដោយស្ម័គ្រចិត្ត តាមប្រព័ន្ធអនឡាញ ដែលនឹងត្រូវដាក់ឱ្យប្រើប្រាស់នៅសប្តាហ៍ក្រោយនេះ ដោយការចាក់វ៉ាក់សាំងនេះ នឹងប្រព្រឹត្តទៅនៅតាមមន្ទីរ ពេទ្យរដ្ឋ (ថ្នាក់ជាតិ ខេត្ត និងស្រុក) ទៅតាមពេលវេលានឹងជម្រាបជូនតាមក្រោយទៀត។

រីឯការទទួលវ៉ាក់សាំងកូវីដ-១៩ ដែលដឹកជញ្ជូនមកពីសាធារណរដ្ឋប្រជាមានិតចិន ក្រោមអធិបតីភាពសម្តេចតេជោ ហ៊ុន សែន គឺនៅទទួលដដែល នារសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ៕