(ភ្នំពេញ)៖ អតីតតំណាងរាស្រ្ត នៃអតីតគណបក្សសង្រ្គោះជាតិ លោក អ៊ូ ច័ន្ទរ័ត្ន ដែលបានផ្តួចផ្តើមបង្កើត «គណបក្សកែទម្រង់កម្ពុជា» បានទទួលស្គាល់ថា ការដាក់ពាក្យសុំចុះឈ្មោះគណបក្សរបស់ខ្លួន នៅក្រសួងមហាផ្ទៃមានភាពយឺតយ៉ាវ ប៉ុន្តែលោកប្តេជ្ញាចិត្តថា នឹងដាក់ពាក្យសុំចុះឈ្មោះគណបក្សថ្មីនេះ ឲ្យបាននៅត្រឹមសប្តាហ៍ក្រោយ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ លោក អ៊ូ ច័ន្ទរ័ត្ន បានឲ្យដឹងថា មូលហេតុនៃការយឺតយ៉ាវ ដោយសារតែការបំពេញបែបបទ និងការរៀបចំឯកសារនានា ដូចជា ទីតាំងស្នាក់ការកណ្តាល ឈ្មោះស្ថាបនិក និងឈ្មោះតំណាងគណបក្ស ពោលរចនាសម្ព័ន្ធរបស់គណបក្ស មិនទាន់រួចរាល់។
ទីស្នាក់ការកណ្តាលរបស់គណបក្សកែទម្រង់កម្ពុជា ត្រូវបានកំណត់យកនៅម្តុំវត្តទួល ដែលស្ថិតនៅខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ «ប្រហែលជាអាទិត្យក្រោយ យើងរួចរាល់ចប់សព្វគ្រប់ហើយ នៅថ្ងៃតែយកទៅដាក់ (ក្រសួងមហាផ្ទៃ) ទេ។ (ទីតាំងស្នាក់ការកណ្តាល) នៅខាងម្តុំវត្តទួល ហើយយើងមិនចង់មានស្នាក់ការធំដុំអីនៅក្រុងភ្នំពេញទេ ព្រោះទីមួយវាចង្អៀត ទីពីរវាថ្លៃ»។ នេះបើតាមលោក អ៊ូ ច័ន្ទរ័ត្ន។
សូមជម្រាបថា លោក អ៊ូ ច័ន្ទរ័ត្ន បានពិភាក្សាជាមួយនឹងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានសម្បទាធ្វើនយោបាយឡើងវិញមួយចំនួន ដើម្បីបង្កើតគណបក្សមួយដែលមានឈ្មោះថា «គណបក្សកែទម្រង់កម្ពុជា»។ លោកធ្លាប់អះអាងថា ទាំងឈ្មោះស្ថាបនិកគណបក្ស តំណាងគណបក្ស និងរចនាសម្ព័ន្ធ នឹងត្រូវរៀបចំឲ្យហើយ មិនឲ្យផុតខែមករា ឆ្នាំ២០២១ ទេ។ មូលហេតុដែលបង្កើតគណបក្សកែទម្រង់កម្ពុជា ដោយសារតែលោក អ៊ូ ច័ន្ទរ័ត្ន និងអតីតមន្ត្រីជាន់ខ្ពស់ នៃអតីតគណបក្សសង្គ្រោះជាតិ ដែលមានសម្បទាធ្វើនយោបាយឡើងវិញ អស់ជំនឿជាមួយមេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។
រហូតមកដល់ពេលនេះ មានអតីតថ្នាក់ដឹកនាំ នៃអតីតគណបក្សសង្រ្គោះជាតិ ចំនួន១៤រូបហើយ ត្រូវបានព្រះមហាក្សត្រ និងប្រមុខរដ្ឋស្តីទី ផ្តល់នីតិសម្បទានយោបាយឡើងវិញ ហើយយ៉ាងហោចណាស់មានគណបក្សថ្មីចំនួន៣ ត្រូវបានបង្កើតឡើង ឬដឹកនាំដោយអតីតថ្នាក់ដឹកនាំគណបក្សសង្រ្គោះជាតិ ក្នុងនោះមានគណបក្សឆន្ទៈខ្មែរ ដែលមានលោក គង់ គាំ ជាប្រធានកិត្តិយស, គណបក្សខ្មែរអភិរក្សនិយមរបស់ លោក រៀល ខេមរិន្ទ្រ និងគណបក្សខ្មែរស្រលាញ់ជាតិរបស់ លោក ជីវ កត្តា ជាដើម៕