(កំពង់ឆ្នាំង)៖ ពិធីរៀបអាពាហ៍ពិពាហ៍បានក្លាយជាពិធីបុណ្យសពកូនកំលោះទៅវិញ និងបានធ្វើឲ្យភ្ញៀវប្រុសស្រីដែលបានអញ្ជើញមកចូលរួមពិសាភោជនាយហារនាពេលល្ងាច នៅក្នុងពិធីមង្គលការមួយកន្លែងនោះ ម្នាក់ៗរន្ធត់ចិត្តយ៉ាងខ្លាំង បន្ទាប់ពីបានទទួលព័ត៌មានមកថា មច្ចុរាជឥតមេត្តាបានឆក់យកសង្ខារកូនកំលោះក្នុងថ្ងៃរៀបការ ដោយពង្រាត់ពីកូនក្រមុំឲ្យព្រាត់ជារៀងរហូតមិនមានថ្ងៃវិលវិញ ហាក់មិនអាសូរដល់គូស្នេហ៍ថ្មោងថ្មី មួយគូរនេះឡើយ។
ហេតុការណ៍ដ៏រន្ធត់ខាងលើនេះ បានកើតឡើងនៅវេលាម៉ោងប្រមាណ ១៥៖៣០នាទីល្ងាចថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ ស្ថិតនៅក្នុងភូមិកណ្ដាល សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។
ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានកន្លែងកើតហេតុ បានឲ្យដឹងថា កូនកំលោះមានឈ្មោះ ក្រុង ពុធ អាយុជាង៤០ឆ្នាំ ជាបុរសពោះម៉ាយមានកូនពីរនាក់ត្រូវប្រពន្ធរត់ចោលរស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។ ចំណែកកូនក្រមុំមានឈ្មោះ រស់ ថាវី អាយុជាង៣០ឆ្នាំ រស់នៅភូមិកណ្ដាលសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង។
នៅមុនពេលកើតហេតុ បុរសរងគ្រោះដែលជាកូនកំលោះ កំពុងរៀបចំអាពាហ៍ពិពាហ៍ដោយត្រៀមខ្លួនដើម្បីទទួលភ្ញៀវមកចូលរួមពិសាភោជនាហារនៅវេលាល្ងាច ក៏ស្រាប់តែមានអាការៈមិនស្រួលខ្លួន ឃើញដូច្នេះក្រុមគ្រួសារ ក៏បានដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង។ បន្ទាប់មកក៏បានស្លាប់នៅក្នុងមន្ទីរពេទ្យដោយសារដាច់សរសៃឈាមខួរក្បាល ដោយជំងឺលើសឈាម។
ក្រោយពេលកើតហេតុ ក្រុមគ្រួសារក៏បានដឹកសពកូនកំលោះ មកតម្កល់ទុកធ្វើបុណ្យនៅលំនៅដ្ឋានកូនកំលោះក្នុងភូមិសំរោង សង្កាត់ផ្សារឆ្នាំង។ ដោយឡែកនៅក្នុងរោងការឯផ្ទះកូនក្រមុំ នាល្ងាចថ្ងៃទី៤ ខែកុម្ភៈនោះ នៅមុខរោង ការមិនឃើញមានវត្តមានកូនកំលោះក្រមុំដើម្បីឈរទទួលភ្ញៀវនោះឡើយ គឺអ្នកកំដរខាងកូនក្រមុំកូនកំឡោះបានជួយឈរទទួលភ្ញៀវជំនួសចំណែកកូនក្រមុំបានទៅកំដរបុណ្យសពប្ដីរបស់នាងនៅផ្ទះខាងប្ដី។
រីឯឈ្មោះ និងរូបថតកូនក្រមុំ និងកូនកំលោះនៅរោងការ ត្រូវបានគេដកចេញដែលធ្វើឲ្យភ្ញៀវមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងក្នុងរឿងនេះ នឹងមានក្តីអាណិតអាសូរគ្រប់ៗគ្នា។ ដោយឡែកភ្ញៀវដែលអញ្ជើញមកហូបការ ក៏បានបាត់អស់មួយចំនួនផងដែរ ព្រោះតែបានដឹងហេតុការណ៍នេះ ខណៈនោះដែរភ្ញៀវខ្លះបានមកហូបការ ហើយបានដឹងរឿងនេះក៏បែរជាទៅចូលរួមបុណ្យសពនៅឯផ្ទះកូនកម្លោះទៅវិញ៕