(កំពត)៖ តំបន់ភ្នំទឹក និងភ្នំតូច ដែលមានភូមិសាស្ត្រនៅក្បែរព្រំដែនកម្ពុជា-វៀតណាម ក្នុងឃុំបឹងសាលាខាងត្បូង និងឃុំឫស្សីស្រុកខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាតំបន់ទេសចរណ៍ធម្មជាតិដ៏គួរឲ្យទាក់ទាញមួយ ប៉ុន្តែតំបន់នេះមិនសូវមានអ្នកទៅកម្សាន្តនោះទេ។ មានទំហំសរុបជាង ៦០០ហិចតា តំបន់ដ៏ស្រស់បំព្រងខាងលើ មានចម្ងាយប្រមាណជាង ៣០គីឡូម៉ែត្រ ពីភាគខាងកើតនៃទីរួមខេត្តកំពត។
ជួបនឹងសមាជិកសរសេរព័ត៌មានរបស់អង្គភាពព័ត៌មាន Fresh News មានព្រឹទ្ធាចារ្យ ២រូប បានរៀបរាប់រឿងគួរឲ្យចាប់អារម្មណ៍ និងរឿងប្លែកៗជាច្រើន ពាក់ព័ន្ធនឹងតំបន់ធម្មជាតិភ្នំទឹក និងភ្នំតូច។ ចាស់ទុំទាំង២រូប មានឈ្មោះថា ញ៉ុក ហម និងម្នាក់ទៀតឈ្មោះថា ពូ អ័រ។
កំពុងអង្គុយលើកៅអីពណ៌ក្រហមនៅមុខផ្ទះ ម្ចាស់ស្រុកទាំង ២រូប បាននិយាយថា ពីដើមរៀងមកនៅភ្នំទឹកមានរឿងគួរឲ្យចាប់អារម្មណ៍យ៉ាងច្រើន ទាំងបញ្ហាអបិយជំនឿ និងបញ្ហាតថភាពសង្គម។ បុរសវ័យចំណាស់ បានរៀបរាប់សេចក្តីដែលគេអាចសង្ខេបបានថា រឿងអបិយជំនឿនោះ គឺពីដើមភ្នំនោះមានអ្នកតាកាន់ និងថែរក្សាទឹកដីនៅក្បែរព្រំដែនផងដែរ ហើយក៏គ្មាននរណាទៅតាំងទីលំនៅទីនោះបានដែរ។
ចំពោះរឿងតថភាពសង្គមវិញ ដីល្បាប់ក្រោមភ្នំនោះពោរពេញដោយជីជាតិ សម្រាប់យកទៅដាក់ស្រែដើម្បីធ្វើស្រូវ។ ក្នុងសម្លៀកបំពាក់ជាកសិករ អ្នកទាំង២ អះអាងថា បើបានដីល្បាប់ក្រោមភ្នំនោះត្រឹមមួយរទេះ គឺការធ្វើស្រូវបានផលខ្ពស់ខ្លាំងណាស់។ ដីល្បាប់នៅទីនោះដាក់ស្រែម្តង ធ្វើឲ្យស្រូវទទួលបានផល ៣ឆ្នាំឯណោះ។
រឿងគួរឲ្យចាប់អារម្មណ៍ផ្សេងទៀតនោះ គឺមានការតំណាលតៗគ្នាមកថា ពីដើមមានពស់អ្នកតាមានទំហំធំធេងក្រៃលែង លូនឆ្លងកាត់ពីភ្នំទឹកទៅភ្នំតូចដែលនៅក្បែរគ្នានោះ ទៅវិញទៅមកជាញឹកញាប់ណាស់ ក្នុងលក្ខណៈជាអ្នកយាមទឹកដី ប៉ុន្តែនោះជារឿងពីមុន ហើយពួកលោកក៏មិនដែលឃើញផ្ទាល់ភ្នែកដែរ។
ចំពោះរឿងអស្ចារ្យមួយទៀត គឺភ្នំទឹកនោះ គេមិនអាចនិយាយអ្វីផ្តេសផ្តាសបានឡើយ ហើយដើម្បីសេចក្តីសុខ មានប្រជាពលរដ្ឋខ្លះតែងតែបួងសួង ពេលគេទៅកន្លែងនោះ។ អតីតកសិករទាំង ២រូបខាងលើ បានរំលឹកថា កាលលោកនៅមានវ័យប្រមាណ ១៥ឆ្នាំ ធ្លាប់មានមនុស្សស្លាប់ច្រើននាក់ហើយ ពេលទៅយកដីល្បាប់នៅក្រោមភ្នំនោះ ដោយសារថ្មធ្លាក់ចំពីលើ។
