(ភ្នំពេញ)៖ សហភាពអឺរ៉ុប បានសម្តែងការគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ខណៈយន្តការនេះ វានឹងផ្តល់ភាពយុត្តិធម៌កាន់តែគៀកដល់ផ្ទះរបស់ប្រជាពលរដ្ឋ បង្កើតសុខដុមរមនាពីមូលដ្ឋានដល់សហគម និងអាចចូលរួមដោះសាយការកកស្ទះសំណុំរឿង ក្នុងតុលាការបានយ៉ាងត្រឹមត្រូវជាដើមនោះ។
លោក Franck Viault ប្រធានកិច្ចសហប្រតិបត្តិការ នៃប្រតិភូសហភាពអឺរ៉ុប ប្រចាំនៅកម្ពុជា បានលើកឡើងក្នុងសិក្ខាសាលាដំបូង ស្តីពីការៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនៅកម្ពុជា នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ នៅសណ្ឋាគារសាន់វេ រាជធានីភ្នំពេញ។ បើតាមលោក Franck Viault , សហភាពអឺរ៉ុប បានគាំទ្រចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្នុងការស្វែងរកភាពយុត្តិធម៌ដល់ប្រជាជនកម្ពុជា ដោយរួមគ្នាជាមួយភាគីជាច្រើនក្នុងការតាកតែងនូវឯកសាររៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ។
លោក Franck Viault បានបញ្ជាក់ថា សហភាពអឺរ៉ុប ពិតជារីករាយចំពោះយន្តការនេះ ដែលវានឹងធ្វើឱ្យប្រទេសកម្ពុជា កាន់តែល្អប្រសើបន្ថែមទៀត ក្នុងការស្វែងរកយុត្តិធម៌ដល់ប្រជាពលរដ្ឋបានយ៉ាងងាយស្រួល និងឆាប់រហ័ស ហើយកំណែទម្រង់ច្បាប់នេះសោត អាចសម្របសម្រួលរាល់សកម្មភាពនានា ជាមួយស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តការងាររៀបចំគោលនយោបាយដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការបានដោយប្រសិទ្ធភាព នាពេលខាងមុខនេះ។
ទាក់ទងនឹងការរៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះដែរ លោក ជីន ម៉ាលីន អ្នកនាំពាក្យ និងជារដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានលើកឡើងថា កំណែទម្រង់ច្បាប់ និងប្រព័ន្ធយុត្តិធម៌ នៅតែជារបៀបវារៈសំខានរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយក៏ជាសកម្មភាពអាទិភាពដែលមានចែងក្នុងយុទ្ធសាស្រ្តជាតិកាត់បន្ថយុភាពក្រីក្រ យុទ្ធសាស្រ្តចតុកោណ និងផែនការយុទ្ធសាស្រ្តអភិវឌ្ឍប្រទេសជាតិផងដែរ។
លោក ជិន ម៉ាលីន បានលើកឡើងទៀតថា សិក្ខាសាលាដំបូង ស្តីពីការៀបចំយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការនេះ គឺមានអត្ថប្រយោជន៍យ៉ាងខ្លាំងដល់ប្រទេសកម្ពុជា ដើម្បីងាយស្រួលក្នុងការសហការគ្នាជាមួយអង្គការក្រៅរាជរដ្ឋាភិបាល ស្ថាប័នរដ្ឋ ស្ថាប័នតុលាការ និងប្រទេសជាម្ចាស់ជំនួយក្នុងការដោះស្រាយបញ្ហាផ្សេងៗ និងគ្រប់ច្រកទាំងអស់ជូនដល់ជនរងគ្រោះនៅប្រទេសកម្ពុជានេះ៕