(ភ្នំពេញ)៖ អ្នកជំនាញសារព័ត៌មានជើងចាស់ លោក ម៉ារ យ៉ារិទ្ធិ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានមកចែករំលែកបទពិសោធន៍របស់លោក និងណែនាំពីរបៀបសរសេរព័ត៌មានប្រកបដោយភាពទាក់ទាញបន្ថែមទៀតដល់បុគ្គលិក អង្គភាពព័ត៌មាន Fresh News នាទីស្នាក់ការកណ្តាល នៅបណ្តោយផ្លូវ៥៩៨ សង្កាត់ច្រាំងចម្រេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ការចូលរួមចែករំលែកបទពិសោធន៍របស់ លោក ម៉ារ យ៉ារិទ្ធិ ត្រូវបានទទួលស្វាគមន៍យ៉ាងកក់ក្តៅដោយ លោក លឹម ជាវុត្ថា ស្ថាបនិក និងជាអគ្គនាយកអង្គភាពព័ត៌មាន Fresh News ព្រមទាំងថ្នាក់ដឹកនាំ និងបុគ្គលិកមួយចំនួន។
លោក ម៉ារ យ៉ារិទ្ធិ បានប្រឡូកក្នុងវិស័យសារព័ត៌មានរយៈពេលជាង៣០ឆ្នាំមកហើយ ដោយលោកធ្លាប់ធ្វើជាស្ថាបនិកនៃវិទ្យុអាស៊ីសេរី ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើន ដូចជា UPI, AP និង VOA ជាដើម ។ ក្រៅពីនោះ លោកបានចូលរួមបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំស្ថាប័នសារព័ត៌មានជាច្រើន រហូតអ្នកសារព័ត៌មានជាច្រើនផ្តល់រហ័សនាមជូនលោកថា «អាត់ជួង» ផងដែរ។
ទន្ទឹមនឹងការចែករំលែកបទពិសោធន៍ និងណែនាំពីរបៀបសរសេរព័ត៌មានប្រកបដោយភាពទាក់ទាញ លោក ម៉ារ យ៉ារិទ្ធិ បានពន្យល់អំពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន ជាពិសេសលោកពន្យល់អំពីតម្លៃព្រឹត្តិការណ៍ ដែលអ្នកសារព័ត៌មានអាចយកមកសរសេរជាព័ត៌មានបាន។ ព្រឹទ្ធាចារ្យរូបនេះ បានបញ្ជាក់ថា សម្រាប់អ្នកសារព័ត៌មាន, ព្រឹត្តិការណ៍ទាំងអស់ដែលកើតឡើងជារៀងរាល់ថ្ងៃ មិនមែនសុទ្ធតែមានតម្លៃគ្រប់គ្រាន់ដើម្បីយកមកសរសេរនោះទេ ដោយអ្នកសារព័ត៌មានត្រូវពិនិត្យមើលពីភាពទាន់ពេលវេលា ភាពមិនប្រក្រតី ភាពសំខាន់ ផលប៉ះពាល់ និងភាពឆ្នើមរបស់វាជាដើម។
សម្រាប់លោក ម៉ារ យ៉ារិទ្ធិ, ក្រៅពីមានមូលដ្ឋានគ្រឹះ និងចេះច្បាប់របស់ខ្លួន អ្នកសារព័ត៌មាន ត្រូវចេះកសាងប្រភព ហើយចុះទៅសង្កេត ឬពិនិត្យមើលព្រឹត្តិការណ៍ជាក់ស្តែងដោយផ្ទាល់ ហើយត្រូវមានប្រភព៣យ៉ាងតិច ដើម្បីឱ្យមានភាពកក់ក្តៅ និងគ្រប់ជ្រុងជ្រោយចំពោះអត្ថបទដែលខ្លួនបានផ្សព្វផ្សាយចេញទៅ។
លោក លឹម ជាវត្ថា ស្ថាបនិក និងជានាយកប្រតិបត្តិអង្គភាពព័ត៌មាន Fresh News ដែលបានផ្តួចផ្តើមបង្កើតព្រឹត្តិការណ៍នេះ បានថ្លែងអំណរគុណ ចំពោះការចែករំលែកបទពិសោធន៍ និងការណែនាំពីការសរសេរព័ត៌មានប្រកបដោយភាពទាក់ទាញរបស់ លោក ម៉ារ យ៉ារិទ្ធិ។ លោកបានចាត់ទុកថា ការបង្រៀនរបស់ លោក ម៉ារ យ៉ារិទ្ធិ ពិតជាមានសារសំខាន់សម្រាប់បុគ្គលិកសរសេរព័ត៌មាន ប្រចាំនៅអង្គភាពព័ត៌មាន Fresh News ដើម្បីពង្រីកសមត្ថភាពរបស់ខ្លួនឯងបន្ថែមទៀត។ លោកសង្ឃឹមថា លោក ម៉ារ យ៉ារិទ្ធ នឹងបន្តចូលរួមចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹងអំពីការសរសេរព័ត៌មានពិសេសៗថែមទៀត ដល់អង្គភាពព័ត៌មាន Fresh News នៅពេលខាងមុខ។
ដោយបង្កើតឡើង នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៤ ដោយស្ថានិក២រូប គឺលោក លឹម ជាវុត្ថា និងលោក គឹម ម៉េង, អង្គភាពព័ត៌មាន Fresh News ដោយមានការចូលរួមពីថ្នាក់ដឹកនាំសំខាន់ៗមួយចំនួន បានខិតខំកសាងកេរ្តិ៍ឈ្មោះ ជាមួយនឹងវឌ្ឍនភាពជាបន្តបន្ទាប់ក្នុងវិថីព័ត៌មាន ដោយបានក្លាយខ្លួនជាសារព័ត៌មានលេចធ្លោមួយ នៅក្នុងប្រទេសកម្ពុជា ជាមួយនឹងការផ្សព្វផ្សាយចំនួន៣ភាសា រួមមានភាសាខ្មែរ អង់គ្លេស និងចិនជាដើម។
ទីស្នាក់ការកណ្តាលថ្មីផ្ទាល់ខ្លួនជាលើកដំបូងរបស់អង្គភាពព័ត៌មាន Fresh News ត្រូវបានសម្ពោធជាផ្លូវការកាលពីថ្ងៃ១២ ខែធ្នូ ឆ្នាំ២០២០។ ក្រោមការប្តេជ្ញាចិត្តរបស់ លោក លឹម ជាវុត្ថា ក្នុងនាមជាមេដឹកនាំកំពូល, Fresh News នឹងបន្តពង្រីកសមត្ថភាព ក្នុងការផ្សព្វផ្សាយរបស់ខ្លួនជាបន្តបន្ទាប់ទៀត ជាមួយនឹងការពង្រឹងសមត្ថភាពរបស់បុគ្គលិកប្រកបដោយគុណភាព៕