(ស្វាយរៀង)៖ អភិបាលខេត្តស្វាយរៀង បានដាក់បទបញ្ជាទៅសមត្ថកិច្ចនៅតាមព្រំដែនទាំងអស់ ត្រូវរួមគ្នាទប់ស្កាត់កុំឲ្យមានប្រជាពលរដ្ឋប្រទេសទាំងសងខាង លួចឆ្លងដែនចេញចូលសំដៅទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ហើយបើមានការចាំបាច់ត្រូវឆ្លងចូលមក ត្រូវតែបង្ខំឲ្យធ្វើចត្តាឡីស័កជាដាច់ខាត។
មន្ត្រីសាលាខេត្តស្វាយរៀង បានឲ្យដឹងថា ដោយអនុវត្តតាមបទបញ្ជាដ៏ម៉ឺងម៉ាត់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា, នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ, លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង និងលោកឧត្តមសេនីយ៍ទោ កឹង ឃន ស្នងការនគរបាលខេត្តស្វាយរៀង, នាយប់ថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ កម្លាំងវរសេនាតូចនគរបាលការពារព្រំដែនគោកលេខ៦០៩ កម្លាំងប៉ុស្តិ៍នគរបាលការពារព្រំដែន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង សហការជាមួយកម្លាំងយោធាការពារព្រំដែន កម្លាំងកងរាជអាវុធហត្ថ បានពង្រឹងបន្ថែមការត្រួតពិនិត្យតាមច្រកចេញ-ចូលព្រំដែន ទៅតាមភូមិសាស្ត្រដែល ខ្លួនគ្រប់គ្រង។
មន្ត្រីដដែលបានបន្តថា កម្លាំងសមត្ថកិច្ចបានចេញល្បាត តាមភូមិសាស្ត្រជាប់ព្រំដែនជាមួយប្រទេសវៀតណាម ដើម្បីធ្វើយ៉ាងណាមិនឱ្យមានការឆ្លងដែនខសច្បាប់រវាងពលរដ្ឋនៃប្រទេសទាំងពីរ។
កាលពីរសៀលថ្ងៃព្រហស្បតិ៍ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានដាក់ចេញនូវបទបញ្ជាម៉ឺងម៉ាត់ថ្មីមួយទៀត ដោយណែនាំឱ្យអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងកងកម្លាំងប្រដាប់អាវុធផងដែរ ឱ្យទប់ស្កាត់កុំឱ្យមានការឆ្លងជំងឺកូវីដ១៩ ពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជា។ ក្នុងសារសំឡេងនេះសម្តេចតេជោ ហ៊ុន សែន បានណែនាំឱ្យមានការធ្វើចត្តាឡីស័ករាល់ឆ្លងព្រំដែនប្រទេសទាំងពីរ។
សម្តេចតេជោ បានគូសបញ្ជាក់ដូច្នេះ «ខ្ញុំសូមប្រកាសឱ្យបណ្តាខេត្តដែលនៅជាប់ប្រទេសវៀតណាមទាំងអស់ ពីខេត្តកំពត រហូតដល់ខេត្តរតនគិរី ចាត់វិធានការបន្ទាន់ទប់ស្កាត់កុំឱ្យមានការឆ្លងទៅឆ្លងមករបស់ ប្រជាជនទាំងប្រជាជនកម្ពុជា និងប្រជាជនវៀតណាម។ ប្រជាជនកម្ពុជា ដែលឆ្លងទៅប្រទេសវៀតណាម ក៏ត្រូវតែធ្វើចត្តាឡីស័កដោយអាជ្ញាធរវៀតណាម ដូចដែលធ្វើកន្លងទៅ។ រីឯប្រជាជនវៀតណាម ដែលឆ្លងចូលមកកម្ពុជា ក៏ត្រូវតែធ្វើចត្តាឡីស័កនៅក្នុងប្រទេសកម្ពុជាផងដែរ។ ប្រជាជនកម្ពុជា ដែលចេញពីប្រទេសវៀតណាម ចូលមកក្នុងប្រទេសកម្ពុជាក៏ត្រូវតែរៀបចំធ្វើចត្តាឡីស័កផងដែរ»។
សម្តេចតេជោបន្តថា «ប្រការនេះពឹងពាក់ទាំងស្រុងទៅលើអាជ្ញាធរ អភិបាលខេត្ត ដឹកនាំការងារនេះ ជាមួយកងកម្លាំងប្រដាប់អាវុធឈរជើងបិទខ្ទប់ឱ្យខានតែបាននូវការឆ្លងតាមច្រករបៀងទាំងនៅតាមព្រំដែន និងត្រួតពិនិត្យនៅខាងក្នុងឱ្យបានម៉ត់ចត់ ហើយតម្រូវឱ្យរៀបចំតំបន់ធ្វើចត្តាឡីស័កឱ្យបានរឹងមាំបំផុត»។ សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា រាល់អ្នកឆ្លងចូលមកប្រទេសកម្ពុជា ត្រូវតែតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃជាដាច់ខាត។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានណែនាំទៅដល់ក្រសួងសុខាភិបាល ត្រូវផ្គត់ផ្គង់ទៅបណ្តាខេត្តនៅជាប់ព្រំដែនវៀតណាម។ ជាមួយគ្នានេះខេត្តជាប់ព្រំដែនវៀតណាម ត្រូវពិនិត្យមើលមានអ្វីខ្វះខាត ហើយលើកសំណើមកក្រសួងសុខាភិបាល ដើម្បីជួយរៀបចំធ្វើចត្តាឡីស័ក។
សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវក្តីបារម្ភខ្លាចមានការឆ្លងក្នុងឱកាសបុណ្យចូលឆ្នាំចិន-វៀតណាម នាសប្តាហ៍ក្រោយនេះ។ សម្តេចតេជោ បានបញ្ជាឱ្យអាជ្ញាធរពង្រាយកម្លាំងជាបន្ទាន់ ដើម្បីទប់ស្កាត់ការចេញចូលរបស់ប្រជាជនទៅតាមច្រករបៀងនានា។ តែទោះជាយ៉ាងណាសម្រាប់ការដឹកទំនិញចេញចូលប្រទេសទាំងពីរនៅមានការសម្របសម្រួល ដូចការព្រមព្រៀងគ្នាកាលពីខែមីនា ឆ្នាំ២០២០ ដោយមិនធ្វើឱ្យរាំងស្ទះដល់ការធ្វើពាណិជ្ជកម្ម និងដឹកទំនិញឆ្លងដែននោះទេ។
សូមជម្រាបថា គិតត្រឹមម៉ោង៧៖០០នាទីព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវិដ១៩ សរុបចំនួន៤៧០នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៤៥២នាក់ និងអ្នកជំងឺ១៨នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