(ភ្នំពេញ)៖ លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា យោងតាមការសិក្សាបានបង្ហាញថា ពេលស្រ្តីកាន់តែច្រើន មានលទ្ធភាពទទួលបាន និងប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការ ពួកគេនឹងចូលរួមក្នុងការអភិវឌ្ឍគ្រួសារ និងសហគមន៍ច្រើនជាងបុរស។
ថ្លែងឲ្យដឹងក្នុងកម្មវិធី វេទិកាប្រព័ន្ធអេកូឡូស៊ី សម្រាប់សហគ្រិនភាពស្តីពី «លទ្ធភាពទទួលបានហិរញ្ញប្បទាន សម្រាប់សហគ្រិនស្រ្តី ក្នុងសម័យកាលកូវីដ១៩»
មន្ដ្រីជាន់ខ្ពស់រូបនេះបញ្ជាក់ថា ការចូលរួមចំណែករបស់ស្រ្ដី តាមរយៈការលើកកម្ពស់ជីវភាពរស់នៅ ការបង្កើនឱកាសអាជីវកម្ម ការសន្សំ និងការត្រៀមខ្លួនទប់ទល់បញ្ហាហិរញ្ញវត្ថុ ពេលមានអាសន្ន ដែលកត្តាទាំងនេះនឹងនាំឱ្យគ្រួសារ និងសហគមន៍របស់ពួកគេ មានលទ្ធភាពច្រើនជាងមុន ក្នុងការទទួលបានសេវាចាំបាច់នានាដូចជា សេវាអប់រំ សេវាសុខភាព អនាម័យ និងទឹកស្អាតជាដើម។
លោកបានបន្ថែមថា វេទិកានេះពិតជាឱកាសល្អ ក្នុងការចែករំលែកព័ត៌មានផ្នែកតម្រូវការ ផ្នែកផ្គត់ផ្គង់ និងផ្នែកបទប្បញ្ញត្តិ រវាងសហគ្រិន ពិសេសសហគ្រិនស្រ្តី ដែលជាអតិថិជនគោលដៅ គ្រឹះស្ថានផ្តល់សេវាហិរញ្ញវត្ថុ និងអាជ្ញាធរពាក់ព័ន្ធ។ ដោយមានការចូលរួមពីអង្គការ ផេក កម្ពុជា (Pact Cambodia) និងទីភ្នាក់ងារសហរដ្ឋអាមេរិក ដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) ដែលបានផ្តួចផ្តើមរៀបចំវេទិកានេះឡើង និងចូលរួមយ៉ាងសកម្មក្នុងការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ សម្រាប់ស្រ្តី និងស្រ្តីជាសហគ្រិន។
លោកបានបញ្ជាក់ថា យោងតាមទិន្នន័យផ្នែកផ្គត់ផ្គង់បង្ហាញថា គិតត្រឹមដំណាច់ឆ្នាំ២០២០ ប្រព័ន្ធធនាគារទាំងមូលបានផ្តល់សេវាហិរញ្ញវត្ថុផ្លូវការ ជូនអតិថិជនប្រាក់បញ្ញើជាង៨លានគណនី និងអតិថិជនកម្ចីចំនួនជាង៤លាននាក់។ កម្រិតបរិយាបន្នហិរញ្ញវត្ថុ សម្រាប់ប្រជាជនទាំងពីរភេទ គឺប្រហាក់ប្រហែលគ្នា។
ចំណែកឯរបាយការណ៍ មូលនិធិអភិវឌ្ឍន៍មូលធន អង្គការសហប្រជាជាតិ (UNCDF) បង្ហាញថា ទោះបីជាបរិយាបន្នហិរញ្ញវត្ថុ មានកំណើនគួរឱ្យកត់សម្គាល់ ក្នុងរយៈពេលមួយទស្សវត្យចុងក្រោយនេះ ក៏ការលើកកម្ពស់បរិយាបន្នហិរញ្ញវត្ថុ នៅមានបញ្ហាប្រឈមមួយចំនួន ពិសេសសម្រាប់ស្រ្តី។
ទោះបីជាតួរលេខបង្ហាញថា ស្រ្តី និងបុរស មានលទ្ធភាពស្មើគ្នា ក្នុងការទទួលបានសេវាហិរញ្ញវត្ថុ ប៉ុន្តែគម្លាតនៃការប្រើប្រាស់ សេវាហិរញ្ញវត្ថុរវាងបុរស និងស្រ្តី ស្ថិតនៅដាច់ឆ្ងាយពីគ្នា។
