(កំពង់ចាម)៖ លោកឧត្តមសេនីយ៍ទោ ម៉ឺ សុភា មេបញ្ជាការកងបោសសំអាតគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្រោមទឹកនៃមជ្ឈមណ្ឌលកម្ចាត់មីនកម្ពុជា នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានផ្តល់បទសសម្ភាសដល់បណ្តាញព័ត៌មាន Fresh News ឱ្យដឹងថា កិច្ចប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនេះ កម្លាំងជំនាញបានចាប់ផ្តើមឡើងតាមពីកំលុងដើមខែតុលា ឆ្នាំ២០២០ ប៉ុន្តែដោយសារតែជួបបញ្ហាខ្យល់ព្យុះ ទឹកជំនន់ ទើបធ្វើឱ្យកិច្ចប្រតិបត្តិការនេះ បានផ្អាក់ជាង ៣សប្តាហ៍។ ចំពោះប្រតិបត្តិការនេះ កម្លាំងជំនាញទើបនឹងចាប់ផ្តើមសម្រុកយកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះនៅក្នុងនាវា និងជុំវិញនាវា ក្នុងកំលុងដើមខែធ្នូ ឆ្នាំ២០២០។

លោកឧត្តមសេនីយ៍ទោ ម៉ឺ សុភា បានបញ្ជាក់យ៉ាងដូច្នេះថា៖ «កិច្ចប្រតិបត្តិការរបស់យើងនាពេលនេះ ប្រមូលបានគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះគ្រប់ប្រភេទប្រមាណជាង ៥៣,៧៧០គ្រាប់ ទម្ងន់សរុបប្រមាណ ៨,១០០គីឡូក្រាម ហើយពេលបច្ចុប្បន្ននេះ កម្លាំងជំនាញទើបនឹងចូលមកដល់ក្លូបទី១ នៃតួនាវា ប៉ុន្តែ នាវានេះជាប្រភេទនាវាធំ ដឹកសម្ភារសឹកធំ មានប្រវែងរហូតដល់៤០ម៉ែត្រ ទទឹងប្រមាណជា ៥,៥ម៉ែត្រ និងមានជម្រៅទឹក ៤.៥០ម៉ែត្រ ដូច្នេះ ក្នុងមួយក្លូបផ្ទុកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះប្រមាណជាង ១០តោន»

លោកឧត្តមសេនីយ៍ទោ ម៉ី សុភា បានគូសបញ្ជាក់ថា ប្រតិបត្តិការរុករក និងប្រមូលគ្រឿងយុទ្ធភណ្ឌ ក្នុងបាតទន្លេមេគង្គ ក្នុងទំហំ ១៥០០ម៉ែត្រ ស្មើនឹង ១៥០ហិកតា គឺត្រូវបានអនុវត្តឡើងតាំងពីចុងខែតុលា ឆ្នាំ២០២០ និងបន្តរុករកទៀត រហូតដល់ខែឧសភា ឆ្នាំ២០២១ ដែលមានរយៈពេល៤ខែមកហើយ។

លោកឧត្តមសេនីយ៍ទោ បានបញ្ជាក់ថា សម្រាប់ក្នុងរង្វង់ប្រតិបត្តិការរុករកគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះកម្លាំងជំនាញរបស់លោកបានប្រមូលគ្រាប់យុទ្ធភណ្ឌប្រមាណ២៥ភាគរយ ដូច្នេះ ក្នុងនាមជាមេបញ្ជាការដឹកនាំបេសកម្មនេះនឹងបន្តខិតខំប្រឹងប្រែងលើកិច្ចការងារនេះបន្ថែមទៀត។ ប្រសិនបើគ្មានឧបសគ្គអ្វីមករារាំងនោះទេ បេសកកម្មរុករក និងស្តារនាវានេះនឹងគ្រោងបញ្ចប់នៅខែឧសភា ឆ្នាំ២០២១៕

សូមទស្សនាវីដេអូទាំងស្រុងដូចខាងក្រោម៖