(កំពង់ធំ)៖ លោក ជា ចាន់តូ សមាជិកអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល គណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះជួយស្រុកសន្ទុក បានស្នើដល់មន្រ្ដីតាមមូលដ្ឋានទាំងអស់ ពង្រឹងសន្ដិសុខសង្គមឲ្យបានខ្លាំងក្លា ក្នុងការទប់ស្កាត់គ្រឿងញៀន។
ការលើកឡើងរបស់លោក ជា ចាន់តូ ធ្វើឡើងក្នុងឱកាសអញ្ជើញចូលរួម ផ្សព្វផ្សាយខ្លឹមសារ របាយការណ៍របស់គណអចិន្ត្រៃយ៍នៃ គណកម្មាធិការកណ្ដាលស្ដីពី សភាពការណ៍ទូទៅ និងការងារបក្សឆ្នាំ២០២០ និងទិសដៅភារកិច្ចឆ្នាំ២០២១ ដល់ថ្នាក់ដឹកនាំ មន្ត្រីបក្សស្រុក ឃុំ និង ក្រុមយុវជនគណបក្សទូទាំងស្រុក។
ក្រៅពីការជំរុញទប់ស្កាត់គ្រឿងញៀននេះ លោក ជា ចាន់តូ បានជំរុញឲ្យមានការពង្រីក កសាងកម្លាំងយុវជនជាអ្នកបន្តវេន ត្រូវផ្ដល់អាទិភាព ដល់កម្លាំងយុវជនជាស្ត្រី។
លោកបានក្រើនរំលឹកឲ្យបន្តរួបរួមសាមគ្គីគ្នា ថែរក្សាស្ថេរភាពនយោបាយ និងសន្តិភាព និងបន្តរក្សាស្ថេរភាពម៉ាក្រូសេដ្ឋកិច្ចឲ្យបានល្អ ហើយត្រូវបង្កើនបន្តការប្រុងប្រយត្ន័ និងប្រឆាំងដាច់ខាត រាល់ការឧបាយកលណា ដែលប៉ុនប៉ងបំផ្លាញ រាល់សមិទ្ធផលដែលប្រជាជន និងរាជរដ្ឋាភិបាលខិតខំកសាង។
លោក ជា ចាន់តូ បញ្ជាក់ថា ទោះកម្ពុជាមានកម្លាំងបន្តវេន និងមន្ត្រីល្អៗដ៏ដោយ បើខ្វះការសាមគ្គីនិងឯកភាពគ្នានោះ កម្ពុជាមិនអាចសម្រេចបានជោគជ័យការងារ និងទិសដៅសំខាន់ៗ និងភាពរឹងមាំរបស់គណបក្សនោះឡើយ។ ដូច្នេះដើម្បីសម្រេចបានផែនការ និងទិសដៅចម្បងៗរបស់គណបក្សប្រជាជកម្ពុជា ដែលដឹកនាំរាជរដ្ឋាភិបាលឲ្យជោគជ័យ កត្តាសំខាន់ត្រូវបន្តយកចិត្តទុកដាក់មុនគេគឺ ការសាមគ្គីភាព, គុណធម៌ និងវិន័យ។
លោក ជា ចាន់តូ ស្នើឲ្យមន្ត្រីគណបក្សតាមមូលដ្ឋាន បន្តយកចិត្តទុកដាក់ ទប់ស្កាត់ការពារ ការរីករាលដាលនៃជំងឺកូវីដ១៩ ពិសេសពេលបុណ្យចូលឆ្នាំចិន និងវៀតណាមខាងមុខនេះ ដោយត្រូវអនុវត្តឲ្យបានដាច់ខាត តាមប្រសាសន៍អំពាវនាវរបស់សម្ដេចតេជោ ហ៊ុន សែន និងក្រសួងសុខាភិបាល៕