(ភ្នំពេញ)៖ លោកស្រី មាន សំអាន អនុប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈកម្មាធិការទី៨ ព្រឹទ្ធសភា តំណាងលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងអធីការកិច្ច បានកោតសរសើរចំពោះសមាគមនារីខណ្ឌឫស្សីកែវសង្កាត់ និងភូមិទាំងអស់ថា បើទោះបីជាជួបនូវចំណុចប្រឈមជាច្រើន ក៏នៅតែមានសកម្មភាពការងារ យ៉ាងសកម្មក្នុងការជួយបងប្អូនប្រជាពលរដ្ឋខ្វះខាតគ្រប់បញ្ហា ដែលនេះសបញ្ជាក់ឲ្យឃើញយ៉ាងច្បាស់អំពីការខិតខំប្រឹងប្រែងបំពេញមុខងារភារកិច្ច ប្រកដោយស្មារតីទទួលខុសត្រូវខ្ពស់ និងសម្រេចបានសមិទ្ធផលយ៉ាងល្អប្រសើរ។
ការថ្លែងកោតសរសើរចំពោះលទ្ធផលការងាររបស់សមាគមនារីខណ្ឌឫស្សីកែវ ពីសំណាក់លោកស្រី មាន សំអាន អនុប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជាប្រធានគណៈកម្មាធិការទី៨ ព្រឹទ្ធសភា បានធ្វើឡើង ក្នុងពេលលោកស្រីអញ្ជើញជាអធិបតីភាព ពិធីបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២០ និងលើកទិសដៅបន្ត ឆ្នាំ២០២១ របស់សមាគមនារីខណ្ឌឫស្សីកែវ ស្ថិតនៅសាលាខណ្ឌឫស្សីកែវ នាព្រឹកថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
ក្នុងពិធីនេះ ប្រធានសមាគមនារីដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ លោកស្រី អាន ផល្លា បានបង្ហាញរបាយការណ៍សង្ខេបស្ដីពី សកម្មភាពរបស់អនុសាខាសមាគមនារីខណ្ឌ ប្រចាំឆ្នាំ២០២០ ដែលស្ថិតក្រោមការដឹកនាំ របស់លោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រធានសមាគមនារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ និងជារដ្ឋមន្ត្រីក្រសួងទំនាក់ទំនងព្រឹទ្ធសភា និងអធីការកិច្ច ហើយក៏ជាប្រធានគណៈចលនាមហាជនថ្នាក់កណ្ដាលផងដែរ ដើម្បីរួមចំណែកអនុវត្តការងាររបស់គណៈកម្មាធិការសាខាសមាគមនារីរាជធានីភ្នំពេញ ក៏ដូចជាគណៈចលនាស្ត្រីរាជធានី ក្នុងការឈានទៅសម្រេចបាននូវគោលដៅរួម (កសាងគ្រួសារ សហគមន៍ មានសុភមង្គល និងសុខដុមរមនាពិតប្រាកដ) ដោយគណៈកម្មាធិការ អនុសាខាសមាគមនារី និងក្រុមចលនាស្ត្រីថ្នាក់ខណ្ឌ រហូតដល់ថ្នាក់សង្កាត់-ភូមិ បានយកចិត្តទុកដាក់ពង្រឹង និងពង្រីកសមាជិកទទួលខុសត្រូវលើភារកិច្ចរបស់ខ្លួន ក្នុងការចូលរួមការងារមានដូចជា៖
*ទី១៖ ការងារពង្រឹងសមាគមនារី ដើម្បីបំពេញតួនាទីភារកិច្ចបានគ្រប់ជ្រុងជ្រោយ និងទាន់ពេលវេលានូវរចនាសម្ព័ន្ធថ្នាក់ខណ្ឌមាន១៧រូប, បណ្ដាញចលនានារីថ្នាក់សង្កាត់ មួយសង្កាត់ ៥រូប សរុប៣៥រូប។ បណ្ដាញនារីតាមភូមិ មួយភូមិមាន៣រូប សរុប៩០រូប។ មកទល់ពេលនេះ សមាគមនារីខណ្ឌ មានសមាជិកសរុប ២៣៣០នាក់។
*ទី២៖ ការងារអប់រំផ្សព្វផ្សាយ ដោយមានការឧបត្ថម្ភគាំទ្រទាំងស្មារតី និងសម្ភារ ពីលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ និងជាប្រធានគណៈកម្មាធិការគណៈបក្សប្រជាជនកម្ពុជា, សមាគមនារីខណ្ឌ បានចូលរួមយ៉ាងសកម្មក្នុងចលនា ឃោសនាអប់រំកម្មវិធីគោលនយោបាយរបស់គណៈបក្សប្រជាជនកម្ពុជា រាជរដ្ឋាភិបាល ដល់បង-ប្អូននារីក្នុងមូលដ្ឋាន។
