(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចឲ្យក្រុមហ៊ុនចំនួន៣ ចេញប្រតិបត្តិការលើការប្រមូល និងដឹកជញ្ជូនសំរាមនៅក្នុងរាជធានីភ្នំពេញ នាថ្ងៃទី១ ខែឧសភា ឆ្នាំ២០២១ខាងមុខនេះ ក្រោយពីបានសម្រេចជ្រើសរើសអស់មួយឆ្នាំ បានប្រគល់សិទ្ធិ និងកិច្ចសន្យាជូននាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ក្រុមហ៊ុនទាំង៣ខាងលើ រួមមាន៖ ក្រុមហ៊ុន Cintri (Cambodia) / (Everbright China), ក្រុមហ៊ុន 800 SUPER/GAEA និងក្រុមហ៊ុន Mizuda Group Co.,Ltd។
លោក ឃួង ស្រេង បានលើកឡើងថា បញ្ហាសំរាមសំណល់រឹង គឺជាបញ្ហាសំខាន់មួយក្នុងចំណោមបញ្ហាប្រឈមចំនួន៣ ដែលរាជធានីភ្នំពេញ បាននិងកំពុងជួបប្រទះ គឺទី១៖ បញ្ហាស្ទះចរាចរណ៍, ទី២៖ បញ្ហាស្ទះលូ និងទី៣៖ បញ្ហាស្ទះសំរាម។
ក្នុងអំឡុងខែតុលា ឆ្នាំ២០១៩ រាជរដ្ឋាភិបាលបានធ្វើកំណែទម្រង់ នៃការគ្រប់គ្រងសំរាមសំណល់រឹងនៅរាជធានីភ្នំពេញ ដោយបានលុបចោលនូវយន្តការ នៃការប្រមូលថ្លៃសំរាមតាមវិក្កយបត្រអគ្គិសនី ហើយបានរៀបចំឱ្យអតិថិជន បង់ប្រាក់ថ្លៃសេវាប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹងតាមប្រព័ន្ធអេឡិចត្រូនិក ដោយស្វ័យប្រវត្តិវិញ។ ដើម្បីធ្វើកំណែទម្រង់នេះ សម្តេចតេជោនាយករដ្ឋមន្ត្រី បានប្រគល់កិច្ចការនេះ ជូនទៅលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាអ្នកដឹកនាំធ្វើដោយផ្ទាល់ដោយមានការចូលរួមពីក្រសួងពាក់ព័ន្ធ និងរដ្ឋបាលរាជធានីភ្នំពេញផងដែរ។
លោកបានថា «ការធ្វើកំណែទម្រង់១នេះ គឺធ្វើតាំងពីដើមខ្សែរហូតដល់ចុងខ្សែមានន័យថា ជាការរៀបចំនូវយន្តការគ្រប់គ្រងសំរាមថ្មី ដោយចាប់ផ្តើមពីអ្នកបង្កើតសំរាម ដោយបានកំណត់ពេលម៉ោងបញ្ចេញសំរាម និងទីតាំងទុកដាក់សំរាមការញែកសំរាម»។ល។
លោកបន្តទៀតថា ការជ្រើសរើសក្រុមហ៊ុនប្រមូលសំរាមថ្មី ការរៀបចំទីតាំងទីលានទុកដាក់សំរាមប្រកបដោយសុវត្ថិភាពដោយបានរៀបចំទីលានញែកសំរាម ចំនួន០២ និងទីលានចុងក្រោយចំនួន១ ព្រមទាំងការរៀបចំ តារាងតម្លៃសេវាប្រមូលសំរាមថ្មីផងដែរ។
លោកថា «ជាលទ្ធផលមួយ នៃកំណែទម្រង់ខាងលើ យើងបានសម្រេចប្រកាសជាផ្លូវការនូវក្រុមហ៊ុនចំនួន០៣ ដែលបានដេញថ្លៃឈ្នះក្នុងការផ្តល់សេវាប្រមូល និងដឹកជញ្ជូនសំរាមនៅរាជធានីភ្នំពេញ ដែលគណៈកម្មការ ភីអ័រស៊ី (PRC) ដែលមានតំណាងពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងតំណាងរដ្ឋបាលរាជធានីភ្នំពេញ បានប្រើពេលពេញ ១ឆ្នាំ ក្នុងការជ្រើសរើសយ៉ាងម៉ត់ចត់ ដោយបានអនុវត្តទៅតាមដំណើរការ និងនីតិវិធីលទ្ធកម្មដេញថ្លៃដែល ប្រកបដោយភាពយុត្តិធម៌ តម្លាភាព និងស្របតាមស្តង់ដារអន្តរជាតិ ដែលត្រូវបានបែងចែកតាមតំបន់ចំនួន០៣ នៅរាជធានីភ្នំពេញរួមមាន៖
