(ភ្នំពេញ)៖ បន្ទាប់ពីទទួលបានបទពិសោធន៍ជាង៤ឆ្នាំ លើផ្នែកសម្ភព និងរោគស្ត្រី ហើយពិនិត្យឃើញថា គូស្វាមីភរិយានៅកម្ពុជាជាច្រើនជួបបញ្ហាលំបាកមានកូននោះ មន្ទីរពេទ្យសង់ត្រាល់ បានបង្កើតនូវ មជ្ឈមណ្ឌល អ៊ី អេហ្វ ស៊ី (European Fertility Clinnic) ថ្មីមួយ ដើម្បីផ្តល់សេវាព្យាបាល បច្ចេកវិទ្យាបង្កកំណើតក្នុងកែវ ជាបច្ចេកវិទ្យាបង្កកំណើត ចុងក្រោយរបស់ពិភពលោក ជួយដោះស្រាយក្តីកង្វល់របស់គូស្វាមីភរិយាទាំងនោះ។
លោកស្រី ស៊ឹម សុវណ្ណារ៉ា ប្រធានមន្ទីរពេទ្យសង់ត្រាល់ ថ្លែងក្នុងសន្និសីទសារព័ត៌មាន នៅថ្ងៃទី២៤ ខែកុម្ភៈនេះ មជ្ឈមណ្ឌល អ៊ី អេហ្វ ស៊ី មានវេជ្ជបណ្ឌិតឯកទេសល្បីៗមកពីប្រទេសអាល្លឺម៉ង និងអូស្ត្រាលី ដែលពួកគាត់សុទ្ធតែមានបទពិសោធន៍ និងជំនាញវិជ្ជាជីវៈខ្ពស់ រាប់ឆ្នាំមកហើយ ជាមួយនឹងការពិគ្រោះនឹងព្យាបាលអ្នកពិបាកមានកូន តាមរយៈបច្ចេកវិទ្យាបង្កកំណើរកូនក្នុងកែវ។
លោកស្រី ស៊ឹម សុវណ្ណារ៉ា បានបញ្ជាក់ទៀតថា ឡាបូបង្កកំណើតកូនក្នុងកែវនេះ នឹងជួយដល់ប្រជាពលរដ្ឋខ្មែរ ដែលមានបញ្ហាលំបាកមានកូន ឲ្យមានលទ្ធភាពមានកូនដូចបំណង ហើយដោយអាចព្យាបាលនៅប្រទសរបស់ខ្លួន ដោយមិនបាច់ចំណាយពេល និងថវិកាទៅប្រទេសដទៃទៀតហើយ ។ លើពីនេះទៅទៀត ឡាបូថ្មីនេះ ក៏អាចទាក់ទាញបាននៅភ្ញៀវ អន្តរជាតិ មកព្យបាលការលំបាក មានកូនទាំងអស់ នៅមន្ទីរសំរាកព្យាបាលមន្ទីពេទ្យសង់ត្រាល់។
អ្នកឯកទេសផ្នែកបង្កកំណើត លោកវេជ្ជបណ្ឌិត Markus Nitzchke បានឲ្យដឹងថា បញ្ហាលំបាកមានកូននេះ គឺជាបញ្ហាទូទៅរបស់ប្រជាជន នៅលើពិភពលោកទៅហើយ មិនមែនមានតែកម្ពុជាទេ។ ឡាបូបង្កកំណើតកូនក្នុងកែវនេះ នឹងផ្តល់នូវការព្យាបាលក្នុងអត្រាជោគជ័យខ្ពស់ដូចបរទេស ប៉ុន្តែតម្លៃសេវាកម្ម គឺទាបជាងគេបំផុត ត្រឹមតែ២០០០ដុល្លារប៉ុណ្ណោះ។
លោកបញ្ជាក់ថា នៅកម្ពុជាឡាបូដែលអាចផ្តល់ សេវាបង្កកំណើតកូនក្នុងកែវបាន មានតែប្រមាណជា៣ប៉ុណ្ណោះ ហើយលោករំពឹងថា ឡាបូនេះនឹងទទួលបានភាពជោគជ័យខ្លាំង ជាមួយនឹងការផ្តល់សេវាប្រកប ដោយការយកចិត្តទុកដាក់ពីអ្នកជំនាញ។
គួរបញ្ជាក់ថា មន្ទីពេទ្យសង់ត្រាល់ មានការផ្ដល់ប្រឹក្សា ពីការលំបាកមានកូន ដូចជា ការបាញ់បញ្ចូលមេជីវិតឈ្មោលចូលក្នុងស្បូន ការបង្កកំណើតក្នុងកែវតាមវដ្ដរដូវធម្មជាតិ ការបាញ់មេជីវិតឈ្មោលចូលក្នុងមេជីវិតញី ការបង្ករកំណើតក្នុងកែវដោយប្រើថ្នាំអ័រម៉ូនដ៏តិចតួច ការបង្ករកំណើតក្នុងកែវដោយប្រើថ្នាំអ័រម៉ូនពេញលេញ ការជ្រើសរើសភេទរបស់ទារក ការបាញ់បញ្ចូលកោសិកាកូនទៅបង្កកទុកទៅក្នុងស្បូន, ការបរិច្ចាកមេជីវិតឈ្មោល មេជីវិតញី និងការផ្គូផ្គងហ្សែនរបស់អ្នកបរិច្ចាគ ការបង្កកមេជីវិតញី មេជីវិតឈ្មោល និងកោសិកាកូន ជាដើម។
ព័ត៌មានបន្ថែមសូមទាក់ទង៖ ០២៣ ២១០ ៣៤២ ឬ ០១២ ៧០៧ ៥២៥ និង ០៨៨ ៥៣១១ ១១៣៕