(ប៉ៃលិន)៖ លោក សៅ សារ៉ាត់ អ្នកតំណាងរាស្ត្រមណ្ឌលប៉ៃលិន អភិបាលរងខេត្ត និងមន្ត្រីជំនាញ នៅព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បាននាំយក និងបំពាក់ឧបករណ៍ហាត់ប្រាណបឋមចំនួន១៥ឈុត មកបំពាក់នៅសួនសាធារណៈមុខសាលាខេត្តប៉ៃលិន និងសួនសេះ៨ ឬសួនស្តេចកន។
ការយកយកឧបករណ៍ហាត់ប្រាណមកដាក់នៅទីសាធារណៈ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសុខុមាលភាព ពិសេសលើសុខភាពប្រជាពលរដ្ឋនៅខេត្តប៉ៃលិន, លោកស្រី បាន ស្រីមុំ អភិបាលខេត្តប៉ៃលិន ដែលបានបរិច្ចាគ ផ្ទាល់ខ្លួន ក្នុងការយកឧបករណ៍ហាត់ប្រាណនេះ ដើម្បីឱ្យប្រជាពលរដ្ឋបន្ថែមទៅលើការកម្សាន្ត នៅក្នុងសួនទាំង២នេះ ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើលំហាត់ប្រាណដោយសេរី។
ក្នុងឱកាសទទួលបានឧបករណ៍សម្រាប់ហាត់ប្រាណចំនួន១៥ឈុតនេះ ប្រជាពលរដ្ឋបានបង្ហាញពីការរីករាយព្រោះថានៅទីធ្លានេះ មានសោភ័ណភាពល្អ មានបរិយាកាសបរិសុទ្ធ និងបានផ្តល់អត្ថប្រយោជន៍ច្រើនដល់សុខភាព។ ប្រជាពលរដ្ឋទាំងនេះ បានថ្លែងអំណរគុណចំពោះអាជ្ញាធរខេត្តប៉ៃលិន ដែលបានគិតគូរពីសុខភាពរបស់ប្រជាពលរដ្ឋ។
សូមបញ្ជាក់ថា ដើមី្បបំពេញនូវតម្រូវការរបស់ប្រជាពលរដ្ឋនៅក្រុងប៉ៃលិន អាជ្ញាធរខេត្តបានបន្តធ្វើការអភិវឌ្ឍខេត្តទ្វេឡើងថែមទៀត ដូចជា ការពង្រីកនូវទីធ្លាសម្រាប់ប្រជាពលរដ្ឋ និងភ្ញៀវទេសចរមកធ្វើការលំហែកាយ ធ្វើលំហាត់ប្រាណដោយមានបំពាក់ឧបករណ៍ហាត់ប្រាណ និងមានកន្លែងក្មេងលេងដោយកែប្រែសួនទាំង២នេះ ឱ្យទៅជាសួនបែបទំនើបសម្រាប់ភ្ញៀវទេសចរមកធ្វើការលំហែកាយ ជាកន្លែងសម្រាប់ប្រជាពលរដ្ឋធ្វើលំហាត់ប្រាណ៕