(ភ្នំពេញ)៖ កម្ពុជា-ជប៉ុន នឹងបើកកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មាធិការចម្រុះ រវាងប្រទេសទាំងពីរ នៅថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១ ខាងមុខនេះ ក្នុងគោលបំណង ដើម្បីបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ច។ នេះបើតាមសេចក្តីជូនដំណឹង របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងសេចក្ដីជូនដំណឹង បានបញ្ជាក់ថា កិច្ចប្រជុំ លើកទី២១ នៃគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ខាងលើនេះ នឹងដឹកនាំដោយលោក សុខ ចិន្តាសោភា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងលោក ម៉ាសាហ៊ីរ៉ូ មីខាមី (Masahiro MIKAMI) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុនប្រចាំកម្ពុជា។
កិច្ចប្រជុំនេះ ធ្វើឡើងក្រោមក្របខណ្ឌ នៃកិច្ចព្រមព្រៀងរវាង ប្រទេសកម្ពុជា និងជប៉ុន ស្តីពីសេរីភាវូបនីយកម្ម ការជំរុញ និងការការពារវិនិយោគ ដែលត្រូវបានចុះហត្ថលេខា ដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងលោក ស៊ីនហ្សូ អាបេ (Shinzo Abe) នាយករដ្ឋមន្ត្រីនៃជប៉ុន កាលពីថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០០៧។
កិច្ចប្រជុំទ្វេភាគីនេះ គឺជាផ្នែកមួយ នៃយន្តការថែទាំអ្នកវិនិយោគ ដែលបានផ្តល់ឱកាស ឲ្យអ្នកវិនិយោគជប៉ុន លើកឡើងដោយផ្ទាល់នូវបញ្ហាប្រឈម និងសំណូមពរ ជូនតំណាងរាជរដ្ឋាភិបាលកម្ពុជាពិនិត្យ និងរកដំណោះស្រាយ ក្នុងគោលបំណងជំរុញការវិនិយោគជប៉ុននៅកម្ពុជា ក៏ដូចជាធ្វើឲ្យប្រសើរឡើងនូវ បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា។
គូសបញ្ជាក់ថា កិច្ចប្រជុំគណៈកម្មាធិការចម្រុះ កម្ពុជា-ជប៉ុន ត្រូវបានរៀបចំឡើងចំនួន២ដង ក្នុងមួយឆ្នាំ ដោយកិច្ចប្រជុំលើកទី១ បានប្រព្រឹត្តទៅនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០០៩៕