(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រកាសថា សម្តេចនឹងមិនចាក់វ៉ាក់សាំងស៊ីណូហ្វាម នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នោះឡើយ។
សម្តេចតេជោ បានបញ្ជាក់ថា ការមិនចាក់នេះដោយសារវ៉ាក់សាំងនេះ ឱ្យចាក់ក្នុងចន្លោះអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំប៉ុណ្ណោះ ដោយឡែកសម្តេចអាយុ ៦៨ឆ្នាំហើយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់នៅលើទំព័រ Facebook នៅល្ងាចថ្ងៃទី០៥ ខែកុម្ភៈ យ៉ាងដូច្នេះថា «ខ្ញុំទើបបានទទួលព័ត៍មានតាមរយៈក្រសួងសុខាភិបាល ដែលបានទទួលលិខិតផ្លូវការពីការិយាល័យនៃទីប្រឹក្សាសេដ្ឋកិច្ចនិងពាណិជ្ជកម្មប្រចាំស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលបញ្ជាក់ថាវ៉ាក់សាំងឈ្មោះសុីណូហ្វាម (Sinopharm) ចាក់បានតែមនុស្សមានអាយុពី ១៨ឆ្នាំ ទៅ៥៩ឆ្នាំតែប៉ុណ្ណោះ»។
សម្តេចតេជោ បានបន្ថែមថា «សម្រាប់ខ្ញុំដែលមានអាយុជាង៦៨ឆ្នាំទៅហើយមិនទាន់អាចចាក់បានទេ។ ដូចនេះគម្រោងចាក់វ៉ាក់សាំងដែលគ្រោងចាក់នៅថ្ងៃទី១០ កុម្ភៈ ២០២១ នៅមន្ទីរពេទ្យកាល់ម៉ែត្រ នឹងត្រូវលុបចោល អាស្រ័យដោយទាំងខ្ញុំទាំងមន្ត្រីជាន់ខ្ពស់ផ្សេងទៀតភាគច្រើន មានអាយុលើសពី ៦០ឆ្នាំទៅហើយមិនអាចចាក់បានទេ»។
សូមបញ្ជាក់ថា វ៉ាក់សាំងស៊ីណូហ្វាមជាជំនួយរបស់ចិន ប្រមាណ ៦០ម៉ឺនដូស ក្នុងចំណោម ១លានដូស នឹងមកដល់ប្រទេសកម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។ វ៉ាក់សាំងនេះ នឹងចាក់ជូនក្រុមគ្រូពេទ្យ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកផ្តល់សេវាចាំបាច់មួយចំនួន៕