(ភ្នំពេញ)៖ ក្រសួងសុខាភិបាល នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១ បានចេញលិខិតអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ប្រទេសចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅមុននេះបន្តិច នាយប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងលិខិតនេះបានបញ្ជាក់យ៉ាងដូច្នេះថា៖ «ដោយមានការយល់ព្រមដ៏ខ្ពង់ខ្ពស់ពី សម្តេចតេជោនាយករដ្ឋមន្រ្តី ចុះថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ លើលិខិតលេខ០២៨ សខល ចុះថ្ង្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ របស់ក្រសួងសុខាភិបាល។ ក្រសួងសុខាភិបាលនៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឱ្យប្រើប្រាស់នូវវ៉ាក់សាំង Sinopharm COVID-19 ដែលផលិតដោយវិទ្យាស្ថាន Beijing Institute of Biological Products Co., Ltd នៃសាធារណរដ្ឋប្រជាមានិតចិន ដែលបានប្រើប្រាស់ប្រកបដោយសុវត្ថិភាពនៅក្នុងប្រទេសចិន និងប្រទេសមួយចំនួន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់ (Emergency Use Authorization)។ វ៉ាក់សាំងនេះត្រូវបានដាក់ឲ្យអនុវត្តតាមពិធីសារស្តីពីយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ របស់រាជរដ្ឋាភិបាល ចាប់ពីម៉ោង៩៖៣០នាទី»។
សូមបញ្ជាក់ថា រដ្ឋាភិបាលចិន បានសម្រេចផ្តល់ជំនួយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ឈ្មោះ Sinopharm ចំនួន១លានដូស ដល់រដ្ឋាភិបាលកម្ពុជា ដើម្បីចាក់ជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ។ វ៉ាក់សាំង ៦០ម៉ឺនដូស នឹងត្រូវបញ្ជូនមកដល់កម្ពុជានៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១ខាងមុខនេះ ហើយក្រោយទៀត នឹងត្រូវបញ្ជូនជាបន្តបន្ទាប់៕