(កណ្តាល)៖ អភិបាលខេត្តកណ្តាល លោក គង់ សោភ័ណ្ឌ បានដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋ ប្រទេសជិតខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត។
ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្រ ស្នងការនគរបាលខេត្តកណ្តាល, កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោក លេខ៦០៥ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សហការជាមួយកម្លាំងយោធាការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ បានពង្រឹងបន្ថែមការត្រួតពិនិត្យតាម ច្រកចេញ-ចូលព្រំដែន ទៅតាមភូមិសាស្ត្រដែលខ្លួនគ្រប់គ្រង។
លោក អៀង សុគន្ធ មេឃុំក្អមសំណរ បានឲ្យដឹងថា ដោយទទួលបានអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្នាក់ដឹកនាំខេត្ត និងស្រុក លោកបានចាត់វិធានការណ៍បន្ទាន់ទាំងយប់ ដល់អាណិកជនចំនួន៦៨គ្រួសារ ដែលរស់នៅភូមិក្អមសំណរ ប៉ុន្តែលោកបានជួបតែ ចំនួន២៨គ្រួសារ ដែលជាតំណាង។
លោកក៏បានពន្យល់ដល់ពួកគាត់ថា ក្នុងឱកាសបុណ្យចូលឆ្នាំចិនខាងមុខនេះ សូមកុំឆ្លងទៅសែនព្រេនដូនតានៅប្រទេសវៀតណាម ព្រោះថាថ្ងៃទី១១សែនហើយ បើទៅក៏មិនបានសែនដែរ ព្រោះជាប់ចត្តាឡីស័កចំនួន១៤ថ្ងៃ ដូច្នេះត្រូវរៀបចំសែននៅទីកន្លែងដែលរស់នៅ។ ក្នុងនោះ ពួកគាត់បានអះអាងថា ពួកគាត់មិនទៅសែនទេ បើបាត់មុខពួកគាត់ទទួលខុសត្រូវ ហើយដល់ថ្ងៃសែនក្រុមការងារឃុំ នឹងចុះពិនិត្យឡើងវិញ។
ក្នុងនាមលោកជាមេឃុំ ដែលជាអាជ្ញាធរនៅជាប់ព្រំដែន លោកបានអំពាវនាវដល់ប្រជាពលរដ្ឋដែលរស់នៅទីនេះ ក៏ដូចជាប្រជាពលរដ្ឋខ្មែរ រស់នៅក្នុងប្រទេសវៀតណាម ត្រូវគោរពតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន ព្រោះជំងឺកូវីដ-១៩ មិនទាន់ថមថយនៅឡើយទេ៕