(កំពត)៖ លោក ជាវ តាយ អភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តកំពត នៅព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានដឹកនាំកម្លាំងប្រដាប់អាវុធ សមត្ថកិច្ចពាក់ព័ន្ធប្រជុំរៀបចំផែនការ ទប់ស្កាត់ការលួចឆ្លងដែនខុសច្បាប់ចេញចូល តាមព្រំដែនខេត្តកំពត ជាមួយប្រទេសវៀតណាម ដើម្បីការពារការចម្លងជំងឺកូវីដ-១៩។
ក្នុងកិច្ចប្រជុំនោះ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានបង្ហាញពីផែនការពាររបស់កម្លាំងនគរបាល នៅតាមបន្ទាត់ព្រំដែន ដោយសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ធ្វើយ៉ាងណាទប់ស្កាត់ ឲ្យខាងតែបាននូវការលួចឆ្លងដែន ហើយប្រសិនបើមានការឆ្លងដែន ត្រូវតម្រូវ ឲ្យធ្វើចត្តាឡីស័ក តាមចំនួនកំណត់របស់ក្រសួងសុខាភិបាល។
បន្ថែមពីនេះ លោក ជាវ តាយ ក៏បានដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំ ឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំ ឲ្យធ្វើចត្តាឡីស័កជាដាច់ខាត ដោយគ្មានការលើកលែងនោះឡើយ។
គួរជម្រាបថា កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជា ម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំ ឲ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឲ្យទប់ស្កាត់កុំ ឲ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំ ឲ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះ។ សម្តេចតេជោ បានបញ្ជា ឲ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។ តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០២០ ដោយមិនធ្វើ ឲ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ៕