នៅកម្ពុជាមូលនិធិ UNCDF បានរកឃើញថា គណនីប្រាក់បញ្ញើប្រមាណ៧០% ជាគណនីអសកម្មដែលមាន សមតុល្យតិចតួចបំផុតហើយភាគច្រើន នៃគណនីទាំងនេះជារបស់ស្រ្តី ហើយបើតាមរបាយការណ៍ក្រុមហ៊ុន ក្រេឌីត ប្យួរ៉ូ (ខេមបូឌា) ខូ អិលធីឌី បានបង្ហាញថា លទ្ធភាពទទួលបានឥណទានរបស់ស្រ្តីមានអត្រា៥៤% ខ្ពស់ជាងបុរសបន្តិចដែលមាន៤៦% នៃចំនួនអតិថិជនកម្ចីសរុប ប៉ុន្តែទំហំឥណទានជា មធ្យមរបស់ស្រ្តី មានកម្រិតទាបប្រមាណ៥,១០០ដុល្លារអាមេរិក បើធៀបនឹងចំនួនឥណទានជាមធ្យម របស់បុរសប្រមាណ៦,៣០០ដុល្លារអាមេរិក។
លោកបានបញ្ជាក់ថា លើសពីនេះស្រ្តីជាសហគ្រិន តែងប្រឈមបញ្ហាជាច្រើន ពាក់ព័ន្ធនឹងលទ្ធភាព ទទួលបានហិរញ្ញប្បទាន សម្រាប់អាជីវកម្មរបស់ខ្លួន ដូចជាបញ្ហាផ្នត់គំនិតបែបប្រពៃណី កង្វះព័ត៌មានអំពីសេវា និងផលិតផលហិរញ្ញវត្ថុ មិនមានលទ្ធភាពក្នុងការបំពេញ តាមលក្ខខណ្ឌតម្រូវនានា និងខ្វះការយល់ដឹងផ្នែកហិរញ្ញវត្ថុ។
សូមជម្រាបថា ដើម្បីជំរុញបរិយាបន្នហិរញ្ញវត្ថុ រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញយុទ្ធសាស្រ្តជាតិស្តីពី «បរិយាបន្នហិរញ្ញវត្ថុ ឆ្នាំ២០១៩-២០២៥» កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ដោយបានកំណត់គោលដៅ ការបង្កើនលទ្ធភាពទទួលបានសេវាហិរញ្ញវត្ថុផ្លូវការ ដែលមានគុណភាព កាត់បន្ថយអត្រាស្រ្តី ដែលមិនទាន់ទទួលបានសេវាហិរញ្ញវត្ថុ ឲ្យបានពាក់កណ្តាលពី២៧% មក១៣% និងពង្រីកការប្រើប្រាស់សេវាហិរញ្ញវត្ថុផ្លូវការពី៥៩% ទៅ៧០% ត្រឹមឆ្នាំ២០២៥ ព្រមទាំងធ្វើឲ្យប្រសើរឡើងនូវសុខុមាលភាពគ្រួសារ និងគាំទ្រកំណើនសេដ្ឋកិច្ច។
អង្គការ Pact Cambodia បានបញ្ហាថា វេទិការនេះរៀបចំឡើង ដើម្បីឆ្លើយតបគោលបំណងរួមគ្នា របស់ភាគីពាក់ព័ន្ធ ដើម្បីគាំទ្រសហគ្រិនស្ត្រី ក្នុងការទទួលបានផលិតផល និងសេវាហិវត្ថុនានា ក្នុងអំឡុង និងក្រោយពេលជំងឺរាតត្បាត កូវីដ-១៩ និងយោតាមការសង្កេតឃើញតម្រូវការសិក្សា ចែករំលែក និងសហការគ្នារវាងភាគីពាក់ព័ន្ធជាច្រើន ដើម្បីផ្តល់ព័ត៌មាន និងផលិតផលហិរញ្ញវត្ថុ សម្រាប់សហគ្រិនស្ត្រី។
បន្ទាប់ពីវេទិកានេះរំពឹងថា នឹងអាចបង្កើនកិច្ចសហប្រតិបត្តិការ រវាងតួរអង្គសំខាន់ៗ ដើម្បីពាំនាំជម្រើសហិរញ្ញវត្ថុ ប្រកបដោយសុវត្ថិភាព ដល់សហគ្រិនស្ត្រីវ័យក្មេង ដើម្បីឲ្យពួកគេអាចពង្រីក និងចាប់ផ្តើមមុខជំនួញរបស់ខ្លួន៕