(ត្បូងឃ្មុំ)៖ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឡោមព័ទ្ធផ្ទះដាក់តាំងលក់ម៉ូតូ៩ ទីតាំងផ្សេងគ្នា នៅក្នុងភូមិជីមាន់កណ្តាល ឃុំក្រែក ស្រុក ពញាក្រែក ខេត្តត្បូងឃ្មុំ ដោយរកឃើញម៉ូតូអត់ពន្ធចំនួន ៥០គ្រឿង និងតួម៉ូតូចំនួន៥២, ម៉ាសុីនម៉ូតូ ចំនួន១៥ គ្មានបង្កាន់ដៃបង់ពន្ធនាំចូល។
ប្រតិបត្តិការនេះធ្វើឡើងដោយមានការចង្អុលបង្ហាញពី លោក កើត សុទ្ធារ៉ា អគ្គនាយករងនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា និងជាប្រធាននាយកដ្ឋានបង្ការ និងបង្ក្រាបបទល្មើស, លោក ព្រាប គារ៉ាត ប្រធានតំបន់៦ បានដឹកនាំមមន្រ្តីក្រោមឱវាទសហការជាមួយមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសកងរាជអាវុធហត្ថ ខេត្តត្បូងឃ្មុំ និងកម្លាំងអន្តរាគមន៍នៃស្នងការនគរបាល ខេត្តត្បូងឃ្មុំ ក្រោមការសម្របសម្រួលពី លោក ប៉ុក តារា ព្រះរាជអាជ្ញារងអមសាលាដំបូង ខេត្តត្បូងឃ្មុំ។
បើតាមយោងតាមរបាយការណ៍របស់សមត្ថកិច្ច បានឱ្យដឹងថា ទន្ទឹមនឹងលទ្ធផលនេះ ក៏មានអាជីវករខ្លះមិនយល់ពីកំហុសរបស់ខ្លួន ហើយបានធ្វើការរារាំងបង្កការលំបាកចំពោះសមត្ថកិច្ច។ ជាក់ស្តែងផ្ទះដាក់តាំងលក់ម៉ូតូឈ្មោះ ជាង ម៉េងសាន បានធ្វើការរារាំងការអនុវត្តដីការតុលាការ បង្កការលំបាកចំពោះសមត្ថកិច្ចក្នុងការត្រួតពិនិត្យឆែកឆេរ រកឃើញម៉ូតូអត់ពន្ធចំនួន៤គ្រឿង។
បច្ចុប្បន្ននេះ ទំនិញល្មើសទាំងនេះ ត្រូវបានយកមករក្សាទុកជាបណ្តោះអាសន្ននៅទីតាំងគយចល័តពញាក្រែក ដើម្បីធ្វើកំណត់ហេតុល្មើសតាមច្បាប់គយ៕