(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ នាង ផាត រដ្ឋលេខាធិការ ប្រចាំការក្រសួងការពារជាតិ និងជាប្រធានក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាពបើកកិច្ចប្រជុំក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យល័យការពារជាតិ។
កិច្ចប្រជុំនេះ ក៏មានការមានការអញ្ជើញចូលរួមពី នាយឧត្តមសេនីយ៍ ជា តារា សាកលវិទ្យាធិការ សាកលវិទ្យាល័យការពារជាតិ និងជាអនុប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យការពារជាតិ និងសាកលវិទ្យាធិការរងជាច្រើនរូបទៀត។
ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ក៏បានចង្អុលបង្ហាញឱ្យថ្នាក់ដឹកនាំនៃសាកលវិទ្យាល័យការពារជាតិ ត្រូវបន្តខិតខំធ្វើការដឹកនាំបញ្ជាព្រោះសាកលវិទ្យាល័យការបារជាតិ គឺជាថ្នាលបណ្តុះបណ្តាលជាមជ្ឃមណ្ឌលកសាង និងជាកន្លែងតម្រង់ទិសដល់ នាយទាហាន នាយទាហានរង ពលទាហាន ក្នុងវិស័យការពារជាតិឱ្យសមស្របទៅតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក៏ដូចជាថ្នាក់ដឹកនាំរបស់ក្រសួងការពារជាតិ ដើម្បីពង្រឹងវិន័យ កសាងកេរ្តិ៍ឈ្មោះ និងគុណភាពអប់រំដល់សិក្ខាកាមទាំងអស់ នៃសាកលវិទ្យាល័យការពារជាតិ។
ក្នុងកិច្ចប្រជុំនេះដែរ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានពាំនាំនូវអនុសាសន៍ណែនាំរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដោយណែនាំដល់ក្រុមប្រឹក្សាភិបាលសាកលវិទ្យាល័យ នៃក្រសួងការពារជាតិ ត្រូវរៀបចំកិច្ចប្រជុំឱ្យបានទៀងទាត់ ជាប់ជាប្រចាំត្រីមាស ឆមាស និងឆ្នាំ ដើម្បីត្រួតពិនិត្យដំណើរការ និងការប្រព្រឹត្តទៅការងារបណ្តុះបណ្តាលហ្វឹកហ្វឺនរបស់សាកលវិទ្យាល័យការពារជាតិ និស្សិតសិក្សាឱ្យមានប្រសិទ្ធភាព និងរៀបចំទិសដៅការងារអនុវត្តបន្ត។
តាមរយៈអនុសាសន៍ដ៏មានតម្លៃរបស់ សម្តេចពិជ័យសេនា ទៀ បាញ់ ដែលត្រូវបានលើកឡើងដោយ នាយឧត្តមសេនីយ៍ នាង ផាត ក៏បានរំលឹកដល់គណៈគ្រប់គ្រងសាកលវិទ្យាល័យ ធ្វើបច្ចុប្បន្នភាពឯកសារបង្រៀននិស្សិត ឱ្យបានជាប់ជាប្រចាំ ស្របតាមសភាពការណ៍វិវត្តន៍ថ្មីៗ នាពេលបច្ចុប្បន្ន បន្តរៀបចំកម្មវិធីបំប៉ន បណ្តុះបណ្តាលគរុកោសល្យដល់យោធាចារ្យគ្រប់រូប តាមរយៈអញ្ជើញវាគ្មិនដែលមានបទពិសោធន៍ពីក្រសួង ស្ថាប័នពាក់ព័ន្ធចូលរួមផ្តល់ធាតុចូលបន្ថែមសម្រាប់រៀបចំខ្លឹមសារឯកសារបង្រៀន។
បើតាមអនុសាសន៍របស់ សម្តេចពិជ័យសេនា បានបន្តថា ថ្នាក់នាំសាកលវិទ្យាល័យការពារជាតិ ត្រូវបន្តចងសម្ព័ន្ធមេត្រីភាព និងចុះអនុស្សរណៈយោគយល់ជាមួយបណ្តាសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សាទាំងក្នុង និងក្រៅប្រទេសដើម្បីផ្លាស់ប្តូរបទពិសោធន៍ទៅវិញទៅមក លើការសិក្សាអប់រំ និស្សិត សិក្ខាកាម និងការបង្រៀនរបស់យោធាចារ្យគ្រប់រូប។ បន្តពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការលើផ្នែកបណ្តុះបណ្តាល ហ្វឹកហ្វឺនជាមួយស្ថាប័នដៃគូអន្តរជាតិ ដោយឈរលើស្មារតីអធិបតេយ្យជាតិ ដើម្បីរិះរកប្រភពចំណូលធ្វើការអភិវឌ្ឍន៍ សម្ភារៈ មធ្យោបាយ ឧបទេសបម្រើឱ្យការបង្រៀន និងសិក្សាទៅតាមបច្ចេកវិទ្យាសម័យទំនើប។
ពាក់ព័ន្ធនឹងចំណុចនេះ នាយឧត្តមសេនីយ៍ ជា តារា បានប្តេជ្ញា និងគោរពតាមបទបញ្ជារបស់រាជរដ្ឋាភិបាលនៃកម្ពុជា តាមរយៈសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលមាននាយឧត្តមសេនីយ៍ នាង ផាត ជាប្រធានក្រុមប្រឹក្សាភិបាលនៃសាកលវិទ្យាល័យការពារជាតិ៕