(ឧត្តរមានជ័យ)៖ លោក បាប្លូ កាង ឯកអគ្គរាជទូតអូស្ត្រាលីប្រចាំនៅកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានអញ្ជើញទស្សនកិច្ចតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រអន្លង់វែង មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង ព្រមទាំងជួបសំណេះសំណាលជាមួយ លោក ហោ ជិនវិរយុទ្ធ អភិបាលស្រុកអន្លង់វែង។ ស្រុកអន្លង់វែង គឺជាអតីតតំបន់តស៊ូចុងក្រោយនៃចលនាខ្មែរក្រហមនេះ ដែលបានធ្វើសមាហរណកម្មចូលមកក្នុងរាជរដ្ឋាភិបាលវិញ កាលពីឆ្នាំ១៩៩៨។
លោក បាប្លូ កាង និងគណៈប្រតិភូ ដែលរួមមានអ្នកឧកញ៉ា សៀ ឬទី្ធ បានអញ្ជើញដល់មជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៃមជ្ឈមណ្ឌលឯកសារកម្ពុជា។ លោកបណ្ឌិត លី សុខឃាង នាយកមជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានទទួលស្វាគមន៍ និងធ្វើជាមគ្គុទ្ទេសក៍ក្នុងដំណើរទស្សនកិច្ចនេះ។
មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង មានតម្កល់ឯកសារចំនួនប្រមាណជិត ៧ម៉ឺនទំព័រ ដោយរាប់ចាប់តាំងពីឯកសារទូរលេខ របាយការណ៍ ចម្លើយសារភាព និងប្រវតិ្តរូបនៃអតីតសមាជិកខ្មែរក្រហមនៅក្នុងតំបន់សៀមរាប-ឧត្តរមានជ័យ ដែលបន្សល់ទុកពីជំនាន់ខ្មែរក្រហម (១៩៧៥-១៩៧៩) ព្រមទាំងបទសម្ភាសន៍ជាច្រើនទៀត។
បន្ទាប់មក លោកឯកអគ្គរាជទូត និងគណៈប្រតិភូ ក៏បានបន្តដំណើរទៅកាន់សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក ដែលមានដាក់តាំងនូវវត្ថុតាងមួយចំនួន រួមមាន៖ អតីតរថយន្តវិទ្យុផ្សាយសំឡេងចល័តរបស់ខ្មែរក្រហម និងទ្រុងដែកដាក់អ្នកទោស ពិព័រណ៌រូបថតប្រវតិ្តសាស្ត្រនៃរបបសាធារណរដ្ឋខ្មែរ (១៩៧០-១៩៧៥) និងរបបកម្ពុជាប្រជាធិបតេយ្យ ឬខ្មែរក្រហម(១៩៧៥-១៩៧៩) ព្រមទាំងកម្រងរូបថតដែលបង្ហាញពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជននិងកងទ័ពខ្មែរក្រហមនៅក្នុងតំបន់អន្លង់វែង កាលពីមុនឆ្នាំ១៩៩៨។
សារមន្ទីរប្រវត្តិសាស្ត្រអន្លង់វែង ឬសារមន្ទីរអតីតផ្ទះតាម៉ុក ដែលហ៊ុមព័ទ្ធដោយផ្ទៃបឹងអូរជីកទំហំ ៤១៧ហិកតានេះ បានក្លាយជាចំណុចទាក់ទាញបំផុតសម្រាប់ទេសចរជាតិនិងអន្តរជាតិ។
ទីតាំងបូជាសព ប៉ុល ពត និងមជ្ឈមណ្ឌលសន្តិភាពអន្លង់វែងនៅលើខ្នងភ្នំដងរែកបានក្លាយជាគោលដៅទស្សនកិច្ចដ៏សំខាន់មួយទៀត។ ឯកអគ្គរាជទូតនិងគណៈប្រតិភូ បានចូលទស្សនាពិព័រណ៍រូបថត នៅក្នុងអតីតផ្ទះប្រជុំរបស់អតីតមេដឹកនាំកំពូលរបស់ចលនាខ្មែរក្រហម។ បច្ចុប្បន្ននេះ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បានប្រែក្លាយទីតាំងនេះឲ្យទៅជាថ្នាក់រៀនអំពីប្រវត្តិសាស្ត្រខ្មែរក្រហម និងប្រវត្តិសាស្ត្រសហគមន៍អន្លង់វែង។
លោក ឯកអគ្គរាជទូត និងគណៈប្រតិភូ បានស្វែងយល់ពីប្រវត្តិសាស្ត្រខ្មែរក្រហម និងសក្តានុពលទេសចរណ៍ប្រវត្តិសាស្ត្រ។ មជ្ឈមណ្ឌលសន្តិភាពអន្លង់វែង បាននិងកំពុងសហការផ្ទាល់ជាមួយ លោក ហោ ជិនវិរយុទ្ធ អភិបាលស្រុកអន្លង់វែង និងថ្នាក់ដឹកនាំឃុំទាំង៥របស់លោកដែរ ដើម្បីបណ្តុះបណ្តាលយុវជននៅតាមឃុំនីមួយៗអំពីការបង្កើតនិងគ្រប់គ្រងគេហទំព័រទេសចរណ៍ឃុំ និងការផ្តួចផ្តើមឲ្យមានសកម្មភាពកីឡានៅតាមឃុំជារៀងរាល់ខែ។
លោក អ៊ុច ផា ប្រធានឃុំថ្លាត បានថ្លែងថា៖ «ខ្ញុំពិតជាគាំទ្រគំនិតផ្តួចផ្តើមនេះ ព្រោះថានេះគឺជាឱកាសល្អក្នុងការបណ្តុះបណ្តាលយុវជននៅតាមឃុំអំពីព័ត៌មានវិជ្ជា និងប្រវត្តិសាស្ត្រ ដើម្បីទាក់ទាញទេសចរជាតិ»៕