សូមបញ្ជាក់ថា ពេលព្រះអាទិត្យអស្តង្គត នៅតំបន់ធម្មជាតិភ្នំទឹក និងភ្នំតូច ក្នុងខេត្តកំពត បានបង្ហាញពីទិដ្ឋភាពដ៏ស្រស់ស្អាត គួរជាទីមនោរម្យយ៉ាងក្រៃលែង សម្រាប់កម្សាន្តអារម្មណ៍ពេលទំនេរ។ នៅទីនោះដែរ ទិដ្ឋភាពព្រះអាទិត្យអស្តង្គត គឺជាទេសភាពមួយ ដែលញ៉ាំងឲ្យអារម្មណ៍ភ្ញៀវទេសចរទទួលបានភាពរីករាយស្រស់ស្រាយ ប៉ុន្តែអ្វីដែលជាចំណីអារម្មណ៍ បង្កឲ្យភ្ញៀវទេសចរកាន់តែមានមានសេចក្តីសុខនោះ គឺខ្យល់អាកាសត្រជាក់ៗដ៏បរិសុទ្ធ បក់មករវិចៗប៉ះនឹងរាងកាយ ធ្វើឲ្យត្រជាក់ដល់បេះដូងតែម្តង។
នៅតំបន់ធម្មជាតិដែលស្ថិតនៅនាទិសនារតី នៃដែនដីសុវណ្ណភូមិមួយនេះដែរ តាមរយៈទឹកបឹងដ៏ថ្លាឆ្វង់ដូចកញ្ចក់ គេអាចមើលឃើញកូនត្រីតូចៗ កំពុងហិចហែលយ៉ាងសប្បាយរីករាយក្នុងផ្ទៃជលសា។ កំពុងជក់ចិត្តនឹងទិដ្ឋភាពដ៏គួរឲ្យគយគន់នោះ យូរៗគេឃើញមានសត្វស្លាបហើរមកពីទីជិតឆ្ងាយ ចុះរកស៉ីចំណីនៅបឹងជុំវិញ។
នៅជុំវិញតំបន់ភ្នំទឹក និងភ្នំតូច ព័ទ្ធទៅដោយបឹងដែលមានវារីរុក្ខជាតិ ជាពិសេសមានដើមព្រលិត និងរំចង់ ដែលរីកផ្កាបង្ហាញពណ៌យ៉ាងស្រស់ឆើតឆាយ ញ៉ាំងទេសភាពគួរជាទីគយគន់។ បន្ថែមលើនេះ មានទាំងដើមថ្នក់ទឹក និងវារីរុក្ខជាតិដទៃទៀត ផ្តល់ជាចំណីសម្រាប់ក្របីអ្នកស្រុកនៅទីនោះផង។
ប្រជាពលរដ្ឋនៅក្នុងតំបន់ ថែមទាំងអាចនេសាទត្រីជាលក្ខណៈគ្រួសារយកមកទទួលទានប្រចាំថ្ងៃ ដោយមិនបាច់ចំណាយប្រាក់ទិញពីផ្សារ។ ពេលអ្នកព័ត៌មាន របស់អង្គភាពព័ត៌មាន Fresh News បានទៅដល់ទីនោះផ្ទាល់ ក៏បានសង្កេតឃើញអ្នកស្រុកខ្លះ កំពុងរាវខ្យង និងខ្ចៅ នៅក្រោមភ្នំទឹក ដើម្បីទុកស្ងោរទទួលទាន។
ចំណែកឯនៅក្នុងបឹងវិញ គេឃើញមានមនុស្សដោលទូកដឹកភ្ញៀវទេសចរកម្សាន្តផង។ សូមបញ្ជាក់ថា នៅពេលថ្ងៃរៀបលិច គេក៏អាចផ្តិតយករូបភាពនៅតំបន់នោះ យ៉ាងស្រស់ស្អាតជាពន់ពេក។ បើនៅក្នុងភ្នំតូចវិញ ពេលថ្ងៃរៀបលិចនោះ មានថ្មក្នុងភ្នំមួយកន្លែង ដែលចាំងពន្លឺថ្ងៃមានពណ៌ដូចមាសឆ្អិនឆ្អៅ។
លក្ខណៈពិសេសសម្រាប់អ្នកចូលចិត្តបោះតង់នោះ ពួកគេអាចទៅកម្សាន្តទីនោះបាន ដោយសារតែមានទួលយ៉ាងធំទូលាយនៅក្បែរភ្នំទាំងពីរ។ ចំពោះផ្លូវចូលវិញ មិនជាបញ្ហាចោទឡើយ ពោលសូម្បីតែរថយន្តទំនើបក៏អាចចូលទៅទីនោះបានដែរ។
