(ភ្នំពេញ)៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំប្រចាំខែមករា និងទិសដៅបន្តសម្រាប់ខែកម្ភៈ ឆ្នាំ២០២១ ក្រោមអធិបតីលោកឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម ស្នងការរងតំណាងលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ក្នុងកិច្ចប្រជុំនេះដែរ ក៏មានការចូលរួមពីលោកស្នការរង លោកនាយការិយាល័យ លោកអធិការ អធិការរងទទួលការងារប្រតិកម្មរហ័ស លោកនាយប៉ុស្តិ៍ និងក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សផងដែរ។
លោកវរសេនីយ៍ឯក សាន សុខសីហា ជំនួយការលោកឧត្តមសេនីយ៍ឯក ស ថេត និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានរាយការណ៍របាយការណ៍ប្រចាំខែមករា ជូនអង្គប្រជុំទាក់ទងទៅកង្វល់របស់ ប្រជាពលរដ្ឋដែលបានទាក់ទងមកលេខប្រតិកម្មរហ័ស ក៏ដូចជាខំមិន «Comment» ចូលមកក្នុងផេកអង្គភាព រួមមានករណីប្រើប្រាស់គ្រឿងញៀន ករណីហិង្សាករណីក្មេងទំនើង ករណីកកស្ទះចរាចរណ៍ ករណីរៀបចំសណ្តាប់ធ្នាប់ ករណីចាក់ធុងបាស់បង្កសម្លេងរំខាន ដោយធ្វើយ៉ាងណាត្រូវតែចូលរួមសហការគ្នាតាមដានឆ្លើយតប ដោះស្រាយ និងចាត់វិធានការណ៍ជូនប្រជាពលរដ្ឋឱ្យបានឆាប់រហ័ស និងទាន់ពេលវេលា ជាពិសេសចូលរួមបង្ការ ទប់ស្កាត់រាល់បទល្មើសនានាកុំឱ្យកើតមានឡើងនៅតាមមូលដ្ឋាន។
លោកលោកវរសេនីយ៍ឯក សាន សុខសីហា បានបន្តថា ម្យ៉ាងវិញទៀតក្នុងនាមមន្ត្រីបម្រើប្រជាពលរដ្ឋ ត្រូវតែទទួលខុសត្រូវខ្ពស់លើការបំពេញតួនាទីភារកិច្ច ត្រូវប្រើប្រាស់សម្តី និងកាយវិការឱ្យបានសមរម្យ ត្រូវប្រចាំការទទួលពាក្យបណ្តឹងប្រជាពលរដ្ឋ ២៤/២៤ម៉ោង ជាពិសេសត្រូវផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋឱ្យបានលឿនបំផុត។
សមាជិក នៃអង្គប្រជុំក៏មានការចូលរួមមតិ និងការបកស្រាយបំភ្លឺរបស់របស់លោកនាយការិយាល័យ លោកអធិការ និងលោកប៉ុស្តិ៍ ដើម្បីឆ្លើយតបតបទៅនឹងក្តីកង្វល់របស់ប្រជាពលរដ្ឋផងដែរ។
ឧត្តមសេនីយ៍ត្រី ស៊ុម សុឃីម តំណាងលោកស្នងការ បានចូលរួមមតិល្អៗដល់អង្គប្រជុំ និងបានសរសើរដល់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ដែលបានខិតខំបំពេញភារកិច្ចបានយ៉ាងល្អក្នុងការដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ នាពេលកន្លងមក៕