*តំបន់ទី១៖ មាន០៥ខណ្ឌ គឺខណ្ឌទួលគោក, ខណ្ឌឫស្សីកែវ, ខណ្ឌសែនសុខ, ខណ្ឌជ្រោយចង្វារ និងខណ្ឌព្រែកព្នៅ ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុន 800 ស៊ូភើ (800 SUPER) និងក្រុមហ៊ុនគ្លូបប៊លអ៊ែកសិនហ្វរអ៊ិនវ៉ាយ រ៉ឺម៉ិន អឺ វែរនេស ផាប់ប្លីក លីមីតធីត (Global Action for Environment Awareness Public Limited)។
*តំបន់ទី២៖ មាន០៥ខណ្ឌ គឺខណ្ឌដូនពេញ ខណ្ឌ៧មករា ខណ្ឌពោធិ៍សែនជ័យ ខណ្ឌដង្កោ និងខណ្ឌកំបូល ដែលដេញថ្លៃឈ្នះ ដោយក្រុមហ៊ុនម៉ិ ស៊ូ ដា គ្រុប (Mizuda Group Co., Ltd)។
*តំបន់ទី៣៖ មាន០៤ខណ្ឌ គឺខណ្ឌចំការមន ខណ្ឌបឹងកេងកង ខណ្ឌមានជ័យ និងខណ្ឌច្បារអំពៅ ដែលដេញថ្លៃ ដោយក្រុមហ៊ុនស៊ិនទ្រី (Cintri Cambodia)/ អេ វើ ប្រាយ (Everbright China)។
ក្នុងឱកាសនោះដែរលោក ឃួង ស្រេង ក៏បានផ្តាំផ្ញើឲ្យប្រតិបត្តិករក្រុមហ៊ុនទាំង៣ ប្រតិបត្តិការប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង តាមតំបន់របស់ខ្លួនឱ្យបានល្អ ហើយខណ្ឌទាំង១៤ ក៏ត្រូវសហការជាក្រុមហ៊ុនឲ្យបានល្អផងដែរ។ ចំណែកបងប្អូនប្រជាពលរដ្ឋធ្វើការញ៉ែកវេចខ្ចប់ទុកដាក់ និងការបញ្ចេញសំរាមសំណល់រឹងរបស់ខ្លួនឱ្យបានត្រឹមត្រូវតាមការកំណត់ ដើម្បីធ្វើយ៉ាងណាឱ្យរាជធានីភ្នំពេញស្អាត មានអនាម័យ និងបរិស្ថានល្អ។
រដ្ឋបាលរាជធានីភ្នំពេញ នឹងធ្វើការផាកពិន័យទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន ចំពោះអ្នកដែលចោលសំរាមខុសម៉ោងពេល និងទីតាំងដែលបានកំណត់ បន្ទាប់ពីក្រុមហ៊ុនទាំង០៣ បានចាប់ផ្តើមដំណើរការនូវកិច្ចការរបស់ខ្លួនដោយរលូន។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ធ្លាប់បានលើកឡើងថា ក្នុងមួយឆ្នាំៗ កម្ពុជាបានបង្កើតសំរាមប្រមាណ ៤លានតោន ក្នុងនោះ៦៥% ជាសំណល់សិររីរាង្គ ប្រមាណ២០% ជាសំណល់ប្លាស្ទិក នៅសេសសល់ជាសំណល់រឹង និងសំណល់ផ្សេងៗទៀត។ ក្នុងចំណោមសំរាមទាំងអស់នោះ មានត្រឹមតែប្រមាណ ៥១% ប៉ុណ្ណោះ ដែលត្រូវបានយកទៅចាក់នៅទីលានចាក់សំរាម ក្រៅនោះត្រូវគេបោះចោលយ៉ាង អនាធិបតេយ្យតាមដងផ្លូវ ក្នុងប្រភពទឹក និងខ្លះទៀតត្រូវបានដុតចោលជាដើម៕