(ភ្នំពេញ)៖ គណៈកម្មការទ្រទ្រង់មូលិនិធិគន្ឋបុប្ផាប្រចាំខេត្តព្រះសីហនុ បាននាំថវិកា១០០លានរៀល ជូនមន្ទីរពេទ្យគន្ធបុប្ផានៅរាជធានីភ្នំពេញ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ ជិតវត្តភ្នំ ដើម្បីជួយដល់កុមារដែលមកសម្រាកព្យាបាល ដោយឥតគិតថ្លៃនៅក្នុងមន្ទីរពេទ្យនេះ និងរួមចំណែកឲ្យមន្ទីរពេទ្យឲ្យបន្តសកម្មភាពបានរលូននាថ្ងៃខាងមុខទៀត។
ការនាំថវិកាមូលនិធិឧបត្ថម្ភថវិកានេះ បានធ្វើឡើងនាព្រឹកថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ ក្រោមវត្តមានលោក រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានមូលនិធិគន្ធបុប្ផា, លោក ជាប ហ៊ីម ប្រធានក្រុមប្រឹក្សាខេត្ត, លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ និងលោក យន្ត មីន រដ្ឋលេខាធិការក្រសួងការពារជាតិ ព្រមទាំងមន្ត្រីសាលាខេត្តព្រះសីហនុជាច្រើនផងដែរ។ នៅក្នុងឱកាសនោះក៏មានចូលរួម និងទទួលថវិកាពីលោក ឡូរ៉ង់ ដេនីស អគ្គនាយកមន្ទីពេទ្យគន្ធបុប្ផាផងដែរ។
លោក គួច ចំរើន បានរំលឹកពីការងារដែលកាលលោកនៅជាអភិបាលខណ្ឌដូនពេញ ដោយមើលឃើញពីស្ថានភាពលំបាកជាច្រើនរបស់បងប្អូនប្រជាពលរដ្ឋ ដែលបាននាំកូនៗមកទទួលការព្យាបាលនៅមន្ទីរពេទ្យគន្ឋបុប្ផា នៅជាជម្រករង់ចាំបង្គន់អនាម័យជាដើម។
លោក គួច ចំរើន បានបន្តថា យោងតាមប្រសាសន៍ណែនាំរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការបង្កើត «មូលនិធិគន្ឋបុប្ផាកម្ពុជា» ដើម្បីស្វែងរកមូលនិធិបន្ថែមជួយដល់មន្ទីរពេទ្យគន្ឋបុប្ផា។ ថ្ងៃនេះលោកក៏បានដឹកនាំ ប្រតិភូសាលាខេត្ត នាំថវិកាមូលនិធិទ្រទ្រង់គន្ឋបុប្ផារបស់ខេត្តព្រះសីហនុ ចំនួន១០០លានរៀល មកប្រគល់ជូនមន្ទីរពេទ្យគន្ធបុប្ផានេះ។
លោក រស់ សីលវ៉ា បានសម្ដែងការដឹងគុណ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកម្មការទ្រទ្រង់ មូលនិធិគន្ធបុប្ផាកម្ពុជា ប្រចាំខេត្តព្រះសីហនុ ដែលបានចូលរួមបរិច្ចាគថវិកាចំនួន ១០០លានរៀល ជូនមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាស្ថាបនិក និងជាប្រធានកិត្តិយស សំដៅធានាចីរភាពនៃកិច្ចដំណើរការរបស់មន្ទីរពេទ្យគន្ធបុប្ផា។
សូមជម្រាបថា មូលនិធិគន្ធបុប្ផាកម្ពុជា ត្រូវបានបង្កើតឡើងក្រោមគំនិតផ្តួចផ្តើមរបស់ សម្តេចតេជោ ហ៊ុន សែន និង សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ក្នុងទស្សនវិស័យ កុមារជាអនាគតដ៏ភ្លឺស្វាងរបស់កម្ពុជា នៅតែទទួលបានការពិនិត្យ និងព្យាបាលជំងឺ ដោយឥតគិតថ្លៃនៅមន្ទីរពេទ្យគន្ធបុប្ផា ទាំង០៥ទីតាំងនៅ ព្រះរាជាណាចក្រកម្ពុជា តាមរយៈការចូលរួមបរិច្ចាគពីសប្បុរសជននានា ទាំងក្នុង និងក្រៅប្រទេស។
មូលនិធិគន្ធបុប្ផាកម្ពុជា ក៏សូមបន្តលើកទឹកចិត្តដល់សប្បុរសជនទាំងក្នុង និងក្រៅប្រទេស ឱ្យបន្តចូលរួមបរិច្ចាគជាសមាជិកដែលរួមមាន៖ (១) សមាជិកកិត្តិយស បរិច្ចាគចាប់ពី ២០ ០០០ ០០០ (ម្ភៃលាន) រៀល/៥ ០០០ (ប្រាំពាន់) ដុល្លារអាមេរិក ក្នុងមួយឆ្នាំ ឬ (២) សមាជិកគាំទ្រ បរិច្ចាគចាប់ពី ៥ ០០០ (ប្រាំពាន់) រៀល ក្នុងមួយខែ/៦០ ០០០ (ហុកសិបពាន់)រៀល ក្នុងមួយឆ្នាំ ដើម្បីបង្ហាញពីសាមគ្គីភាពក្នុងស្មារតី «ខ្មែរជួយខ្មែរ» តាមរយៈមធ្យោបាយបរិច្ចាគដោយឥតគិតថ្លៃសេវាជាមួយបណ្តាធនាគារដៃគូរដែលរួមមាន៖ ធនាគារ ABA, ធនាគារ ACLEDA, ធនាគារ Canadia, ធនាគារ Chip Mong, ធនាគារ ឯកទេស Wing និង ភ្នាក់ងារ True Money ឬតាមរយៈការបរិច្ចាគដោយផ្ទាល់នៅលេខាធិការដ្ឋានមូលនិធិគន្ធបុប្ផាកម្ពុជា ដែលមានទីតាំងនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឬតាមរយៈលេខទូរសព្ទ៖ ០៦១ ៧០ ១១១១៕