(ឧត្តរមានជ័យ)៖ នៅថ្ងៃទី៤-៥ ខែកុម្ភៈ ឆ្នាំ២០២១ បន្ទាប់ពីទទួលបានការចង្អុលបង្ហាញពីឧបនាយករដ្ឋមន្ត្រី កែ គឹមយ៉ាន ប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន, ក្រុមការងាររបស់អគ្គលេខាធិការដ្ឋាន អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន ដឹកនាំដោយ ឧត្តមឧត្តមសេនីយ៍ឯក នាក់យុទ្ធា អគ្គលេខាធិការរង និងគណៈកម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្តឧត្តរមានជ័យ ដឹកនាំដោយលោក លឹម សុខតូ ប្រធានលេខាធិការដ្ឋាន គណ:កម្មាធិការត្រួតពិនិត្យគ្រឿងញៀនខេត្ត បានជួបប្រជុំពិនិត្យដំណើរការអនុវត្តយន្តការការិយាល័យទំនាក់ទំនងព្រំដែន BLO ដោយមានការចូលរួមពីតំណាងអង្គភាពពាក់ព័ន្ធ និងការងារ BLOផងដែរ។
កិច្ចប្រជុំនិងការចុះពិនិត្យនេះប្រព្រឹត្តទៅក្នុងគោលបំណង ដើម្បីស្វែងយល់និងពិនិត្យអំពីដំណើរការការិយាល័យទំនាក់ទំនងព្រំដែន BLO តាមព្រំដែនយន្តការទំនាក់ទំនងការងារលើកិច្ចសហការការងារជាមួយប្រទេសជិតខាង ចែករំលែកព័ត៌មានប្រយុទ្ធប្រឆាំងគ្រឿងញៀនដោយប្រសិទ្ធភាព។
ក្នុងឱកាសនោះលោកឧត្ដមសេនីយ៍ឯក នាក់ យុទ្ធា បានលើកឡើងថា ការអនុវត្តយន្តការ BLO ទាំងបីរបស់ខេត្តទាំងបីជាមួយប្រទេសថៃមាន៖
*ទី១៖ BLO ជប់គគីរ (កម្ពុជា) និងសាយតាគូ (ថៃ)
*ទី២៖ BLO អូរស្មាច់ (កម្ពុជា) និង BLO ចម (ថៃ)
*ទី៣៖ BLO ជាំ (កម្ពុជា) និង BLO ស្រង៉ាំ (ថៃ) បានបំពេញការងារទៅតាមតួនាទី និងភារកិច្ចរបស់ខ្លួនជាមួយនឹងការគាំទ្រពីថ្នាក់ជាតិ។
ក្នុងឱកាសនោះដែរ ឧត្តមសេនីយ៍ឯក នាក់ យុទ្ធា បានកោតសរសើរដល់ខេត្ត ដែលបានដឹកនាំសម្របសម្រួលការងាររបស់ការិយាល័យទំនាក់ទំនងព្រំដែន BLO ក្នុងពេលកន្លងមក។
លោកឧត្តមសេនីយ៍ឯក នាក់ យុទ្ធា ក៏បានដឹកនាំពិភាក្សាលើចំណុចសំខាន់ៗមួយចំនួន ដែលពាក់ព័ន្ធដល់ការពង្រឹងនូវយន្តការឈានទៅរកប្រសិទ្ធភាពទាំងការងារក្នុងក្របខណ្ឌជាតិ និងកិច្ចសហការទ្វេភាគីជាមួយប្រទេស ជាប់ព្រំដែន ហើយខ្លឹមសារ និងលទ្ធផលនៃកិច្ចពិភាក្សាមនឹងត្រូវរាយការណ៍ជូនថ្នាក់ដឹកនាំជ្រាប និងផ្តល់នូវការណែនាំអនុវត្តបន្ត៕