(ត្បូងឃ្មុំ)៖ ក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដាក់ចេញ វិធានការសំខាន់ចំនួន៣ ដើម្បីបង្កើនការប្រុងប្រយ័ត្នកម្រិតខ្ពស់ ក្នុងគោលដៅបង្ការ ទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ខណៈប្រទេសវៀតណាម កំពុងបន្តឆ្លងរាលដាល។
វិធានការនោះរួមមាន៖
*ទី១៖ មន្ទីរសុខាភិបាលខេត្ត កងកម្លាំង សមត្ថកិច្ចពាក់ព័ន្ធ ត្រូវត្រៀមឲ្យរួចជាស្រេចនូវមធ្យោបាយ សម្ភារសម្រាប់បង្ការ និងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ១៩ កើតឡើងជាយថាហេតុ
*ទី២៖ អភិបាលស្រុក ដែលមានព្រំប្រទល់ជាប់ប្រទេសវៀតណាម ត្រូវរកទីតាំងសម្រាប់ធ្វើកន្លែងចត្តាឡីស័ក១៤ថ្ងៃ សម្រាប់ប្រជាពលរដ្ឋដែលឆ្លងដែនចូលមកខេត្តត្បូងឃ្មុំ និងកងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ ដែលឈរជើង តាមបណ្តាព្រំដែន ត្រូវតែយកចិត្តទុកដាក់ឲ្យបានខ្ពស់ លើបញ្ហាពលរដ្ឋដែលលួចឆ្លងដែនដោយខុសច្បាប់ ធ្វើយ៉ាងណាត្រូវធ្វើការទប់ស្កាត់ឲ្យខាន់តែបាន ពិសេសត្រូវអនុវត្តឲ្យបានម៉ឹងម៉ាត់ តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។
*ទី៣៖ ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមអនុវត្តន៍គោលនយោបាយភូមិឃុំមានសុវត្ថិភាព ក្នុងការចូលរួមលុបបំបាត់ឲ្យអស់នូវរាល់សកម្មភាពល្បែងស៊ីសង ក្មេងទំនើង និងអំពើអបាយមុខផ្សេងៗ ពិសេសបញ្ហាចរាចណ៍គ្រឿងញៀន។
លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ បានបញ្ជាក់ពីគោលបំណងនៃកិច្ចប្រជុំ ដើម្បីផ្សព្វផ្សាយសេចក្ដីណែនាំស្ដីពី វិធានការបង្ការ និងទប់ស្កាតការឆ្លងរាលដាល នៃជម្ងឺកូវីដ១៩ នៅក្នុងសហគមន៍ នៃភូមិសាស្ត្រខេត្តត្បូងឃ្មុំ ដល់មន្ទីរ/អង្គភាពជុំវិញខេត្ត អភិបាលក្រុង/ស្រុក រដ្ឋបាលឃុំសង្កាត់ ដើម្បីក្តាប់សភាពការណ៍ពង្រឹងបង្ការទប់ស្កាត់ការរីករាលដាលជំងឺកូវីដ១៩ នៅតាមបន្ទាត់ព្រំដែន ក៏ដូចជានៅតាមមូលដ្ឋាន និងពង្រឹងបង្ការរាល់បាតុភាព បង្កអសន្តិសុខផ្សេងៗក្នុងមូលដ្ឋាន និងធានាឲ្យបាននូវសុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ ជូនប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងមូល។
លោកបណ្ឌិតអភិបាលខេត្ត បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុងស្រុកកងកម្លាំង និងអ្នកពាក់ព័ន្ធគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរួមសហការគ្នា ថែរក្សាសុខសុវត្ថិភាពជូន ដល់ប្រជាពលរដ្ឋ ពិសេសរួមគ្នាបង្ការទប់ស្កាត់ ការឆ្លងរាលដាលជំងឺកូវីដ១៩ ចូលក្នុងសហគមន៍ ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ។
បន្ថែមលើសពីនេះ កងកំលាំងមានសមត្ថកិច្ចទាំងអស់ ដែលស្ថិតក្រោមគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ក្រុង ស្រុក ត្រូវត្រៀមខ្លួនឲ្យបានរួចរាល់គ្រប់ពេលវេលា ធានាឲ្យបាននូវស្ថេរភាព សុខសុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ បង្ការទប់ស្កាត់ ដោះស្រាយបញ្ហាដែលបង្កអសន្តិសុខទូទាំងខេត្តទាំងអស់ឲ្យមានប្រសិទ្ធភាព៕