(ភ្នំពេញ)៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ «ក.ប.ប.» នៃក្រសួងពាណិជ្ជកម្ម ត្រូវបានផ្តល់អាណត្តិដោយច្បាប់ និងទទួលបាននីតិសម្បទា ជាមន្ត្រីនគរបាលយុត្តិធម៌ និងនគរបាលយុត្តិធម៌ ស្ថិតក្រោមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា និងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់។
ក្នុងគោលបំណងជំរុញឲ្យការអនុវត្តច្បាប់ និង លិខិតបទដ្ឋានគតិយុត្តនានានៅកម្ពុជា ប្រកបដោយប្រសិទ្ធភាព និងប្រសិទ្ធផល ផ្តល់នូវទំនុកចិត្ត និងការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ជំរុញឲ្យការធ្វើពាណិជ្ជកម្ម ប្រព្រឹត្តទៅប្រកបដោយសុចរិតភាព ទទួលបានភាពយុត្តិធម៌ ក្នុងការប្រកួតប្រជែង មន្ត្រីអគ្គនាយកដ្ឋាន ក.ប.ប. បានបើកយុទ្ធនាការផ្សព្វផ្សាយខ្លឹមសារច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តនានាពាក់ព័ន្ធនឹងប្រេងឥន្ធនៈ ដល់ភាគីពាក់ព័ន្ធ ដើម្បីឲ្យទទួលបាននូវព័ត៌មាន និងចំណេះដឹងពីច្បាប់ និងលិខិតបទដ្ឋានគតិយុត្តនានា ដល់ម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈទាំងអស់ នៅទូទាំងប្រទេស ដែលមានប្រធានបទសំខាន់ៗ មួយចំនួនដូចជា៖ យន្តការនៃការត្រួតពិនិត្យ ផលិតផលប្រេងឥន្ធនៈនៅកម្ពុជា អំពើមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងអាជីវកម្មលក់រាយប្រេងឥន្ធនៈ និងទោសប្បញ្ញត្តិពាក់ព័ន្ធ នឹងការប្រព្រឹត្តអំពើមិនសុចរិត ក្នុងការអាជីវកម្ម លក់រាយប្រេងឥន្ធនៈ។
សូមជម្រាបថា កន្លងមកអគ្គនាយកដ្ឋាន ក.ប.ប បានផ្សព្វផ្សាយនូវខ្សែវីដេអូអប់រំ អំពីសុវត្ថិភាពម្ហូបអាហារ ខ្សែវីដេអូអប់រំការយល់ដឹង អំពីការទិញទំនិញតាមប្រព័ន្ធ Online ផ្ទាំងរូបភាពអប់រំអំពីសុវត្ថិភាពម្ហូបអាហារ និងខិតប័ណ្ណអប់រំ អំពីអំពើមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងប្រេងឥន្ធនៈ។
ជាមួយគ្នានោះ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២០ អគ្គនាយកដ្ឋាន ក.ប.ប. បានជួបពិភាក្សាការងារ និងផ្សព្វផ្សាយការអនុវត្តន៍ច្បាប់ និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងវិស័យប្រេងឥន្ធនៈ ដល់បណ្តាក្រុមហ៊ុនប្រេងឥន្ធនៈធំៗ ចំនួន១០ រួចមកហើយ។
ថ្មីៗនេះក្នុងមករា ឆ្នាំ២០២១ វគ្គបណ្តុះបណ្តាលខាងលើ ត្រូវបានធ្វើឡើងនៅតាមបណ្តាខណ្ឌ នៅក្នុងរាជធានីភ្នំពេញ ចំនួន៤លើក ខេត្តតាកែវ១លើក ខេត្តព្រៃវែង១លើក ខេត្តក្រចេះ១លើក និងបន្តរៀបចំវគ្គបណ្តុះបណ្តាលនេះ ដល់គ្រប់រាជធានី ខេត្តទាំងអស់ ដើម្បីឲ្យអាជីវករ ជាម្ចាស់ស្ថានីយ និងដេប៉ូចែកចាយប្រេងឥន្ធនៈ បានយល់ដឹងពីការអនុវត្តច្បាប់របស់មន្ត្រី នៃអគ្គនាយកដ្ឋាន ក.ប.ប. ជាមុន និងធ្វើការកែតម្រូវ ដោយស្ម័គ្រចិត្ត ដើម្បីចៀសផុតពីការទទួលខុសត្រូវ ចំពោះមុខច្បាប់ជាធរមាន៕