(បន្ទាយមានជ័យ)៖ សមត្ថកិច្ចឃាត់ខ្លួនក្រុមក្មេងទំនើងចំនួន៤នាក់ ដែលតែងតែធ្វើសកម្មភាពកាប់បំផ្លាញ និងអុកឡុកប្រជាពលរដ្ឋរស់នៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ សកម្មរបស់ក្មេងទំនើងទាំងនេះបានធ្វើឱ្យ ប្រជាពលរដ្ឋមានការភ័យខ្លាចខ្លាំងពីសុវត្ថិភាពរបស់ពួកគាត់នៅក្នុងមូលដ្ឋាន។
ប្រតិបត្តិការបង្ក្រាប ក្រុមក្មេងទំនើងទាំង៤នាក់នេះ បានធ្វើឡើងនៅវេលាម៉ោង២ល្ងាច នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
បើតាមលោកវរសេនីយ៍ឯក សៅ សារឿន អធិការនគរបាលក្រុងប៉ោយប៉ែត បានឱ្យដឹងថា ដោយអនុវត្តតាមបទបញ្ជារបស់លោកឧ ត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនគរបាលខេត្តបន្ទាយមានជ័យ លោកបានឱ្យកម្លាំងជំនាញចុះបង្ក្រាបក្មេងទំនើងទាំងអស់នេះឱ្យបាន។
លោកបានបន្តថា ក្រោយពីទទួលបានបទបញ្ជាហើយ លោកបានដឹកនាំកម្លាំងមួយក្រុម បានចុះសហការជាមួយប្រជាពលរដ្ឋ
និងកម្លាំងជំនាញព្រហ្មទណ្ឌកំណត់មុខសញ្ញា និងធ្វើការឃាត់ក្មេងទំនើងទាំង៤នាក់នេះ បានជាបន្តបន្ទាប់ដែលកំពុងធ្វើសកម្មភាពកាប់បំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ឯក សៅ សារឿន បានបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់រួមមាន ទី១៖ ឈ្មោះ សេង ណាឃីម អាយុ១៥ឆ្នាំ, ទី២៖ ឈ្មោះ ឃី សំឡី ហៅខ្លី អាយុ១៦ឆ្នាំ, ទី៣៖ ឈ្មោះ សេង សម្បត្តិ អាយុ១៦ឆ្នាំ និងទី៤៖ ឈ្មោះ វង់ ភ័ក្ត្រា ហៅ ប៉ាប៉ាត្រា។ ក្មេងទំនើងទាំង៤នាក់នេះ រស់នៅក្នុងសង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។
លោកបានបញ្ជាក់ថា ក្មេងទំនើងទាំង៤នាក់នេះ គឺជាក្រុមក្មេងដែលតែងតែបង្ករឿង និងធ្វើសកម្មភាពកាប់គ្នាបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃជាញឹកញាប់ណាស់ដោយគ្មានជម្លោះអ្វីធំដុំគ្រាន់តែមើលមុខ ក៏ពួកគេវាយកាប់ ឬបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃផងដែរ។
ក្រោយសមត្ថកិច្ចឃាត់ខ្លួនក្មេងទំនើងទាំងនេះ បានឆ្លើយសារភាពថាក្រុមរបស់ខ្លួនពិតជាបានបង្កអុកឡុកក្នុងស្រុកភូមិកន្លងមកពិតប្រាកដ ដោយបានចម្លើយសារភាព និងប្តឹងពីប្រជាពលរដ្ឋផង ជនសង្ស័យបានបញ្ជូនមកស្នងការ និងរៀបចំឯកសារបញ្ជូនទៅតុលា ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