(កណ្តាល)៖ តាមគម្រោងរបស់ក្រសួងសង្គមកិច្ច អនីតិជនល្មើសច្បាប់ ដែលបច្ចប្បន្ន ជាប់ឃុំឃាំងក្នុងពន្ធនាគាររួមគ្នាជាមួយមនុស្សពេញវ័យដែរ នឹងផ្លាស់ប្ដូរឱ្យមករស់នៅដាច់ដោយឡែក ទទួលបានការបណ្ដុះបណ្ដាលជំនាញ នៅមណ្ឌលយុវនីតិសម្បទា ក្នុងពេលឆាប់ៗ បន្ទាប់ពីមណ្ឌលនេះ អាចសាងសង់រួចរាល់នៅក្នុងកំឡុងខែមីនាខាងមុខនេះ។
ជាមួយគ្នានេះនៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច រួមទាំងមន្រ្តីជាច្រើន បានចុះមកពិនិត្យមើលដំណើរការសាងសង់ មណ្ឌលយុវនីតិសម្បទា ដើម្បីត្រៀមរៀបចំបើកដំណើរការផ្លាស់អនីតិជនល្មើសច្បាប់ ដែលកំពុងស្នាក់នៅពន្ធនាគារ មករស់នៅដាច់ដោយឡែកនៅមណ្ឌលនេះវិញ។ មណ្ឌលយុវនីតិសម្បទាដែលកំពុងសាងសង់នាពេលនេះ គឺមានទីតាំងនៅឃុំបាគូរ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល។
បើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី វង សូត ក្នុងពិធីបើកការដ្ឋានសាងសង់មណ្ឌលយុវនីតិសម្បទា កាលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ កន្លែងទៅ បានឱ្យដឹថា មណ្ឌលយុវនីតិសម្បទា មានតួនាទីយ៉ាងសំខាន់ក្នុងការគ្រប់គ្រងអនីតិជន ផ្តល់ការអប់រំបណ្តុះបណ្តាលវិជ្ជាជីវៈ អប់រំចិត្តសាស្រ្ត ការព្យាបាល ការថែទាំ ការការពារ និងជួយឱ្យអនីតិជន ក្លាយជាពលរដ្ឋសុច្ចរិត និងមានប្រយោជន៍សម្រាប់សង្គមជាតិ។
លោករដ្ឋមន្ត្រី វង សូត បានបញ្ជាក់ឱ្យដឹងថា ច្បាប់ស្តីពីយុត្តិធម៌អនីតិជន ត្រូវបានប្រកាសដាក់ឱ្យអនុវត្តកាលពីខែកក្កដា ឆ្នាំ២០១៦។ ច្បាប់នេះ គឺជាឧបករណ៍ដ៏មានសារៈសំខាន់ ដែលមិនត្រឹមតែផ្តល់ការយល់ដឹង និងការអនុវត្តឱ្យកាន់តែប្រសើរឡើង របស់មន្រ្តីតុលាការ និងមន្រ្តីអនុវត្តច្បាប់ ក្នុងកិច្ចការពារ និងគ្រប់គ្រងវិស័យយុត្តិធម៌ ព្រហ្មទណ្ឌ សម្រាប់អនីតិជនប៉ុណ្ណោះទេ ច្បាប់នេះក៏បានគិតគូរពីវិធានការទាំងឡាយ ដែលទាក់ទងនឹងការស្តារនីតិសម្បទា និងសមារណកម្មពួកគេ ទៅក្នុងសហគមន៍វិញ ក្នុងគោលបំណងប្រែក្លាយពួកគេ ទៅជាពលរដ្ឋល្អក្នុងសង្គម។
បើយោងតាមជំពូកទី១៣ មាត្រាទី៧៦ នៃច្បាប់ស្តីពីយុត្តិធម៌អនីតិជន បានចង្អុលបង្ហាញថា ក្រសួងទទួលបន្ទុកវិស័យសង្គមកិច្ច ត្រូវបង្កើតឱ្យមានមណ្ឌលយុវនីតិសម្បទា នៅតាមរាជធានី-ខេត្ត សម្រាប់គ្រប់គ្រងអនីតិជន។
លោក ឌីន បូរី ប្រធាននាយកដ្ឋានយុវនីតិសម្បទា នៃក្រសួងសង្គមកិច្ចបានលើកឡើងបញ្ជាក់ថា មណ្ឌលយុវនីតិសម្បទា មកទល់ពេលនេះសម្រេចបានប្រមាណ៨០% ហើយអាចបញ្ចប់ការសាងសង់ក្នុងកំឡុងខែមីនា និងអាចចាប់ផ្ដើមដំណើរការក្នុងពេលឆាប់ៗ។
លោកបានបន្តថា នេះជាលើកទី១ ដែលកម្ពុជាសាងសង់មណ្ឌលនេះឡើង គឺអនុលោមតាមច្បាប់យុត្តិធម៌អនីតិជន សម្រាប់ដាក់អានីតិជនល្មើសដោយផ្ទេរចេញពីពន្ធនាគារវិញ ហើយក្នុងឆ្នាំទី១នេះ គ្រោងដាក់អនីតិជនល្មើសច្បាប់ចំនួន៥០០នាក់ និងអាចមានលទ្ធភាពផ្ទុកសរុបចំនួន ២០០០នាក់។
ប្រធាននាយកដ្ឋានយុវនីតិសម្បទា បញ្ជាក់ដែរថាសម្រាប់មណ្ឌលនេះ នឹងមានការបណ្ដុះបណ្ដាលជំនាញជាច្រើន ដែលស្របទៅនឹងតម្រូវការទិផ្សារពេលបច្ចុប្បន្ន ក្នុងនោះអាចមានជំនាញដូចជា ជួសជុលទូរស័ព្ទ អគ្គិសនី និងធ្វើម៉ាស៊ីនត្រជាក់ជាដើម ដើម្បីប្រែក្លាយពួកគេឱ្យក្លាយជាធនធានល្អ មានសមត្ថភាពប្រកបរបរចិញ្ចឹមបន្ទាប់ពីបញ្ចប់ទោសទណ្ឌ។
ប្រធាននាយកដ្ឋានបន្ថែមថា តាមច្បាប់យុត្តិធម៌អានីតិជន គឺអនុញ្ញាត្តអនីតិជនល្មើសច្បាស់ រស់នៅក្នុងមណ្ឌលនេះរហូតដល់អាយុ ២៤ឆ្នាំ ក្នុងករណីនៅសល់ទោសទណ្ឌ គឺត្រូវផ្ទេរទៅស្នាក់នៅពន្ធនាការវិញ។
គួរបញ្ជាក់ដែរថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានឯកភាពជាគោលការណ៍តាមសំណើសុំបង្កើតមណ្ឌលយុវនីតិសម្បទា របស់លោក វង សូត រដ្ឋមន្រ្តីក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា។ មណ្ឌលយុវនីតិសម្បទានេះ មានអគារសរុបចំនួន១៧ខ្នង ដែលអគារត្រូវជួសជុលចំនួន១២ខ្នង និងអគារត្រូវសាងសង់ថ្មីចំនួន ៥ខ្នង៕