(ភ្នំពេញ)៖ លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានឲ្យដឹងថា ការរីកសាយភាយនៃវ៉ាក់សាំងកូវីដ១៩ នឹងធ្វើឲ្យមានការត្រឡប់មកវិញ របស់វិនិយោគិនបរទេស នៅប្រទេសកម្ពុជា។
លោកបានឲ្យដឹងថា «វិនិយោគិនបរទេសនឹងអាចត្រឡប់មកវិនិយោគ នៅក្នុងប្រទេសកម្ពុជា នៅពេលវ៉ាក់សាំងការពារជំងឺកូវីដ១៩ រីកសាយភាពលើពិភពលោក ក្នុងអំឡុងខែកក្កដា និងសីហា ខណៈបច្ចុប្បន្នប្រទេសមួយចំនួន បានទទួលវ៉ាក់សាំងកូវីដ១៩ រួចរាល់ផងដែរ»។
លោកបានបន្ថែមថា សម្រាប់វិនិយោគិនបរទេស ពួកគេគិតលើចំណុចសំខាន់២យ៉ាងគឺ មុននឹងត្រៀមខ្លួនចូលមកវិនិយោគ គឺខ្លួនទទួលបានវ៉ាក់សាំងការពារ និងតំបន់ដែលនឹងចូលមកវិនិយោគ មានវ៉ាក់សាំងការពារ ដើម្បីធានាបានថា មិនមានការប្រឈមនៃការឆ្លងជំងឺ ទោះបីពួកគាត់មានវ៉ាក់សាំងរួចរាល់ក៏ដោយ។
លោកបានបន្ដថា ឆ្នាំ២០២១ជាឆ្នាំដែលវិនិយោគិន ចាប់ផ្ដើមរវល់ជាបណ្ដើរៗ ពោលក្នុងខែមករានេះ មានអ្នកវិនិយោគមួយចំនួនចាប់ផ្ដើម មើលពីវិស័យអចលនទ្រព្យ និងចាប់ផ្ដើមចរន្ដទិញលក់ជាមួយដៃគូផងដែរ។
លោក ច្រឹក សុខនីម ក៏បានបញ្ជាក់ផងដែរអំពីការទិញលក់លើវិស័យដីធ្លីក្នុងឆ្នាំ២០២០កន្លងទៅថា ទោះបីស្ថិតក្នុងវិបត្តិកូវីដ១៩ ប៉ុន្ដែវិស័យអចលនទ្រព្យមិនបានថមថយ ឬធ្លាក់ថ្លៃនោះឡើយ។
លោក ច្រឹក សុខនីម បានឲ្យដឹងថា «ចរន្ដនៃការទិញលក់វិស័យដីធ្លីក្នុងឆ្នាំ២០២០ មានការធ្លាក់ចុះខ្លះ ប៉ុន្ដែសម្រាប់តម្លៃនៃការលក់មិនបានថមថយឡើយ។ មិនបានថមថយដោយសារតែ ចរន្ដទិញលក់ក្នុងស្រុកមិនបានធ្លាក់ចុះ ធ្លាក់ចុះតែការទិញលក់ពី សំណាក់វិនិយោគិនបរទេស ដែលមិនអាចចូលមកវិនិយោគ នៅក្នុងប្រទេសកម្ពុជាបាន ព្រោះតែការរីករាលដាលនៃជំងឺកូវីដ១៩»។
លោកបានបន្ដថា ទោះជាយ៉ាងណាក្ដីវិស័យអចលនទ្រព្យនៅកម្ពុជា នៅតែបន្ដភាពរឹងមាំ គ្រាន់តែបាត់មួយចំណែកនៃការចូលរួមវិនិយោគ ពីសំណាក់វិនិយោគិនបរទេសប៉ុណ្ណោះ។
លោក គាម សៀកឡុង ទីប្រឹក្សាផ្នែកអាជីវកម្មអចលវត្ថុ សមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជា បានលើកឡើងថា ចរន្ដនៃការទិញលក់ខុនដូមាន២ច្រកសំខាន់ៗគឺ ភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស ជាក់ស្ដែងបន្ទាប់ពីការរីករាលដាល នៃជំងឺកូវីដ១៩ មកឃើញថា ការទិញលក់ និងជួលខុនដូមានការធ្លាក់ចុះ៕