(ក្រចេះ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ ក.ប.ប. សហការជាមួយមន្ទីរពាណិជ្ជកម្ម និងរដ្ឋបាលខេត្ត នៅថ្ងៃព្រហស្បតិ៍ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ បានរៀបចំសិក្ខាសាលា ស្តីពីការផ្សព្វផ្សាយ ការយល់ដឹងអំពី វិធានការបង្ការពីការពុលស្រា និងបទប្បញ្ញត្តិពាក់ព័ន្ធ ក្រោមអធិបតីភាពលោក ឌឹម ថេង អគ្គនាយករង នៃអគ្គនាយកដ្ឋាន ក.ប.ប. តំណាងលោក ផាន អូន អគ្គនាយក នៃអគ្គយកដ្ឋាន ក.ប.ប. និងលោក ស្រេង សុភាព អភិបាលរងតំណាងលោក វ៉ា ថន អភិបាលខេត្តក្រចេះ និងដោយមានការចូលរួមពីលោក លោកស្រី ជាប្រធានមន្ទីរ ស្ថាប័នពាក់ព័ន្ធក្នុងខេត្ត និងលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ នៅក្នុងខេត្តក្រចេះ។
សូមបញ្ជាក់ថា លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម និងជាប្រធានគណៈកម្មាធិការជាតិការពារអ្នកប្រើប្រាស់ តែងតែចង្អុលបង្ហាញមកអគ្គនាយកដ្ឋាន ក.ប.ប ឱ្យខិតខំបន្តយកចិត្តទុកដាក់ លើសុខុមាលភាពប្រជាពលរដ្ឋ ដែលជាអ្នកប្រើប្រាស់ តាមរយៈការបើកវគ្គអប់រំ ផ្សព្វផ្សាយពីបទប្បញ្ញត្តិ ពាក់ព័ន្ធនានាដល់អាជីវករ អ្នកផលិតផលិតផលម្ហូបអាហារ និងវិធីសាស្ត្របង្ការ ករណីបង្កគ្រោះពីការហូបផលិតផល ម្ហូបអាហារមួយចំនួន ដែលមានហានិភ័យ ។
តួយ៉ាងផលិតផលស្រា ស្រាស និងស្រាថ្នាំ ត្រូវបានអគ្គនាយកដ្ឋាន ក.ប.ប ចាត់ទុកជាផលិតផលមានហានិភ័យខ្ពស់ ទើបអគ្គនាយកដ្ឋាន ក.ប.ប បើកវគ្គអប់រំផ្សព្វផ្សាយ ឱ្យបានមុនពិធីបុណ្យចូលឆ្នាំប្រពៃណីចិន និងពិធីបុណ្យ ចូលឆ្នាំប្រពៃខ្មែរ ដើម្បីឱ្យភាគីពាក់ព័ន្ធ និងប្រជាពលរដ្ឋបានយល់ដឹង តាមរយៈការចែកខិតប័ណ្ណអប់រំ ការយល់ដឹងករណីពុលស្រា និងផលប៉ះពាល់សុខភាព ដល់អ្នកចូលរួមវគ្គ និងបន្តចែកជូន តាមរយៈអាជ្ញាធរដែនដី ដល់ប្រជាពលរដ្ឋតាមមូលដ្ឋាន បានស្វែងយល់ និងអាចការពារពីករណីពុលស្រា ជាយថាហេតុ។
សូមបញ្ជាក់ថា កន្លងមកមានករណីពុលស្រា ជាច្រើនករណីដូចជា ករណីពុលស្រា នៅខេត្តពោធិ៍សាត់ នៅឆ្នាំ២០១៦ បណ្តាលឱ្យមនុស្សចំនួន ៥០នាក់ឈឺ និង១០នាក់បានស្លាប់ ករណីពិលស្រា នៅខេត្តក្រចេះ នៅឆ្នាំ២០១៨ បណ្តាលឱ្យមនុស្សចំនួន៦២នាក់ឈឺ និង៣នាក់បានស្លាប់ករណីពុលស្រាថ្នាំ យីហោ តាំង កួយ នៅខេត្តបន្ទាយមានជ័យ បណ្តាលឱ្យមនុស្ស៨នាក់បានស្លាប់ និងករណីពុលស្រានៅខេត្តកំពង់ឆ្នាំង បណ្តាលឱ្យមនុស្ស៧នាក់ បានស្លាប់ និងមានអ្នករងគ្រោះរាប់រាយនាក់នៅខេត្តទាំងពីរខាងលើក្នុងឆ្នាំ២០២០កន្លងមកថ្មីៗនេះ។
ក្នុងសិក្ខាសាលានេះ លោក ឌឹម ថេង បានធ្វើបទបង្ហាញអំពីវិធានការបង្ការពីការពុលស្រា និងបទប្បញ្ញត្តិពាក់ព័ន្ធ ដើម្បីឱ្យលោក លោកស្រី ជាផលិតករ អាជីវករ អ្នកចែកចាយ យល់ដឹងអំពីច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ និងរបៀបផលិត ចែកចាយ និងដាក់លក់ត្រឹមត្រូវ ធានាឱ្យមានការអនុវត្តអាជីវកម្ម ចែកចាយផលិតផលស្រាស និងស្រាថ្នាំ ប្រកបដោយទំនុកចិត្ត និងមានសុវត្ថិភាព លុបបំបាត់ និងកាត់បន្ថយជាអតិបរមា ពីការពុលស្រា ដល់ប្រជាពលរដ្ឋ និងការអនុវត្តច្បាប់ ចំពោះអ្នកបំពាន តាមរយៈការពិន័យ អន្តរការណ៍ ឬវិធានការតុលាការក្នុងករណីមិនរាងចាល។ ក្នុងនោះដែរ អគ្គនាយកដ្ឋាន ក.ប.ប នឹងបន្តបើកវគ្គអប់រំផ្សព្វផ្សាយនេះ នៅខេត្តកំពង់ឆ្នាំនៅថ្ងៃទី៨ និងខេត្តពោធិ៍សាត់ នៅថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ៕