(ភ្នំពេញ)៖ តាមការអង្កេតវិទ្យាសាស្រ្ត និងសុខភាពឆ្នាំ២០១៤ បានបង្ហាញឲ្យឃើញថា អាត្រាស្លាប់របស់ស្រ្តីនៅពេលសម្រាលបុត្រ បានធ្លាក់ចុះមកនូវត្រឹម អាត្រាមធ្យម១៧០ លើ១ពាន់កំណើត ។ ការធ្លាក់ចុះនៃអាត្រាស្លាប់របស់ស្រ្តីនៅពេលសម្រាលនេះ ដោយសារពួកគាត់ទទួលបានចំណេះដឹងដោយពួកគាត់មកទទួលសេវាសម្រាលពីពេទ្យឆ្មប។
តែទោះជាយ៉ាងណាអាត្រាស្លាប់របស់ស្រ្តី នៅពេលសម្រាល នៅតែ មានអាត្រាខ្ពស់នៅឡើយបើប្រៀបធៀបទៅនិងប្រទេសជិតខាងកម្ពុជា។
សមាគមសម្ភពនិរោគស្រ្តីវិទ្យាកម្ពុជា និងសមាគមឆ្មបកម្ពុជាក្រោមកិច្ចសហការ ជាមួយមន្ទីរពេទ្យកាល់ម៉ែត នាព្រឹកថៃ្ងទី២៤ ខែ កុម្ភៈ ឆ្នាំ២០១៦នេះ បានបើកសិក្ខាសាលា ស្តីអំពីចំណេះដឹង វិធីសាស្រ្តការអនុវត្តជាប្រចាំជួយដល់ស្ត្រីនៅពេលសម្រាលបុត្រ ដើម្បីឲ្យមានការចូលរួមកាត់បន្ថយការ កាត់ទ្វាមាសរបស់ស្រ្តីពេលសម្រាល (Perinee ដើម្បីបន្ថយការធ្វើEpisiotomieពេលសម្រាល)។
លោក គុំ កាណាល់ ប្រធានសមាគមសម្ភពនិរោគស្ត្រីវិទ្យាកម្ពុជា បានថ្លែងថា សក្ខាសាលានេះ បង្កើតឡើង ក្នុងគោលបំណង ចូលរួមលើកកម្ពស់ចំណេះដឹងបន្ថែមទៀត ពាក់ព័ន្ធទៅនិងវិធីសាស្រ្ត ដែលគ្រូពេទ្យឆ្មបអនុវត្តជាប្រចាំក្នុងពេលជួយការសម្រាលរបស់ស្រ្តី ដើម្បីអោយមានការចូលរួមកាត់បន្ថយការកាត់ទ្វាមាសរបស់ស្រ្តីសម្រាលដោយមិនចាំបាច់។
លោក ឈាង រ៉ា អគ្គនាយកមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងថា សក្ខាសាលាដែលបង្កើតឡើងនេះ ពិតជាមានសារៈសំខាន់ ដោយបញ្ជាក់នូវសាមគ្គីភាពយ៉ាងស្អិតរមួត រវាងបណ្តា អ្នកឯកទេសផ្នែកសម្ភពនិងរោគស្ត្រី ដើម្បីពិភាក្សាដកយកបទពិសោធន៍ពីគ្នាទៅវិញទៅមក លើដំណើរការផ្នែកសម្ភព អោយឈានទៅរកការអភិវឌ្ឍន៏កាន់តែប្រសើរថែមទៀត៕