(ភ្នំពេញ)៖ លោកវេជ្ជបណ្ឌិត លី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល និងជាប្រធាននាយកដ្ឋានប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លង បានអះអាងថា ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាល បានរកឃើញជំងឺ H1N1 ប្រមាណ១០០ករណី នៅក្នុងប្រទេសកម្ពុជា។
ការបញ្ជាក់របស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងបន្ទាប់ពីជំងឺផ្តាសាយ H1N1 ដែលអង្គការពិភពលោកបានដាក់ឈ្មោះថា «ជំងឺផ្តាសាយតាមរដូវ» ហើយដែលកម្ពុជាហៅថា ជំងឺផ្តាសាយជ្រូកនោះ បានសម្លាប់យុវជនម្នាក់ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ។
លោក លី សូវ៉ាន់ បានប្រាប់Fresh News យ៉ាងដូច្នេះថា «ការពិតជារៀងរាល់ឆ្នាំ យើងតែងតែធ្វើការតាមដានប្រព័ន្ធឃ្លាំមើលផ្តាសាយ (នៅកម្ពុជា) យើងបានរកឃើញថា H1N1 ប្រមាណ១០០ករណីជារៀងរាល់ឆ្នាំ ដែលបញ្ជាក់ដោយមន្ទីរពិសោធន៍»។
លោកបញ្ជាក់ថា ជារៀងរាល់ឆ្នាំ ក្រសួងសុខាភិបាលបានរកឃើញមានករណីផ្តាសាយ H1N1 ប្រមាណ១០០ករណី ផ្តាសាយH3N2 ប្រមាណ៧០០ករណី ក្រៅពីនោះក៏មានផ្តាសាយប្រភេទB ផងដែរ ប៉ុន្តែមិនបង្កគ្រោះថ្នាក់ដល់ជីវិតដូចពេលនេះទេ។
កាលពីវេលាម៉ោង៤៖០០ទៀបភ្លឺ ឈានចូលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ លោក ឃុន ណូ ជាបុគ្គលិកCTN និង MyTV បានស្លាប់ដោយជំងឺ H1N1 នៅក្នុងមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីធ្លាក់ខ្លួនឈឺអស់រយៈពេល២សប្តាហ៍។
លោក នៅ សុភ័ស្ស ប្រធានព័ត៌មានទូទៅនៃស្ថានីយ៍ទូរទស្សន៍CTN បាននិយាយថា មុន ធ្លាក់ខ្លួនឈឺធ្ងន់ លោក ឃុន ណូ ធ្លាប់បានស្វែងរកការព្យាបាលនៅមន្ទីរពេទ្យដទៃដែរ ហើយថាជនរងគ្រោះទើបនឹងរកឃើញថាមានជំងឺ H1N1 ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យរុស្ស៊ី៣ថ្ងៃប៉ុណ្ណោះ។ លោកថា ពេទ្យនិយាយថាក្រៅពីH1N1 លោក ឃុន ណូ មានជំងឺរលាកសួតធ្ងន់ធ្ងរដែរ ហើយស្ថានីយ៍របស់លោក បានខិតខំយ៉ាងខ្លាំងនៅក្នុងអន្តរាគមន៍ជួយដល់ជនរងគ្រោះ ប៉ុន្តែមិនអាចទៅរួច ដោយសារតែស្ថានភាពធ្ងន់ធ្ងរពេក។
លោក សុភ័ស្ស និយាយថា «រហូតដល់ ២យប់៣ថ្ងៃទើបគេរកឃើញថា ក្រៅពីគាត់មានបញ្ហារលាកសួតធ្ងន់ធ្ងរហើយ គាត់មានឆ្លងH1N1 ហ្នឹងទៀត “ប៉ុន្តែរឿងនេះខ្ញុំស្តាប់ពីពេទ្យដែលគាត់បានប្រាប់” តាមការសាកសួរជនរងគ្រោះដែលគាត់ធ្លាប់ទៅខេត្ត អញ្ចឹងពេទ្យគាត់ថាអាចឆ្លងពីមូស»។
កាលពីថ្ងៃអាទិត្យ បន្ទាប់ពីមានការផ្សព្វផ្សាយអំពីជំងឺH1N1ដែលស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ អ្នកនាំពាក្យក្រសួងសុខាភិបាល បានជំរុញឱ្យប្រជាពលរដ្ឋប្រុងប្រយ័ត្ន ចំពោះជំងឺមួយនេះ ដូចជាត្រូវពាក់ម៉ាសនៅពេលផ្តាសាយ លាងដៃនឹងសាប៊ូ ឬត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញជាបន្ទាន់នៅពេលដែលសង្ស័យ។
លោក លី សូវ៉ាន់ បាននិយាយថា ទោះជាយ៉ាងណា H1N1 អាចសម្លាប់បានតែមនុស្សទន់ខ្សោយ ឬអ្នកដែលមានជំងឺរ៉ាំរ៉ៃប៉ុណ្ណោះ ចំណែកអ្នកមានសុខភាពល្អ ជំងឺនេះនឹងជាសះ ដោយឯកឯង ។
លោកថា «ដែលអាចរងគ្រោះធ្ងន់ធ្ងរ ដូចជាកុមារក្រោមអាយុ៥ឆ្នាំ និងមនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ ស្រ្តីមានផ្ទៃពោះ អ្នកដែលមានសុខភាពខ្សោយ និងអ្នកដែលមានជំងឺរ៉ាំរ៉ៃ ដូចជាជំងឺសួត ជំងឺបេះដូង ជំងឺថ្លើម និងជំងឺទឹកនោមផ្អែមជាដើម គឺអាចវិវឌ្ឍធ្ងន់ធ្ងរបាន ប៉ុន្តែប្រសិនបើយើងមានសុខភាពល្អ វានឹងមិនវិវឌ្ឍធ្ងន់ធ្ងរទេ វានឹងជាដោយឯកឯង ដោយគ្រាន់តែប្រើឱសថបញ្ចុះកំដៅ ញ៉ាំទឹកឱ្យច្រើន ញ៉ាំអាហារបំប៉ន ហើយគេងឱ្យបានលក់ស្កប់ស្កល់ រួមទាំងកាត់បន្ថយការហាត់ប្រាណ ហើយកុំប្រើថ្នាំសះ» ៕