(កំពង់ឆ្នាំង)៖ ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំងសាទរយ៉ាងក្រៃលែង ដល់ចំណាត់ការរបស់សមត្ថកិច្ចនគរបាលខេត្តកំពង់ឆ្នាំង ពិសេសមន្ត្រីនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន ដែលលោកនៅតែបន្តប្រឹងប្រែងក្នុងការស្រាវជ្រាវ និងតាមចាប់ជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀនយ៉ាងស្រស្រាក់ស្រស្រាំ ដែលមកដល់ពេលនេះ បង្ក្រាបបានករណីជួញដូរ រក្សាទុក ប្រើប្រាស់ និងអ្នកសមគំនិតបានជាបន្តបន្ទាប់។
លោកវរសេនីយ៍ឯក ហ៊ុល វាសនា ស្នងការរងទទួលផែនប្រឆាំងបទល្មើសគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង បានឲ្យអង្គភាពព័ត៌មាន Fresh News ដឹងនៅរសៀលថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះថា រយៈពេល ៦ថ្ងៃ គឺចាប់ពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ មកដល់ថ្ងៃទី៥ ខែកម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ចរបស់លោកដោយមានការសហការជាមួយកម្លាំងអធិការដ្ឋាននគរបាលតាមតាមបណ្ដាស្រុក ពិសេសជាងនេះទៅទៀតនោះ គឺដោយមានការសហការពីប្រជាពលរដ្ឋនៅតាមមូលដ្ឋានផងនោះ កម្លាំងសមត្ថកិច្ចរបស់លោកបានឈានទៅដល់ ធ្វើការបង្ក្រាបជនសង្ស័យពាក់ ព័ន្ធករណីគ្រឿងញៀននេះបានចំនួន ១០នាក់ជាបន្តទៀត ។
លោកវរសេនីយ៍ឯក បានបន្តឲ្យដឹងទៀតថា ក្នុងកិច្ចប្រតិបត្តិការរាល់លើក គឺមានការបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្តកំពង់ឆ្នាំង ក្រោមការសម្របសម្រួលពីលោក អ៉ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ឆ្នាំង ដែលលោកតែងតែសហការជាមួយនឹងសមត្ថកិច្ចបានទាន់ពេលវេលា នៅរាល់ការស្នើសុំការសម្របសម្រួល ចុះបង្ក្រាបករណីបទល្មើសផ្សេងៗ។
ជាក់ស្ដែងក្នុងកិច្ចសហប្រតិបត្តិការ ចុះបង្ក្រាបករណីគ្រឿងញៀនខាងលើនេះ គឺកាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ កម្លាំងការិយាល័យនគរបាលប្រឆាំងបទល្មើសគ្រឿងញៀន សហការជាមួយនគរបាលស្រុកកំពង់ត្រឡាច និងស្រុកសាមគ្គីមានជ័យ ធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ ស្រី១នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន១៥កញ្ចប់ ស្មើនឹង២,៣៩ក្រាម សម្ភារៈវេចខ្ចប់និងឧបករណ៍ជក់មួយចំនួន។
នៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាល បានចុះបង្ក្រាបករណីរក្សាទុកសមគំនិត ជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀនឃាត់ខ្លួនជនសង្ស័យចំនួន ៤នាក់ ថ្នាំញៀនចំនួន១៨កញ្ចប់ ស្មើនឹង ១២,៨៨ក្រាម សម្ភារៈវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។ ទាំង៤នាក់ខាងលើនេះ សមត្ថកិច្ចឃាត់បាននៅស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ក្នុងចំណោម ៤នាក់នេះដែរ មានម្នាក់រកស៉ីបទល្មើសឆក់ត្រីផងដែរ។
នៅថ្ងៃទី៣ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងសមត្ថកិច្ចនគរបាល នៃការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនដឹកនាំដោយលោកវរសេនីយ៍ត្រី ឃឹម សុផាត នាយរងការិយាល័យ សហការជាមួយកម្លាំងអធិការដ្ឋាន នគរបាលស្រុក សាមគ្គីមានជ័យ បានចុះបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់ នូវសារធាតុញៀននៅចំណុចឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ៣នាក់ ដកហូតវត្ថុតាងថ្នាំញៀនចំនួន ៩កញ្ចប់ស្មើនឹង ៣៧,១២ក្រាម ជញ្ជីងថ្លឹងថ្នាំញៀនមួយគ្រឿង សម្ភារវេចខ្ចប់ និងឧបករណ៍ជក់មួយចំនួន។ នៅថ្ងៃខែខាងលើនេះដែរ កម្លាំងសមត្ថកិច្ចបង្ក្រាបបានជនសង្ស័យម្នាក់ ជាមុខសញ្ញាចាស់ នៅក្នុងក្រុងកំពង់ឆ្នាំង ដកហូតបានថ្នាំញៀន ២កញ្ចប់ផងដែរ។
លោកបានបន្តឲ្យដឹងទៀតថា មកដល់ថ្ងៃនេះជនសង្ស័យទាំង ១០នាក់ខាងលើនេះ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចរាល់ហើយ មកដល់ពេលនេះតុលាការក៏បានសម្រេចផ្ដន្ទាទោសជនសង្ស័យ១០នាក់ដាក់ពន្ធនាគារ ផងដែរ។ ដោយឡែកនៅរាល់កិច្ចចុះប្រតិបត្តិការនៅតាមមូលដ្ឋាន លោកតែងតែបានធ្វើការពន្យល់ណែនាំដល់ប្រជាពលរដ្ឋដែលជាអាណាព្យាបាល នៅក្នុងមូលដ្ឋាន ឲ្យធ្វើយ៉ាងណាជួយអប់រំកូនចៅប្រុសស្រី ឱ្យយល់ដឹង នឹងនាំគ្នាជៀសឲ្យផុត ពីការប្រើប្រាស់គ្រឿងញៀន ដែលជាអំពើខុសច្បាប់ និងត្រូវបានសង្គមជាតិស្អប់ខ្ពើមជាទីបំផុត៕