(បាត់ដំបង)៖ លោកស្រី ញ៉ែម សាខន ភរិយាសម្ដេចក្រឡាហោម ស ខេង ប្រធានកិត្តិយស នៃក្រុមអ្នកម្ដាយមនុស្សធម៌បាត់ដំបង បានដឹកនាំប្រតិភូ អញ្ជើញជាគណៈអធីបតីក្នុងពិធីចែកទោចក្រយាន្តជូនសិស្សានុសិស្សចំនួន ៥០០គ្រឿង និងអង្ករសម្ភារសិក្សានៅស្រុករតនមណ្ឌល និងស្រុកបាណន់ ខេត្តបាត់ដំបងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១។
អំណោយរបស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងក្រុមអ្នកម្តាយមនុស្សធម៌ខេត្តបាត់ដំបង ដើម្បីចូលរួមរំលែកការខ្វះខាត និងផ្តល់ក្តីស្រឡាញ់ដោយមិនរើសអើង សម្រាប់សិស្សានុសិស្សក្រីក្រ ខ្វះមធ្យោបាយធ្វើដំណើរ នៃស្រុកទាំងពីរក្នុងខេត្តបាត់ដំបង។
ក្នុងឱកាសនោះដែរលោក ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ចំណេះដឹង គឺជាស្ពានបង្កើតនូវធនធានមនុស្ស ដែលជាតម្រូវការចាំបាច់បំផុតដែលសង្គមជាតិ ត្រូវការដើម្បីរួមកម្លាំងគ្នាក្នុងការកសាង និងអភិវឌ្ឍន៍ប្រទេសជាតិឱ្យកាន់តែមានការរីកចម្រើន ហើយមានចំណេះដឹង ពិតប្រាកដ គឺជាក្តីសង្ឃឹមរបស់យើងគ្រប់ៗរូប អ្វីដែលសំខាន់សូមប្អូនៗកុំបោះបង់ការសិក្សា ព្រោះមានចំណេះដឹងពិតប្រាកដអាចរកការងារល្អបានធ្វើ ដើម្បីរកប្រាក់ចំណូលសម្រាប់ខ្លួនឯងគ្រួសារ និងសង្គមជាតិទាំងមូល។
លោកបានបន្តទៀតថា រហូតមកដល់ពេលនេះ ថ្វីត្បិតតែអត្រាបោះបង់ការសិក្សាមានច្រើនក៏ពិតមែន តែការបោះបង់នេះគឺបណ្តាលមកពីកត្តាបញ្ហាជីវភាពរស់នៅក្នុងគ្រួសាររបស់ប្អូនៗ ជាអ្នកបង្ខំតែប៉ុណ្ណោះ។ ទន្ទឹមនឹងនោះផងដែរ រាជរដ្ឋាភិបាល និងក្រសួងអប់រំ កំពុងតែយកចិត្តទុកដាក់ដើម្បីលើកទឹកចិត្តដល់ក្មួយៗបន្តការសិក្សាបង្កើននូវចំណេះដឹង និងធនធានមនុស្ស ក្នុងនោះក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកបាណន់ បានផ្តល់ជាអាហារូបករណ៍ ជាច្រើនកន្លែងសម្រាប់ប្អូនៗ សិស្សនិស្សិត នៅក្នុងស្រុកបាណន់ បានចូលសិក្សានៅតាមសាកលវិទ្យាល័យ និងវិទ្យាស្ថានជំនាញបច្ចេកទេសនានាទាំងក្នុងខេត្ត ក៏ដូចជានៅរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសដល់ពួកគេទទួលបាន នូវធនធានមនុស្ស ក្នុងការកសាងអនាគតតនាពេលខាងមុខនេះថែមទៀត។
លោកស្រី ញ៉ែម សាខន សខេង បានផ្តាំផ្ញើដល់ក្មួយៗ ទាំងអស់ខិតខំរៀនសូត្រយកចំណេះដឹងសម្រាប់ខ្លួនឯង និងក្រុមគ្រួសារខ្លួន ដែលជាធនធានមនុស្សដ៏សំខាន់បំផុតសម្រាប់សង្គមជាតិ ដែលជាទំពាំងស្នងឬស្សីរបស់ប្រទេសជាតិ នាពេលអនាគត ដើម្បីកសាង និងអភិវឌ្ឍន៍ជាតិយើងឲ្យមានការរីកចម្រើនកាន់ខ្លាំងបន្ថែមទៀតផងដែរ៕