(សៀមរាប)៖ អាជ្ញាធរជាតិអប្សរា បានបញ្ជាក់ពីការបន្តរៀបចំកែលម្អផ្លូវច្រកចូលរមណីយដ្ឋានអង្គរ និងការងារជាច្រើនទៀត ដើម្បីលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងរមណីយដ្ឋានទាំងមូល។
ការបញ្ជាក់នេះធ្វើឡើងឱកាសលោក ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា បានដឹកនាំក្រុមការងារចុះពិនិត្យ និងសិក្សាគម្រោងការងារមួយចំនួននៅបរិវេណប្រាសាទតាកែវ នារសៀលថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ថ្នាក់ដឹកនាំបានពិគ្រោះយោបល់ និងស្ដាប់រាល់មតិពីអ្នកជំនាញនានាជុំវិញការងារដែលគ្រោងអនុវត្តន៍នាពេលខាងមុខ ដូចជាការរៀបចំកែលម្អផ្លូវច្រកចូលជាដើម ក្នុងន័យលើកកម្ពស់សោភ័ណភាព និងបរិស្ថានក្នុងតំបន់រមណីយដ្ឋានអង្គរ។
ឆ្លៀតក្នុងឱកាសនោះ លោកអគ្គនាយកបានណែនាំ និងផ្តល់អនុសាសន៍មួយចំនួនជូនក្រុមការងារ ដើម្បីពន្លឿនការងារអនុវត្តឱ្យបានទាន់ពេលវេលា និងរៀបចំផែនការគម្រោងការងារឆ្នាំថ្មី ដើម្បីត្រៀមខ្លួនសម្រាប់ការស្វាគមន៍ភ្ញៀវទេសចរត្រឡប់មកវិញនាពេលឆាប់ៗខាងមុខនេះ៕