(កំពង់ឆ្នាំង)៖ ប៉ុន្មានថ្ងៃនេះមានការរិះគន់ថា មេឃុំឆ្នុកទ្រូ និងមន្ត្រីមួយចំនួន នៃមន្ទីរពាក់ព័ន្ធ បានឈូសឆាយដីព្រៃលិចទឹករបស់រដ្ឋក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដើម្បីប្រយោជន៍របស់ខ្លួន។
ពាក់ព័ន្ធការចោទប្រកាន់ខាងលើនេះ លោក សាំង គឹមស៊ន មេឃុំឆ្នុកទ្រូ និងក្រុមប្រឹក្សាឃុំឆ្នុកទ្រូ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានផ្ដល់បទសម្ភាសន៍ជាមួយអ្នកយកព័ត៌មាន Fresh News ថា ទីតាំងដីដែលលោក បានត្រាស់សេធ្វើផ្លូវនៅចំណុចនេះ កន្លងមកតាមផែនការអភិវឌ្ឍន៍នៅឃុំឆ្នុកទ្រូ ដោយមានការឯកភាពពីថ្នាក់លើ ក្រោយក្រុមប្រឹក្សាឃុំឆ្នុកទ្រូ បានដាក់សំណើទៅកាន់រដ្ឋបាលខេត្ត និងក្រសួងកសិកម្ម ដោយបានស្នើសុំដីព្រៃ លិចទឹកនៅក្នុងភូមិឆ្នុកទ្រូ ឃុំឆ្នុកទ្រូ ធ្វើជារណ្ដៅជីកយកអាចម៍ដីទៅចាក់ធ្វើទីតាំងផ្សារថ្មី និងកំពង់ផែថ្មី ហើយសំណើរនេះ អាជ្ញាធរខេត្តក៏បានឯកភាព ដោយបានបញ្ជូនទៅក្រសួងកសិកម្ម ហើយក្រសួងសិកម្មក៏បានឯកភាពផងដែរ។
ទើបថ្មីៗនេះ ខាងក្រុមហ៊ុន ដែលបានទទួលសិទ្ធិធ្វើការងារនេះ បានឈូសឆាយដីព្រៃដែលមានការអនុញ្ញាតឲ្យត្រាស់សេផ្លូវ ដើម្បីធ្វើទៅតាមផែនការខាងលើ។ ដូច្នេះចំពោះការវាយប្រហាររបស់ជនមួយចំនួនដែលថា រដ្ឋបាលឃុំឆ្នុកទ្រូ ឃុបឃិតជាមួយក្រុមហ៊ុនលួចឈូសបំផ្លាញផ្លាញព្រៃលិចទឹកតំបន់៣ យ៉ាងអនាធិបតេយ្យនោះ គឺជារឿងមិនពិតនោះឡើយ។
លោកមេឃុំឆ្នុកទ្រូ បានបញ្ជាក់ទៀតថា ការពិតនៅចំណុចដីខាងលើនេះគឺមានព្រៃរបោះៗ ដែលនៅជាប់នឹងភូមិរបស់ប្រជាពលរដ្ឋ និងជាដីរបស់រដ្ឋដែលថ្នាក់លើបានអនុញ្ញាតទើបអាជ្ញាធរឃុំ និងក្រុមហ៊ុនអនុវត្តទៅតាមសំណើរ អា ជ្ញាធរ និងក្រុមហ៊ុនមិនហ៊ានធ្វើអ្វីទៅតាមទំនើងចិត្ត ដើម្បីផលប្រយោជន៍ឯកជននោះឡើយ។
ជុំវិញករណីនេះដែរលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំងនៅល្ងាចថ្ងៃទី៤ ខែកុម្ភៈ បានឆ្លើយក្រុមអ្នកសារព័ត៌មានតាមទូរសព្ទបញ្ជាក់ឲ្យដឹងថា អាជ្ញាធរឃុំពិតជាបានស្នើសុំដីព្រៃលិច ទឹកដើម្បីជីកយកអាចម៍ដីទៅចាក់នៅទីតាំងផ្សារថ្មី និងកំពុងផែថ្មីពិតមែន ដែលសំណើនេះក្រសួងកសិកម្មបានឯកភាពហើយ និងបានបញ្ជូនទៅប្រមុខរាជរដ្ឋាភិបាលពិនិត្យសម្រេច ដូច្នេះផែនការនេះពិតជាដំណើរការទៅ មុខមិនថយក្រោយឡើយ៕