*ទី៣៖ សកម្មភាពមនុស្សធម៌ ក្នុងរយះពេល១២ខែនេះ គណៈកម្មាធិការ អនុសាខាសមាគមនារីខណ្ឌឫស្សីកែវ បានចុះសួរសុខទុក្ខ និងឧបត្ថម្ភដល់គ្រួសារក្រីក្រ ចាស់ជរា មានជម្ងឺ និងប្រជាពលរដ្ឋទាំង៧សង្កាត់ ដែលជួបវិបត្តិកូវីដ១៩ សរុបចំនួន ១៣០៤នាក់ សរុបជាថវិកា ១២,៥៦២,០០០រៀល (ដប់ពីរលានប្រាំរយហុកសិបពីរពាន់រៀល) ដោយក្នុងនោះរួមមាន៖ គ្រួសារមានជម្ងឺ ចំនួន៧៩គ្រួសារ, គ្រួសារក្រីក្រ ដែលកំពុងជួបវិបត្តិដោយសារជម្ងឺកូវីដ១៩ ចំនួន៨១៥គ្រួសារ, គ្រួសាររងគ្រោះដោយអគ្គិភ័យ ចំនួន១៨៥គ្រួសារ, ស្ត្រីឆ្លងទន្លេ ចំនួន៦៥គ្រួសារ, ចូលរួមបុណ្យសព ចំនួន២២សព, និងបានសហការជាមួយលោកគ្រូ អ្នកគ្រូនៅមន្ទីរពេទ្យបង្អែករាជធានី ដោយបានបញ្ជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៧១នាក់ អោយទៅពិនិត្យនិងព្យាបាលជម្ងឺ ហើយបានជួយអន្តរាគមន៍ធ្វើប័ណ្ណអាទិភាពទទួលសេវាសុខភាពសាធារណៈជូនប្រជាពលរដ្ឋក្រីក្រ ចំនួន១៣៨គ្រួសារ ដោយឥតគិតថ្លៃ។
ប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ លោកស្រី អាន ផល្លា បានអះអាងក្នុងរបាយការណ៍ដោយសង្ខេបថា លទ្ធផលដែលសមាគមនារីសម្រេចបានកន្លងមកនេះ គឺអាស្រ័យដោយមានការណែនាំ និងចង្អុលបង្ហាញពីថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ពីលោកស្រីអនុប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខណ្ឌ ជាពិសេសការជួយឧបត្ថម្ភគាំទ្រ ទាំងសម្ភារ ថវិកា និងប្រាជ្ញាស្មារតី ពីសំណាក់លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ព្រមទាំងសប្បុរសជន ផងដែរ។ អនុសាខាសមាគមនារីមានការសហការល្អជាមួយអាជ្ញាធរ និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដោយប្រឹងប្រែងអស់ពីកម្លាំងកាយចិត្ត ចូលរួមយ៉ាងសកម្មអនុវត្តការងារសង្គម នារងារមនុស្សធម៌ និងការងារផ្សេងៗទៀតនៅមូលដ្ឋាន ដោយជួបជាមួយប្រជាពលរដ្ឋ ជាពិសេសស្ត្រី កុមារ ស្ត្រីសំរាលកូន គ្រួសារទទួលមរណៈភាព គ្រួសារក្រីក្រចាស់ជរា មានជម្ងឺជួបការលំបាកក្នុងជីវភាពរស់ប្រចាំថ្ងៃ។
លោកស្រីប្រធានសមាគមនារី ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខណ្ឌ ឫស្សីកែវ បានអះអាងក្នុងរបាយការណ៍ដោយសង្ខេបទៀតថា លទ្ធផលដែលសម្រេចបាននេះ, សាខាសមាគមនារី ក៏នៅមានបញ្ហាប្រឈមនិងមានការខ្វះចន្លោះ មួយចំនួនដូចជា៖ ការដឹងព័ត៌មានមិនបានទាន់ពេលវដលាគ្រប់ជ្រុងជ្រោយក្នុងការជួយសង្គ្រោះស្ត្រីក្រីក្រ, ស្ត្រីជិតសម្រាលកូន, ចាស់ជរានៅតាមភូមិ។ ម្យ៉ាងទៀត បណ្ដាញសាខាសមាគមនារីច្រើន មានវ័យចំណាស់ សមត្ថភាពយល់ដឹងនៅមានកម្រិត ពិសេសេពាក់ព័ន្ធនិងការប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យា (ទូរស័ព្ទស្មាតហ្វូន និងកុំព្យូទ័រ) និងខ្វះខាតសម្ភារ ថវិកា របស់ក្រុមការងារធ្វើសកម្មភាព៕