មិនតែប៉ុណ្ណោះតំបន់នេះ ផ្តល់ទីកន្លែងឲ្យសត្វស្លាបនានា បូករួមទាំងសត្វក្រៀល ដែលហើរចេញពីតំបន់ការពារទេសភាពអន្លង់ព្រីង ទៅរកស៉ីនៅក្នុងបឹងជុំវិញតំបន់ភ្នំទឹក និងភ្នំតូចផងដែរ។ សម្រាប់សត្វក្រៀល នៅតំបន់ការពារទេសភាពអន្លង់ព្រីង មួយចំនួនហើរទៅរកចំណីនៅតំបន់ភ្នំទឹក និងតំបន់ភ្នំតូច ដែលមានផ្ទៃបឹងដ៏ធំ រហូតដល់ទំហំជាង ៦០០ហិចតា។
ទោះជាយ៉ាងណាក៏ដោយ ប្រភពព័ត៌មានច្បាស់ការណ៍ជាច្រើន បង្ហើបមកថា តំបន់ភ្នំទឹក និងភ្នំតូច មានការទិញលក់ដីយ៉ាងផុលផុសដែលថ្ងៃអនាគតនឹងមានការលុបបឹង ដែលមិនអាចឲ្យសត្វក្រៀលទៅរកចំណីនៅទីនោះបានទៀតទេ។ ប្រការនេះហើយ ទើបប្រជាពលរដ្ឋខាងលើ ចង់ឃើញរាជរដ្ឋាភិបាល ដាក់បញ្ចូលតំបន់ភ្នំទឹក និងភ្នំតូច ដែលជាតំបន់ទេសចរណ៍ធម្មជាតិដ៏ស្រស់បំព្រងមួយនេះ ជាតំបន់អភិរក្សធនធានធម្មជាតិដូច តំបន់ការពារទេសភាពអន្លង់ព្រីងផងដែរ។ ពួកគាត់រំពឹងថា បើទុកអភិរក្សវិញ តំបន់ខាងលើអាចទាក់ទាញភ្ញៀវទេសចរទៅកម្សាន្តបាន និងបង្កើតមុខរបរបន្ថែមសម្រាប់ប្រជាពលរដ្ឋ។
បើតាមការឲ្យដឹងពីប្រជាពលរដ្ឋ ពេលផ្តល់បទសម្ភាសដល់អ្នកព័ត៌មានប្រចាំអង្គភាពព័ត៌មាន Fresh News, យូរៗគេឃើញមានរថយន្តទំនើបៗ របស់ក្រុមអ្នករកស៉ីដី ធ្វើដំណើរទៅកាន់តំបន់នោះ ក្នុងគោលដៅជួញដូរដីធ្លីនៅតំបន់នោះផងដែរ។ មិនតែប៉ុណ្ណោះ គេក៏ធ្លាប់ឃើញផ្លាកពាណិជ្ជកម្មធំៗ ដាក់ផ្សព្វផ្សាយពុះដីឡូតិ៍លក់របស់ក្រុមហ៊ុនឯកជន នៅទីនោះទៀតផង តែត្រូវបានហែកចោលវិញ។
ក្រសួងបរិស្ថាន ក្រោមការដឹកនាំរបស់ លោក សាយ សំអាល់ បានប្តេជ្ញាចិត្តការពារ និងអភិរក្សធនធានធម្មជាតិ គ្រប់កន្លែងទាំងអស់។ ក្រសួងបរិស្ថាន បញ្ជាក់ថា ការអភិវឌ្ឍទេសចរណ៍ធម្មជាតិ គឺជាយុទ្ធសាស្ត្រត្រឹមត្រូវដើម្បីបង្កើនជីវភាពប្រជាសហគមន៍មូលដ្ឋាន បង្កើតជម្រើសថ្មីមុខរបរថ្មីជូនប្រជាសហគមន៍ផងដែរ។
បើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលជាមន្ត្រីសកម្មមួយរូបលើការងារធនធានធម្មជាតិ បានអះអាងថា ការទិញលក់ដី នៅក្នុងតំបន់អភិរក្សធនធានធម្មជាតិ គឺជាទង្វើខុសច្បាប់។ លោកសង្កត់ធ្ងន់ថា ក្រសួងបរិស្ថាន ក៏បដិសេធមិនទទួលស្គាល់នោះទេ និងបានចាត់ទុកករណីទិញលក់ដីនៅតំបន់អភិរក្សធនធានធម្មជាតិ ជាករណីអាទិភាពត្រូវអនុវត្តច្បាប់ចំពោះជនល្មើស៕