(ភ្នំពេញ)៖ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានផ្ដល់ថវិកាឧបត្ថម្ភ ចំនួន១៥លានរៀល សម្រាប់ឆមាសទី១ ឆ្នាំ២០២១នេះ ជូនដល់យុវនារី-កុមាររីដ៏កំសត់ ដែលរស់នៅក្នុងមណ្ឌលស្ដារនីតិសម្បទាហាហ្វេស៊ីបទុំឌី នៃអង្គការអាហ្វេស៊ីបកម្ពុជា។
ពិធីប្រគល់-ទទួលថវិកា និងការរៀបចំអាហារមួយពេលជូនយុវនារី-កុមារី និងបុគ្គលិក នៃអង្គការអាហ្វេស៊ីបកម្ពុជានេះ បានធ្វើឡើងនៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្ដមានរបស់លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បន្ទាប់ពីមានការចាត់តាំងរបស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។
ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ បានពាំនាំប្រសាសន៍ សួរសុខទុក្ខ ការនឹករលឹក និងអាណិតស្រលាញ់ របស់សម្តេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន។ ជាពិសេស បន្ដជំរុញលើកទឹកចិត្ដ ដល់កុមាររីទាំងអស់ ត្រូវខិតខំរៀនសូត្រ គោរពវិន័យ ក្នុងការរស់នៅ ដើម្បីក្លាយជាបុគ្គលមានសមត្ថភាព ប្រកបដោយគុណធម៌ និងសីលធម៌ សម្រាប់គ្រួសារ និងសង្គមជាតិ។
ជាមួយគ្នានោះ លោកស្រី ម៉ែន នារីសោភ័គ ក៏បានក្រើនរម្លឹក និងអំពាវនាវដល់ យុវនារី-កុមារី និងបុគ្គលិក នៅអង្គការអាហ្វេស៊ីបកម្ពុជា បន្ដរួមគ្នាអនុវត្ដក្នុងការរស់នៅធម្មតា តាមបែបគន្លងថ្មី ជាពិសេសត្រូវប្រកាន់ខ្ជាប់នូវវិធាន ៣ការពារ និង៣កុំ ដែលសម្ដេចតេជោ នាយករដ្ឋមន្ដ្រីកម្ពុជា តែងតែធ្វើការអំពាវនាវដល់ប្រជាពលរដ្ឋជារៀងរាល់ពេល ដើម្បីចៀសផុតពីហានិភ័យនៃការឆ្លងរីករាលនៃជំងឺកូវីដ១៩។
ទន្ទឹមនឹងនោះ យុវនារី-កុមារី រួមទាំងបុគ្គលិក នៃអង្គការអាហ្វេស៊ីបកម្ពុជា សម្តែងនូវការដឹងគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្ដសណ្ដោសប្រណី ការព្រួយបារម្ដ និងក្ដីអាណិតស្រលាញ់ ដោយមិនដែលបំភ្លេច ទោះក្នុងកាលៈទេសៈណាក៏ដោយ ជាក់ស្ដែងក្នុងអំឡុងវិបត្ដិជំងឺកូវីដ១៩នេះ ថ្នាក់ដឹកនាំប្រទេស រួមទាំងកាកបាទក្រហមកម្ពុជា តែងតែផ្ដាំផ្ញើ និងលើកទឹកចិត្ដ រួមទាំងថវិកា និងគ្រឿងឧបភោគ-បរិភោគ មិនដែលដាច់នោះឡើយ។
សូមជម្រាបថា បន្ថែមពីការឧបត្ថម្ភថវិកាប្រចាំឆមាសទី១ ឆ្នាំ២០២១ ចំនួន១៥លានរៀល កាកបាទក្រហមកម្ពុជា បានផ្តល់អំណោយរួមមាន៖ មី៥០កេស, ត្រីខ៥០០កំប៉ុង, ទឹកត្រី៦០ដប, ទឹកស៊ីអ៊ីវ៦០ដប, ផ្លែប៉ោម១កេស, ផ្លែក្រូចខ្វិច៤កេស, ផ្លែទំពាំងបាយជូរ៣កេស, ទឹកសុទ្ធ២០កេស, ទឹកក្រូច២០កេស, ប្រេងឆា២កេស, ជែលលាងដៃ៤កេស, និងម៉ាស១កេស។ សម្រាប់កុមារី-យុវនារី ១២៨នាក់ ក្នុងម្នាក់ៗទទួលបាន ឃីត (មុង ភួយ សារុង ក្រមា អាវយឺត)១កញ្ចប់ និងថវិកា២ម៉ឺនរៀល ចំណែកបុគ្គលិក-គ្រូបង្រៀន៣១នាក់ ក្នុងម្នាក់ៗទទួលបានថវិកា៥ម៉ឺនរៀល។
បច្ចុប្បន្ននេះ យុវនារី និងកុមារី ចំនួន ១២៨នាក់ កំពុងទទួលការឧបត្ថម្ភរបស់អង្គការអាហ្វេស៊ីបកម្ពុជា ដែលរួមមាន៖ យុវនារី និងកុមារីចំនួន៧២នាក់ កំពុងស្នាក់នៅក្នុងមណ្ឌលស្ដារនីតិសម្បទាអាហ្វេស៊ីបទុំឌី ដើម្បីទទួលបានសេវាគាំពារផ្នែកសុខភាពចិត្ដសាស្ដ្រ ច្បាប់ និងការអប់រំ នៅក្នុងនោះមាន យុវនារី ១២នាក់ កំពុងសិក្សាថ្នាក់ឧត្ដមសិក្សា (មហាវិទ្យាល័យ)។
ក្នុងនោះ យុវនារី ចំនួន៧នាក់ កំពុងរៀនជំនាញបណ្ដុះបណ្ដាលផ្នែកអ៊ុតសក់ កាត់ដេរ ចុងភៅ និងយុវនារី និងកុមារីចំនួន៤៩នាក់ទៀត បន្ដទទួលការឧបត្ថម្ភជាសម្ភារសិក្សា និងសេវាផ្សេងៗពីអង្គការអាហ្វេស៊ីបកម្ពុជា នៅតាមសហគមន៍ បន្ទាប់ពីបញ្ជូនត្រលប់ទៅរស់នៅជាមួយគ្រួសារវិញ៕